(ភ្នំពេញ)៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃនេះបានលើកឡើងថា ការអភិវឌ្ឍ ការលើកកម្ពស់ ការយល់ដឹងពីគីមីបៃតង មានសារសំខាន់ណាស់ នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។
ការលើកឡើងរបស់ប្រធានរាជបណ្ឌិត្យសភាកម្ពុជារូបនេះ បានធ្វើឡើងនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅក្នុងឱកាសដែរលោកបានអញ្ជើញបើកសន្និសីទលើកទី០៩ស្តីពី «គិមី និងជីវិត» នៅវិទ្យាស្ថានជាតិអប់រំ ដោយមានការអញ្ជើញពីសំណាក់ លោកបណ្ឌិតសភាចារ្យ នេត បារ៉ុម ប្រធានក្រុមប្រឹក្សាពិបាលសមាគមគីមីកម្ពុជា, តំណាងមន្ទីរអប់រំខខេត្តទូទាំងរាជធានី-ខេត្ត ប្រមាណ៣០០នាក់។
លោកបណ្ឌិតសភាចារ្យ សុខ ទូច បានបន្តថា ប្រទេសកម្ពុជា នៅមានបញ្ហាជាច្រើន ដែលយើងត្រូវធ្វើការត្រួតពិនិត្យ និងស្រាវជ្រាវជាប្រចាំ ដើម្បីធានាបាននូវសុវត្ថិភាពក្នុងការប្រើប្រាស់។ ដោយឡែក បញ្ហាសុខភាព និងចំណីអាហារនៅតែជាបញ្ហាចម្បងមួយដែលត្រូវតែគិតគូរ និងយកចិត្តទុកដាក់ជាទីបំផុត ព្រោះវាប៉ះពាល់ខ្លាំងដល់សុខភាពពលរដ្ឋនៅក្នុងសង្គម ហើយក៏ជាកត្តាមួយប៉ះពាល់ ដល់ការអភិវឌ្ឍជាតិផងដែរ។ បញ្ហាបរិស្ថាន គុណភាពទឹក គុណភាពខ្យល់ សំណល់រឹង ចរាចរណ៍ និងបណ្តាលសសារធាតុគីមីដែលមានគ្រោះថ្នាក់ ក៏ជាបញ្ហាគ្រោះថ្នាក់មួយផ្សេងទៀត ប្រសិនបើយើងមានការធ្វេសប្រហែស។
ប្រធានរាជបណ្ឌិត្យសភាកម្ពុជា និងជាអតីតអ្នកវិភាគរសង្គមនៅកម្ពុជារូបនេះ បានបន្ថែមយ៉ាងដូច្នេះថា៖ «ប្រការនេះទាមទារ ឱ្យមានការស្រាវជ្រាវឥតឈប់ឈរ ដើម្បីត្រួតពិនិត្យ និងគ្រប់គ្រងរាល់បញ្ហាដែលពាក់ព័ន្ធឱ្យបានល្អ ដើម្បីធានានូវបរិយាកាសមួយដែល មានសុវត្ថិភាព និងអនាម័យដល់ជីវិតមនុស្ស សត្វ ដែលរស់នៅលើភពផែនដីនេះ [....] ដោយឡែកការអភិវឌ្ឍ ការលើកកម្ពស់ ការយល់ដឹងពីគីមីបៃតងមានសារៈសំខាន់ណាស់នៅក្នុងដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម»។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់ថា ការយល់ដឹងពីគីមីបៃតង គឺអាចជួយឱ្យយើងយល់ដឹងពីអត្ថប្រយោជន៍ និងឥទ្ធិពល នៃសារធាតុគីមី និងសម្ភារៈលើសង្គម ចេះជ្រើសរើសសារធាតុគីមី និងសម្ភារក្នុងបរិមាណតូចៗ សម្រាប់ធ្វើពិសោធន៍ ដែលប៉ះពាល់តិចបំផុត កាត់បន្ថយសំណល់សារធាតុគីមី និងសម្ភារដែលមានគ្រោះថ្នាក់ និងការចំណាយច្រើនក្នុងការធ្វើពិសោធន៍។ ការបង្កើនការយល់ដឹង និងសមត្ថភាពស្រាវជ្រាវពីមុខជំនាញជាតម្រូវការចាំបាច់ ដើម្បីជាទុនក្នុងការរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូទាំងអស់ និងដើម្បីផ្សារភ្ជាប់ទ្រឹស្តី និងការអនុវត្ត ហើយមុខវិជ្ជាគីមី ជាមុខវិជ្ជាដេលចេញពីការពិសោធន៍ជាក់ស្តែងថែមទៀត។
លោកបណ្ឌិត សុខ ទូច បានបញ្ជាក់បន្ថែមទៀតថា ការបណ្តុះបណ្តាលជំនាញមន្ទីរពិសោធ គឺជាប្រការមួយសំខាន់ដល់លោកគ្រូ អ្នកគ្រូគីមី ថ្មីត្បិតតែក្នុងដំណាក់កាលបច្ចុប្បន្ននេះ យើមានមន្ទីរពិសោធន៍មិនគ្រប់គ្រាន់ទៅតាមតម្រូវការជាក់ស្តែងនៅឡើយ ក៏ប៉ុន្តែគំនិតច្នៃប្រឌិតរកអ្វីដែលថ្មីៗ និងបត់បែនទៅតាមស្ថានភាពជាក់ស្តែង គឺជាទេពកោលសល្យមួយទៀត ដែលលោកគ្រូ អ្នកគ្រូអាចស្រាវជ្រាវ និងធ្វើបានតាមលទ្ធភាពដែលមានដើម្បីពង្រឹងការអប់រំវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា៕