(កំពង់ចាម)៖ កម្លាំងសមត្ថកិច្ចខេត្តកំពង់ចាម នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ២ករណី នៅស្រុកស្រីសន្ធរ និងស្រុកកងមាស។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុលស បានឲ្យដឹងថា ករណីទី១៖ ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកបានបញ្ជា លោកអធិការនគរបាលស្រុកកងមាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្តៅ ក្រុមប្រឹក្សាឃុំ និងប្រជាពលរដ្ឋ ដឹកនាំដោយលោកវរសេនីយ៍ត្រី ថុង ភូរីវុធ អធិការរងទទួលដឹកនាំផ្នែកព្រហ្មទណ្ឌ និងផ្នែកវិភាគកន្លែងកើតហេតុ ដោយមានការចង្អុលបង្ហាញពីលោក មឿន ផា អភិបាលស្រុកកងមាស បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចតាមដងទន្លេ ស្រុកកងមាស។
បើតាមលោកឧត្ដមសេនីយ៍ស្នងការ ជាលទ្ធផល កម្លាំងជំនាញដកហូតបាន រ៉ាវ ចំនួន៣មាត់ ហើយចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម។
ដោយឡែក ករណីទី២៖លោកបានបញ្ជា លោកអធិការនគរបាលស្រុកកំពង់សៀម សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រក និងកម្លាំងប្រជាការពារ ដឹកនាំដោយលោក ស៊ត ស៊ន់ មេឃុំស្រក ដោយមានការចង្អុលបង្ហាញពីលោក ប៊ិន ឡាដា អភិបាលស្រុកកំពង់សៀម បានចុះបង្រ្កាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចក្បាលទំនប់ត្រួយចេក ដល់មុខវត្តទួលរកា ស្ថិតក្នុងភូមិស្ពាក់ ឃុំស្រក ស្រុកកំពង់សៀម។
ជាលទ្ធផល ដកហូតបានលូស្បៃមុង ចំនួន២០មាត់, របាំងព្រួល ប្រវែង១,០៥០ម៉ែត្រ និងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិ ចំនួន៧០គីឡូក្រាមហើយចំពោះសម្ភារវត្ថុតាង បានដុតបំផ្លាញចោលនៅនឹងកន្លែង ដោយមានការឯកភាពពី លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម៕