(កំពង់ចាម)៖ ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ អំពីការប្រឡងប្រជែងជ្រើសរើស ឲ្យចូលបម្រើការងារក្នុងក្របខណ្ឌមន្ត្រីនគរបាលជាតិ សម្រាប់ឆ្នាំ២០១៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម។
កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោក លោកស្រីស្នងការរងទទួលផែនជំនាញគ្រប់រូប លោក លោកស្រីនាយការិយាល័យជំនាញគ្រប់រូប លោកអធិការនគរបាលស្រុក ក្រុងទាំង១០ លោកអធិការរងទទួលការងារយុត្តិធម៌ និងការងារសន្តិសុខ នៃអធិការដ្ឋាននគរបាលស្រុក ក្រុងទាំង១០ និងលោកនាយប៉ុស្តិ៍ចំនួន២០នាក់ សរុបចំនួន១៤១នាក់។
លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា នេះមិនមែនជាការជ្រើសរើសថ្មីនោះទេ ពោលជាការបំពេញបន្ថែមប្រចាំឆ្នាំ២០១៨ ចំពោះមន្ដ្រីដែលចូលនិវត្តន៍ បាត់បង់សមត្ថភាពការងារ និងអ្នកស្លាប់ជាដើម ដើម្បីបង្កើនប្រសិទ្ធភាពការងារ ក្នុងការថែរក្សា សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈជូនប្រជាពលរដ្ឋ និងសង្គមជាតិ។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ដោយអនុវត្តតាមការណែនាំរបស់ក្រសួងមហាផ្ទៃ ការផ្ដល់ពាក្យនឹងចាប់ផ្ដើមអនុវត្តពីថ្ងៃទី២០ ខែកញ្ញាស្អែកនេះតទៅ ដោយមានរយៈពេលមួយខែពេញ ដែលនឹងប្រឡងជ្រើសរើសមន្ដ្រីបំពេញបន្ថែម ចំនួន៦០នាក់។
បន្ទាប់ពីបានសំណេះសំណាល និងធ្វើការណែនាំពីកិច្ចការប្រលងជ្រើសរើសរួចមក លោកឧត្តមសេនីយទោ ឯម កុសល បានផ្ដាំផ្ញើ និងណែនាំទៅកាន់លោកឧត្តមសេនីយ៍ត្រី សាន សុភា ស្នងការរងទទួលផែនធនធានមនុស្ស ទៅលើការលក់ពាក្យ វាស់កំពស់ ថ្លឹងទម្ងន់ ត្រួតពិនិត្យកាយសម្បទាឲ្យបានច្បាស់លាស់ និងត្រឹមត្រូវ៕