(ភ្នំពេញ)៖ ប្រភពពីមន្ត្រីនគរបាលការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ជនបង្កគ្រោះថ្នាក់ចរាចរណ៍ម្នាក់ត្រូវបាន លោក ពេជ្រ វិជ្ជាធរ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួន កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ចំណែកជនសង្ស័យ២នាក់ ដែលជាជនបង្កគ្រោះថ្នាក់ចរាចរណ៍ដែរនោះម្នាក់ត្រូវបានលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង និងម្នាក់ទៀតត្រូវបាន លោក សឿ ឡងឌី ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែងឲ្យទៅផ្ទះវិញដែរ។
ពាក់ព័ន្ធការដោះលែងជនសង្ស័យ២នាក់ ក្នុងចំណោមជនបង្កទាំង៣នាក់នេះ លោកព្រះរាជអាជ្ញារង សឿ ឡងឌី និងលោកព្រះរាជអាជ្ញារង ហ៊ឹង ប៊ុនថន បានបញ្ជាក់តាមទូរស័ព្ទឲ្យដឹងប្រហាក់ហែលគ្នាថា ពួកលោកសម្រេចដោះលែងជនបង្កឲ្យទៅផ្ទះវិញ ដោយសារតែ រឿងនេះ ជនរងគ្រោះរងរបួសស្រាល ហើយជនបង្កបានសងសំណងទៅជនរងគ្រោះរួចរាល់ និងជនរងគ្រោះបានដកពាក្យបណ្តឹងដែរ ដូច្នេះពួកលោកសម្រេចបញ្ជូនតែសំណុំរឿងបន្ត ទៅចៅក្រមស៊ើបសួរតែប៉ុណ្ណោះ។
បើយោងតាមលោកវរសនីយ៍ឯក សែម គន្ធា នាយការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មានថា ជនសង្ស័យទាំង៣នាក់ពាក់ព័ន្ធករណីគ្រោះថ្នាក់ចរាចរណ៍៖
១៖ ករណីចរាចរណ៍ កើតហេតុកាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅ នៅចំណុចមុខបញ្ជាការដ្ឋានកងទ័ពជើងគោក ផ្លូវជាតិលេខ៤ ភូមិកំបូល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានី ភ្នំពេញ រវាងម៉ូតូ HONDA C125 និង អ្នកថ្មើរជើងបណ្តាល ឲ្យមនុស្សរងរបួសធ្ងន់ម្នាក់ ជនបង្កត្រូវបាន លោក សឿ ឡងឌី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង។
២៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលកណ្តាលយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅចំណុចមុខផ្សារ រាត្រីលើវិថីព្រះស៊ីសុវត្ថិកែងផ្លូវលេខ១០៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញរាជធានីភ្នំពេញ រវាងរថយន្ត TOYOTA SCION និង ម៉ូតូ HONDA ICON បណ្តាលឲ្យ មនុស្សរងរបួសធ្ងន់០២ នាក់ ដោយសារមូលហេតុរថយន្តបើកបត់ កាត់មុខមិនគោរពសិទ្ធិយានផ្លូវត្រង់ ជនបង្កត្រូវបាន លោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចដោះលែង។
៣៖ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតហេតុកាលពីរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨ នៅចំណុចមុខច្រកចូលសួនវឌ្ឍនៈ២ ផ្លូវជាតិលេខ៣ ភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ រាជធានីភ្នំពេញ រវាងម៉ូតូ SUZUKI LETs និងរថយន្ត HYUNDAI បណ្តាលឲ្យមនុស្ស ស្លាប់០២នាក់ ដោយមូលហេតុអ្នកបើកបរម៉ូតូមិនប្រកាន់ចំណែកផ្លូវរបស់ខ្លួន ជនបង្កត្រូវបាន ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជាបណ្តោះអាសន្ន៕