(ភ្នំពេញ)៖ អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយបញ្ជាក់ថា ករណីលោក កឹម សុខា អតីតប្រធានគណបក្សសង្រ្គោះជាតិ គឺពុំមែនជាករណីឃុំខ្លួននៅផ្ទះនោះទេ។ នេះបើសេចក្តីថ្លែងការណ៍ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ករណីជនត្រូវចោទឈ្មោះ កឹម សុខា ដែលត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការខាងលើនេះ ពុំមែនជាករណីនៃការឃុំខ្លួននៅក្នុងផ្ទះនោះទេ។ ទន្ទឹមនឹងនេះ ការសម្រេចរបស់ចៅក្រមស៊ើបសួរក្នុងការហាមឃាត់ជនត្រូវចោទឈ្មោះ កឹម សុខា មិនឱ្យចាកចេញពីព្រំប្រទល់ដែនដីណាមួយជាកំណត់ គឺជាសិទ្ធិអំណាចរបស់ចៅក្រមស៊ើបសួរ ដែលធ្វើឡើងស្របតាមមាត្រា២២៣ កថាខណ្ឌទី២ ចំណុចទី១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដោយផ្អែកលើហេតុផលផ្នែកសន្តិសុខសុវត្ថិភាពរបស់ជនត្រូវចោទ និងដើម្បីធានាថា ជនត្រូវចោទនឹងមិនរត់គេចខ្លួនពីនីតិវិធីតុលាការ»។
ការចេញសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាពេលនេះ ធ្វើឡើងបន្ទាប់ពីសាធារណជនមួយចំនួន នៅតែមានការងឿយឆ្ងល់អំពីនីតិវិធីរបស់តុលាការ នៅក្នុងការអនុញ្ញាតឱ្យ លោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្នរយៈពេលជាង១សប្តាហ៍មកនេះ។
លោក កឹម សុខា ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្តោះអាសន្ន នៅវេលាទៀបភ្លឺឈានចូលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ហើយដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ដោយសារតែបញ្ហាសុខភាពរបស់លោក បន្ទាប់ពីឃុំខ្លួននៅក្នុងពន្ធនាគារត្រពាំងផ្លុង (ម៣) រយៈពេលជាង១ឆ្នាំ។
ការដោះលែងឱ្យនៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការនេះ បានភ្ជាប់នូវលក្ខខណ្ឌចាំបាច់មួយចំនួនសម្រាប់អតីតមេបក្សប្រឆាំងនេះ ដែលរួមមានដូចជា មិនអនុញ្ញាតឱ្យចេញក្រៅពីព្រំប្រទល់នៃដែនដីដែលខណ្ឌដោយផ្លូវលេខ៣១៣ ផ្លូវលេខ៣១១ និងផ្លូវលេខ៦០៨, ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ, មិនត្រូវជួបអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ និងបុគ្គលឬជនបរទេសដែលពាក់ព័ន្ធនឹងសំណុំរឿង និង មិនត្រូវជួបជុំធ្វើសកម្មភាពនយោបាយជាដើម។
សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ទៀតថា លោក កឹម សុខា ពេលនេះមានសេរីភាពគ្រប់គ្រាន់ក្នុងការចេញពីផ្ទះរបស់ខ្លួន ក្នុងព្រំប្រទល់ដែនដីដែលកំណត់ដោយដីការសម្រេចរបស់ចៅក្រមស៊ើបសួរ និងអាចប្រាស្រ័យទាក់ទងជាមួយបុគ្គលនានាដែលមិនស្ថិតនៅក្នុងក្របខណ្ឌបញ្ជីនៃការហាមឃាត់របស់តុលាការបាន តែមិនអាចជួបបុគ្គលដែលអាចមានការពាក់ព័ន្ធនឹងសំណុំរឿងជាមួយ លោក កឹម សុខា ហើយដែលតុលាការកំពុងមានចំណាត់ការនោះទេ។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់បន្ថែមទៀតថា ហេតុផលផ្នែកសន្តិសុខ និងសុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកកឹម សុខា គឺជារឿងសំខាន់ដែលចាំបាច់ត្រូវមានការចូលរួមសហការជាមុនរវាងសមត្ថកិច្ចតុលាការ និងសមត្ថកិច្ចពាក់ព័ន្ធនានា បូករួមនឹងការចូលរួមរបស់ភាគីជនត្រូវចោទផងដែរ ដើម្បីចៀសវាងយថាភាពអាក្រក់ណាមួយ ផ្នែកសុវត្ថិភាពលើរូបលោកពីតួអង្គខាងក្រៅ។
សូមបញ្ជាក់ថា លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា៤៤៣ នៃក្រមព្រហ្មទណ្ឌ បន្ទាប់ពីធ្លាយចេញនូវវីដេអូមួយ បង្ហាញថា លោកធ្វើតាមការបង្គាប់បញ្ជារបស់បរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា ដោយយកលំនាំតាមប្រទេសស៊ែបី និងយូហ្គោស្លាវី។
រហូតដល់ពេលនេះ ទោះបីជាលោក កឹម សុខា នៅក្រៅឃុំបណ្តោះអាសន្ន ក្រោមការត្រួតពិនិត្យរបស់តុលាការក៏ពិតមែន ប៉ុន្តែសំណុំរឿងរបស់លោក មិនបានបញ្ចប់នោះទេ ពោលតុលាការនៅតែកំពុងបន្តនីតិវិធីរបស់ខ្លួនចំពោះអំពើក្បត់ជាតិរបស់ លោក កឹម សុខា ដដែល៕