(ព្រៃវែង)៖ លោក នេត វន្ថា ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំថ្មពូន ស្រុកកញ្ចៀច ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំក្រុមការងារចុះជួយមូលដ្ឋាន យកអំណោយប្រគល់ជូនប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យ កាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយបំផ្លាញផ្ទះអស់មួយខ្នង។
ក្នុងពិធីនេះក៏មានការចូលរួមពី លោក ប៊ិន ជីវន្ត អភិបាលស្រុកកញ្ចៀច និងលោក ឃិន ចាប មេឃុំ និងជាមេបក្សឃុំថ្មពូន ព្រមទាំងក្រុមប្រឹក្សា ប្រធានភូមិព្រាលទី១។
ក្នុងឱកាសនោះ លោក នេត វន្ថា បាននាំយកនូវគ្រឿងបរិភោគឧបភោគ និងសម្ភារប្រើប្រាស់មួយចំនួនរួមមាន អំណោយរបស់ប្រធានក្រុមការងារចុះជួយបក្សឃុំ អង្ករចំនួន០១បេ, ត្រីខចំនួន០២យួរ, ទឹកស៊ីអ៊ីវចំនួន០១យួរ, ទឹកត្រីចំនួន០១យួរ, មីចំនួន០២កេស, មុងចំនួន០២, ភួយចំនួន០២, ក្រមាចំនួន០២ និងថវិកាចំនួន៣០០,០០០រៀល។
ជាមួយគ្នានេះ អភិបាលស្រុកកញ្ចៀច និងព្រះសង្ឃវត្តថ្មពូន បានឧបត្ថម្ភ អង្ករចំនួន៦០គីឡូក្រាម, មីចំនួន០៣កេស, ទឹកត្រីចំនួន ០២យួរ, ទឹកស៊ីអីវចំនួន០២យួរ, តង់ចំនួន០១, ចាន ឆ្នាំង ចង្ក្រាន (សម្ភារប្រើប្រាស់ក្នុងប្រចាំថ្ងៃ) និងថវិកាចំនួន៥៧០,០០០រៀល។ ដោយឡែក ថវិកាជាមូលនិធិប្រធានភូមិព្រាលទី១ ចំនួន៥៦០,០០០ម៉ឺនរៀល។
បន្ថែមពីនេះ លោក នេត វន្ថា បានណែនាំដល់គ្រួសាររងគ្រោះ ត្រូវតែបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់បន្ថែមទៀត ដើម្បីកុំឲ្យមានគ្រោះថ្នាក់នេះកើតឡើងម្ដងទៀត៕