(បាត់ដំបង)៖ មន្រ្តីកាំកុងត្រូលសាខាខេត្តបាត់ដំបង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារទំនើប ហេងឆៃលី ក្នុងក្រុងបាត់ដំបង ដោយដកហូតទំនិញខូចគុណភាពចំរុះសរុបប្រមាណ១៧គីឡូក្រាម យកមករក្សាទុកនៅសាខាដើម្បីដុតកម្ទេចចោលនៅពេលក្រោយ កាលពីសប្តាហ៍មុន។
លោក ហាក់ សុខរិន ប្រធានសាខាកាំកុងត្រូល បានឲ្យដឹងថា ដើម្បីទប់ស្កាត់រាល់ទំនិញខូចគុណភាព និងសុខភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ មន្រ្តីជំនាញយើង បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់ ដើម្បីស្វែងរកទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញជាម្ហូបអាហារដែលដាក់សារធាតុគីមី ហាមឃាត់នៅផ្សារ ដោយដកហូតទំនិញខូចគុណភាព ចម្រុះសរុបប្រមាណ១៧គីឡូក្រាមនៅផ្សារទំនើប ហេងឆៃលី។
បើតាមមន្រ្តីកាំកុងត្រូលបានបញ្ជាក់ឡើងវិញថា ពេលចុះត្រួតពិនិត្យនោះក្រុមការងារ មិនបានរកឃើញទំនិញខូចគុណភាព មាននៅផ្សារទំនើបឡាក់គីនោះឡើយ។
លោកប្រធានបានបញ្ជាក់ថា «មន្រ្តីជំនាញយើងនៅតែបន្តចុះជាប្រចាំដើម្បីអប់រំ ផ្សព្វផ្សាយ តាមរយៈបិទស្ទីកឃើ ឬដោយផ្ទាល់ នៅតាមកន្លែងលក់គ្រប់ទីកន្លែង ប្រាប់ពីផលប៉ះពាល់សុខភាព ដោយសារចំណីអាហារ ដាក់លក់នៅលើទីផ្សារ និងធ្វើការត្រួតពិនិត្យរាល់ការនាំចូល និងការដាក់តាំងលក់ទំនិញខូចគុណភាពដាក់លាយសារធាតុគីមី គ្មានកាលបរិច្ឆេទច្បាស់លាស់ មិនឲ្យមានធ្វើចរាចរណ៍លក់ដូរនៅលើទីផ្សារបន្តទៀត»។
លោកសូមអំពាវនាវដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នមុននឹងទិញទំនិញលើទីផ្សារ ពិសេសចំណីអាហារប្រចាំថ្ងៃ សូមពិនិត្យឲ្យបានច្បាស់លាស់ជាមុនសិន ជៀសវាងប៉ះទំនិញខូចគុណភាពធ្វើឲ្យប៉ះពាល់ សុខភាពបងប្អូនទៅថ្ងៃក្រោយ៕