(បាត់ដំបង)៖ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ មន្ត្រីកាំកុងត្រូលខេត្តបាត់ដំបង និងគ្រប់ស្ថាប័នពាក់ព័ន្ធ បានយកសាច់មាន់ខូចគុណភាពជាង១,០៥៥ គីឡូក្រាម និងនំចំរុះខូចគុណភាព៥០គីឡូក្រាម ដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើ ទៅដុតចោលក្រោយការចុះត្រួតពិនិត្យ និងស្ទាក់ចាប់បានទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អូររំដួល។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់ទំនិញខូចគុណភាព និងសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញបានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យទំនិញនាំចូលពីប្រទេសថៃ នៅមាត់ច្រកប៉ុស្តិ៍អូររំដួល ដោយស្ទាក់ចាប់បានកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នូវសាច់ខូចគុណភាពដូចជា៖ សាច់មាន់, ស្លាបមាន់, ជើងមាន់, និងឆ្អឹងមាន់ ខូចគុណភាព ១,០៥៥ គីឡូក្រាម នំខូចគុណភាពចំរុះ ៥០គីឡូក្រាម ដែលបង្កប់ក្នុងរទេះដឹកបន្លែ-ផ្លែឈើ។
លោកប្រធានបានបញ្ជាក់ថា មន្រ្តីជំនាញនៅតែបន្តចុះជាប្រចាំ ដើម្បីអប់រំផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ នៅតាមទីតាំងលក់ទំនិញ ឬអប់រំដោយផ្ទាល់ ប្រាប់ពីផលប៉ះពាល់សុខភាព ដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ និងធ្វើការត្រួតពិនិត្យរាល់ការនាំចូល និងការដាក់តាំងលក់ទំនិញខូចគុណភាព ដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍នៅលើទីផ្សារឡើយ ហើយក៏អំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាពធ្វើឲ្យប៉ះពាល់សុខភាពបងប្អូនទៅថ្ងៃក្រោយ៕