(តូក្យូ)៖ ក្នុងឱកាសទៅចូលរួមប្រជុំតុមូលថ្នាក់រដ្ឋមន្ត្រីទេសចរណ៍លើកទី២ និងក្នុងឱកាសចូលរួមពិព័រណ៍ JATA នៅទីក្រុងតូក្យូ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារដាច់ដោយឡែកជាមួយលោក Hiroyuki Takahashi ប្រធាន និងជាគណៈប្រតិបត្តិក្រុមហ៊ុនទេសចរណ៍ជប៉ុន Japan Travel Bureau JTB ដែលជាក្រុមហ៊ុនទេសចរណ៍ដ៏ធំនៅជប៉ុន។
លោករដ្ឋមន្ត្រី ថោង ខុន ក៏បានជួបពិភាក្សាការងារជាមួយលោក Kazufumi TAKAI ប្រធានក្រុមហ៊ុន Asia Pacific Express Tour APEX និងលោកស្រី Yuko ISHIDA អនុប្រធានសាកលវិទ្យាល័យសេដ្ឋកិច្ចហីរ៉ូហ្សីម៉ា (Hiroshima University of Economics = HUE) ដែលក្នុងនោះគោលដៅវិនិយោគផលិតផលទេសចរណ៍ជាច្រើននៅកម្ពុជា ត្រូវបានលោករដ្ឋមន្ត្រីលើកបង្ហាញយ៉ាងក្បោះក្បាយ ដើម្បីទាក់ទាញការវិនិយោគបន្ថែមពីក្រុមហ៊ុនទេសចរណ៍ទាំងនេះ។
លោករដ្ឋមន្ត្រីបានឱ្យដឹងថា ក្នុងកិច្ចពិភាក្សាជាមួយក្រុមហ៊ុនទាំងបីខាងលើ ដែលធ្វើឡើងនាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នោះ ក៏ផ្តោតសំខាន់លើការរិះរកវិធីជំរុញទេសចរជប៉ុនមកកម្ពុជា ក៏ដូចជាទេសចរប្រទេសទី៣ពីជប៉ុនមកកម្ពុជា និងទេសចរកម្ពុជា និងប្រទេសទី៣ពីកម្ពុជាទៅជប៉ុន ព្រមទាំងការផ្លាស់ប្តូរទស្សនកិច្ចរបស់និស្សិត ឱ្យបានកាន់តែច្រើនថែមទៀតផងដែរ។
លោករដ្ឋមន្ត្រីបានបន្តថា គ្រប់ភាគីបានឯកភាពគ្នាថា ការជំរុញបង្កើតផលិតផលទេសចរណ៍ថ្មីៗ រួមមាន៖ ការបង្កើតតំបន់ទេសចរណ៍សម្រាប់សម្រាកកម្សាន្ត រួមទាំងការយកចិត្តទុកដាក់ការពង្រឹងការអកិវឌ្ឍសហគមន៍ទេសចរណ៍ស្អាត និងបៃតងតាមស្តង់ដាសហគមន៍ទេសចរណ៍អាស៊ាន ការអភិវឌ្ឍ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍បេតិកភណ្ឌថ្មីៗ មានប្រាសាទព្រះវិហារ តំបន់ប្រាសាទសំបូរព្រៃគុក ការផ្សព្វផ្សាយពីគោលដៅទេសចរណ៍ទីក្រុងបាត់ដំបង ការវិនិយោគឱ្យមានសេវាស្នាក់នៅ សេវាហូបចុកគ្រប់គ្រាន់នៅតាមគោលដៅទេសចរណ៍បេតិកភណ្ឌពិភពលោកថ្មីៗ សណ្ឋាគារប្រណិតៗលំដាប់ផ្កាយ៤ ផ្កាយ៥ នៅគ្រប់គោលដៅទេសចរណ៍ធំៗ ការបណ្តុះបណ្តាលភាសា និងជំនាញ ការជំរុញឱ្យមានការហោះហើរត្រង់ពីជប៉ុនមកកាន់សៀមរាប ឬពីជប៉ុនមកភ្នំពេញ សៀមរាប និងការសម្រួលបែបបទធ្វើដំណើរ ដែលក្នុងនោះបញ្ហទិដ្ឋាការក៏ត្រូវបានជជែកពិភាក្សាផងដែរ។
គួរកត់សម្គាល់ថា ក្នុងកិច្ចពិភាក្សាទាំងនោះ ការត្រៀមរៀបចំព្រឹត្តិការណ៍ទេសចរណ៍ ដើម្បីរួមចំណែកអបអរសារទរខួបលើកទី៦៥ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន ដែលគ្រោងធ្វើចុងឆ្នាំ២០១៨នេះ និងរៀបចំព្រឹត្តិការណ៍ Mekong Excahange Year 2019 ក៏ត្រូវបានលោករដ្ឋមន្ត្រី និងក្រុមហ៊ុន JTB ក្រុមហ៊ុន APEX លើកយកមកពិភាក្សាគ្នាផងដែរ។
សូមបញ្ជាក់ថា ឆ្នាំ២០១៧ ទេសចរជប៉ុនដែលមកទស្សនាកម្ពុជាមានចំនួនជាង ២០ម៉ឺននាក់ ស្ថិតលំដាប់ទី៧ ក្នុងកំណើន ៧%។ រីឯទេសចរកម្ពុជាទៅទស្សនានៅជប៉ុនមានប្រមាណ១ម៉ឺននាក់៕