(កំពង់ធំ)៖ ក្រោមគំនិតផ្តួចផ្តើមរបស់លោកបណ្ឌិត ងួន ញ៉ិល អនុប្រធានទី១ រដ្ឋសភាជាតិ និងមានការគាំទ្រជាសម្ភារ ថវិកា និងស្មារតីពីសប្បុរសជនដល់សិស្សជាប់និទ្ទេស A នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក សុខ លូ អភិបាលខេត្តកំពង់ធំ និងលោក ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានចុះជួបសំណេះសំណាល និងផ្តល់ប្រាក់រង្វាន់ដល់សិស្សជ័យលាភី ដែលប្រឡងជាប់បាក់ឌុប និទ្ទេស A ចំនួន១១នាក់ មកពីប្រាំមួយវិទ្យាល័យក្នុងខេត្តកំពង់ធំ ដោយក្នុងម្នាក់ៗទទួលបានម៉ូតូ១គ្រឿង ឡេបថប១គ្រឿង ទូរស័ព្ទដៃ១គ្រឿង និងថវិកា១០០ដុល្លារ។
ថ្លែងក្នុងឱកាសនោះ លោក សុខ លូ បានកោតសរសើរដល់សិស្សានុសិស្សទាំងអស់ ដែលបានប្រឡងជាប់និទ្ទេស A ដោយសមត្ថភាពរបស់ខ្លួន ហើយការទទួលបានលទ្ធផលជោគជ័យនេះ កើតចេញពីការខិតខំប្រឹងប្រែងសិក្សារៀនសូត្ររបស់ប្អូនៗ ក្រោមការជួយបង្រៀន និងផ្តល់ចំណេះដឹងពីលោកគ្រូអ្នកគ្រូ នៅតាមវិទ្យាល័យផងដែរ។
លោកបានណែនាំទៅកាន់យុវសិស្សជ័យលាភីថា «សូមក្មួយៗ បន្តយកចិត្តទុកដាក់បន្ថែមទៀតទាំងភាសាជាតិ និងភាសារបរទេស ព្រោះបច្ចុប្បន្ននេះប្រទេសកម្ពុជា កំពុងអភិវឌ្ឍន៍មានកំណើនសេដ្ឋកិច្ច មានអ្នកវិនិយោគិនអន្តរជាតិជាច្រើន បានមកបណ្ដាក់ទុននៅកម្ពុជា ដូចនេះកម្ពុជា ត្រូវការអ្នកមានចំណេះដឹង ដើម្បីបំរើការងារតាមបណ្ដាក្រុមហ៊ុន និងស្ថាប័នរដ្ឋផ្សេងៗ ដើម្បីរួមគ្នាជំរុញការអភិវឌ្ឍប្រទេសជាតិជាមួយរាជរដ្ឋាភិបាលកម្ពុជា»។
លោក សុខ លូ ក៏បានផ្តាំផ្ញើដល់យុវសិស្សជំនាន់ក្រោយ ត្រូវស្ដាប់ការណែនាំរបស់មាតាបិតា លោកគ្រូ អ្នកគ្រូ ខិតខំរៀនសូត្រជៀសឲ្យឆ្ងាយពីគ្រឿងញៀន ដើម្បីក្លាយជាសិស្សល្អកូនល្អ ពលរដ្ឋល្អជាទំពាំងស្នងឬស្សីពិតប្រាកដនៃប្រទេសជាតិ។
លោកក៏បានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានជួយគាំទ្រជាសម្ភារ ថវិកា និងស្មារតី ដល់សិស្សជាប់និទ្ទេស A ក្នុងនោះមានលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក នង វាសនា អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ លោក ងួន រាសី នាយកខុទ្ទកាល័យលោកបណ្ឌិត ងួន ញ៉ិល លោក ឬទ្ធី រស្មី ទីប្រឹក្សាលោកបណ្ឌិត ងួន ញ៉ិល លោក យៀប ហេង ទីប្រឹក្សាលោកបណ្ឌិត ងួន ញ៉ិល។
តាមការបញ្ជាក់របស់លោក ជូ វុនធី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានលើកឡើងថា លទ្ធផលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង២០ សីហា ២០១៨ លទ្ធផលប្រឡងមាន បេក្ខជនក្នុងបញ្ជី៤,៤៨៤នាក់ ស្រី ២,៤៣៩នាក់ បេក្ខជនបានមកប្រឡងសរុប ៤,៤៣៤នាក់ ស្រី ២,៤១៨នាក់ ក្នុងនោះ បេក្ខជនថ្នាក់វិទ្យាសាស្ត្រ ១,៨៥១នាក់ ស្រី១,០៤៧នាក់ បេក្ខជនផ្នែកវិទ្យាសាស្ត្រសង្គម ២,៥៨៣នាក់ស្រី ១,៣៧១នាក់ បេក្ខជនប្រឡងជាប់សរុប ៣,៣០៥នាក់ស្មើនឹង ៧៤.៥៤ភាគរយ ស្រី ១,៨៥៣នាក់ ស្មើនឹង៧៦.៦៣ភាគរយ ក្នុងនោះផ្នែកវិទ្យាសាស្ត្រជាប់បាន ៩៧៧នាក់ ស្រី ៥៧០នាក់ ផ្នែកវិទ្យាសាស្ត្រសង្គមជាប់បាន ២,៣២៨នាក់ ស្រី ១,២៨៣នាក់ បើប្រៀបធៀបលទ្ធផលទៅនឹងឆ្នាំ២០១៧ គឺសិស្សប្រឡងជាប់កើនឡើងបាន២.០៦ភាគរយ។
ចំពោះយុវសិស្សទទួលបាននិទ្ទេសAទាំង១១នាក់រួមមាន៖
*ទី១៖ ឈ្មោះ តាន់ សុដាលីន ស្រី មកពីវិទ្យាល័យកំពង់ធំ លំដាប់លេខ៩៩,៩៩៣
*ទី២៖ ឈ្មោះ ភាគ សុភា ប្រុស មកពីវិទ្យាល័យកំពង់ធំ លំដាប់លេខ៩៩,៩៧៩
*ទី៣៖ ឈ្មោះ ឡូច ស្រីណុច ស្រី មកពីវិទ្យាល័យកំពង់ធំ លំដាប់ពិន្ទុ៩៩,៩៥៧
*ទី៤៖ ឈ្មោះ មាស ផល្លី ប្រុស មកពីវិទ្យាល័យកំពង់ធំ លំដាប់ពិន្ទុ ៩៩,៩៣៩
*ទី៥៖ ឈ្មោះ អាន គឹមហុង ស្រី មកពីវិទ្យាល័យ កំពង់ឈើទាលលំដាប់ពិន្ទុ៩៩,៩២៧
*ទី៦៖ ឈ្មោះ ជីវ គឹមឈ័រ ស្រី មកពីវិទ្យាល័យកំពង់ធំ លំដាប់ពិន្ទុ ៩៩,៩១៥
*ទី៧៖ ឈ្មោះ តាន់ សៀងហ៊ត ប្រុស មកពីវិទ្យាល័យហ៊ុន សែនបល្ល័ង្គ លំដាប់ពិន្ទុ ៩៩,៨៥៩
*ទី៨៖ ឈ្មោះ ហាំ ចាន់ណា ស្រី មកពីវិទ្យាល័យជាស៊ីមកំពង់ថ្ម លំដាប់ពិន្ទុ ៩៩,៨៤៦
*ទី៩៖ ឈ្មោះ ហ៊ាន់ ហូ ប្រុស មកពីវិទ្យាល័យទួលក្បិល លំដាប់ពិន្ទុ ៩៩,៧៤៨
*ទី១០៖ ឈ្មោះ បួង ចាន់ណាវង្ស ប្រុស មកពីវិទ្យាល័យតាំងក្រសាំង លំដាប់ពិន្ទុ ៩៩,៧០៧
*ទី១១៖ ឈ្មោះ ម៉ុន ហ្សានីតា ស្រី មកពីវិទ្យាល័យកំពង់ធំ លំដាប់ពិន្ទុ ៩៩,៦៩០៕