(ភ្នំពេញ)៖ អតីតព្រះចៅអធិការវត្តរតនៈដែកជះ ហៅវត្តកំពង់ក្តុល ឈ្មោះ មាជ សុវណ្ណ ត្រូវបានលោក ចែ សុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឲ្យបញ្ជូនទៅផ្តាច់គ្រឿងញៀន នៅមណ្ឌលឱកាសខ្ញុំ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ។
អ្វីដែលគេចាប់អារម្មណ៍ មន្ត្រីដែលមានសំលៀកបំពាក់ស៊ីវិល ត្រូវបានគេស្គាល់ថា ជាកម្លាំងនគបាលព្រហ្មទណ្ឌខណ្ឌដង្កោ បាននាំបុគ្គលសង្ឃដាច់សីលរូបនេះមកតុលាការ ក្នុងរូបភាពបន្លំជាភ្ញៀវ ដោយឱ្យពាក់មួកពាក់ម៉ាស់ និងបណ្តើរគ្នាជាធម្មតា ពោលគឺជាការរៀបចំ ដើម្បីជួយដល់ជនដែលកំពុងតែប្រឈមនឹងច្បាប់ ប្រឈមនឹងមហាជនរិះគន់ ជាពិសេសវិស័យព័ត៌មាន កុំឱ្យបានដឹង។
ខុសពីជនសង្ស័យដ៏ទៃទៀត ដែលមានបទល្មើសត្រឹមលួចមាន់ លួចកង់ ត្រូវនគរបាលខណ្ឌដង្កោ ចាប់យកមកតុលាការ ដោយដាក់ខ្នោះដៃជាប់គ្នាណែងណង ខ្លះគ្មានទាំងអាវ គ្មានទ្រនាប់ជើងជាដើម។
គួរំលឹកថា មានការផ្ទុសារជាថ្មីជុំវិញនឹងរឿងដែលបងប្អូន ប្រជាពលរដ្ឋនៅក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ តវ៉ាឲ្យព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយនារីម្នាក់ រហូតមានកូនស្រីអាយុ២ឆ្នាំថែមទៀតផង ត្រូវតែផ្សិកនឹងបណ្តេញចេញពីវត្ត។
តាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋ ព្រះចៅអធិការវត្ត មាជ សុវណ្ណ បានមានស្នេហាជាមួយនារីម្នាក់ អស់រយៈពេលច្រើនឆ្នាំមកហើយ ដោយរឿងនេះពុទ្ធបរិស័ទជាច្រើន បានដឹងនឹងបានស្នើសុំឲ្យមានការចាប់ផ្សឹកសង្ឃអង្គនេះ រហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ច ពីរទៅបីដងមកហើយ ប៉ុន្តែដោយគ្មានភ័ស្តុតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេស ខាងធម្មការខណ្ឌដង្កោ មិនសម្រេចផ្សឹកឡើយ ដោយតបទៅពុទ្ធបរិស័ទថា ត្រូវតាមដាននឹងចាប់ភ័ស្តុតាងជាក់ស្តែងឲ្យបានសិន។
ប្រជាពលរដ្ឋបន្តថា រហូតមកដល់យប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ពួកគាត់បានដាក់គ្នាតាមដានតាំងពីព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី១៨ ខែកញ្ញ ក៏ឃើញព្រះសង្ឃ អង្គនេះជិះម៉ូតូឌុបគ្នាជាមួយនារីកំណាន់ចិត្តចេញពីផ្ទះ ឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ នឹងនារីកំណាន់ចិត្តប្រគល់ឲ្យសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីប្រជាពលរដ្ឋតាមទាន់នឹងមានភ័ស្តុតាងជាក់ស្តែង ចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេជគុណ មាជ សុវណ្ណ សមត្ថកិច្ចសម្រេចឃាត់ប្រគល់ឲ្យអនុគុណ និងមន្ត្រីធម្មការខណ្ឌដង្កោ បន្តនីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា។
ជុំវិញរឿងរ៉ាវខាងលើនេះ អតីតព្រះអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនៅទង្វើបែបនេះមែនហើយ ព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខា បទពីព្រះពុទ្ធសាសនាទៅរស់នៅធម្មតាដូចពលរដ្ឋទូទៅ។
បើតាមលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោ បានបញ្ជាក់ថា ទោះបីយ៉ាងណាក៏ដោយ សមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ក្រោយពីពិនិត្យឃើញថា បុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ថ្នាំញៀន៕