(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨នេះ បានមកជួបគ្រូៗ នៅវិទ្យាល័យព្រះស៉ីសុវត្ថិ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ពិសេសបាតុភាពប៉ុន្មានថ្ងៃនេះ ដែលមានការតវ៉ា មិនចង់ឲ្យមានការផ្លាស់ប្តូរ នាយកសាលា ក៏ដូចជា បញ្ហាដែលមានពាក្យអកុសលថា សាលានេះនឹងត្រូវដូរទៅជាសាលាឯកជនវិញ។
បើតាមលោក ហង់ ជួនណារ៉ុន នៅក្នុងកិច្ចប្រជុំបើកទ្វារដំបូង បានអនុញ្ញាតឲ្យអ្នកសារព័ត៌មានស្តាប់បានបន្តិចនោះ បានបង្ហើយឲ្យដឹងថា នៅថ្ងៃនេះនឹងមានការបោះឆ្នោតជាសម្ងាត់ ដើម្បីឲ្យមានការសម្រេចថា តើចង់រក្សាទុកនាយកនៃសាលានេះ ឬត្រូវដូរចេញ?។ លោកបន្តថា ការដោះដូរនឹងសម្រេចទៅតាមសម្លេងឆ្នោតភាគច្រើន របស់គ្រូដែលបង្រៀងនៅសាលាព្រះស៉ីសុវត្ថិ។
សូមបញ្ជាក់ថា ក្នុងរយៈពេលពីរថ្ងៃនេះ គ្រូៗបង្រៀននៅសាលាព្រះស៊ីសុវត្ថិ និងសិស្សមួយចំនួន បាននាំគ្នាចេញមកលើកបដាតវ៉ាជាបន្តបន្ទាប់ ដោយមិនចង់ឲ្យមានកម្មវិធី «សាលាជំនាន់ថ្មី NGS» នៅក្នុងសាលាព្រះស៊ីសុវត្ថិ ក្រោមហេតុផលថា កម្មវិធីនេះនាំឲ្យមានការបែងចែករវាងគ្រូ និងគ្រូ សិស្ស និងសិស្ស។
ប៉ុន្តែមន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ បានបញ្ជាក់ថា គោលបំណងរបស់សាលារៀនជំនាន់ថ្មី គឺការបង្កើតសាលារដ្ឋដែលរក្សាបានស្តង់ដារនៃការអប់រំបានខ្ពង់ខ្ពស់បំផុតតាមរយៈការវិនិយោគថវិកាច្រើន និងផ្តោតទៅលើការពង្រឹងតម្លាភាព និងទទួលខុសត្រូវដោយការផ្លាស់ប្តូរវិធីគ្រប់គ្រងសាលា។ នេះគឺជាការខុសប្លែកពីវិធីសាស្ត្រប្រពៃណីរបស់រដ្ឋាភិបាល ដែលរមែងតែងតែបែងចែកមូលនិធិស្មើៗគ្នាទាំងអស់។
ប្រសិនបើមិនមានការទទួលខុសត្រូវក្នុងការគ្រប់គ្រងសាលារៀនទេនោះ សម្ភារបរិក្ខារដូចជាបន្ទប់ពិសោធវិទ្យាសាស្ដ្រនឹងមិនត្រូវបានប្រើប្រាស់ឲ្យអស់ពីសមត្ថភាពទេពីព្រោះគ្រូបង្រៀនរវល់តែស្វិតស្វាញក្នុងការបង្រៀនគួរយកលុយក្រៅម៉ោងវិញ និងមានភាពលម្អៀងទៅលើសិស្សរៀនគួរជាងសិស្សដែលមិនមានលុយរៀនគួរ៕