(ភ្នំពេញ)៖ ក្រុមប្រតិបត្តិការចម្រុះនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនិតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដចុះត្រួតពិនិត្យគោលដៅ ហាងកាហ្វេ ម៉ាស្សា-កោសជប់ ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ប្រតិបត្តិការនេះស្ថិតក្រោមការសម្របសម្រួលពីលោក សៀង សុខ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងសហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បើតាមលោកឧត្តមសេនីយ៍ប្រធាននាយកដ្ឋាន ក្នុងប្រតិបត្តិការនេះបានត្រួតពិនិត្យ ជនបរទេសចំនួន១៩នាក់ ស្រី១០នាក់ មាន០២សញ្ជាតិគឺជនជាតិវៀតណាមចំនួន១៨នាក់ ស្រី១០នាក់ និងបុរសជនជាតិចិនម្នាក់ ក្នុងនោះមានលិខិតឆ្លងដែនវៀតណាម ចំនួន០៥ក្បាល, ឯកសារអន្តោប្រវេសន្តចំនួន០៦សន្លឹក។
ក្នុងនោះចំពោះជនបរទេសចំនួន០៨នាក់ ស្រី០៥នាក់ (វៀតណាម និងចិន) លួចស្នាក់នៅដោយខុសច្បាប់ គ្មានលិខិតឆ្លងដែន និងប្រើប្រាស់ឯកសារមិនប្រក្រតី។ ប៉ុន្ដែបុរសជនជាតិចិនម្នាក់នេះ គឺជាជនសង្ស័យតែងតែធ្វើសកម្មភាពតាមឃ្លាំមើលរថយន្តរបស់នាយកដ្ឋាន ន៧ ជាប្រចាំ និងគ្មានលិខិតឆ្លងដែនជាប់ខ្លួន។
ក្រោយឃាត់ខ្លួនក្រុមប្រតិបត្តិការចម្រុះបាននាំខ្លួនជនបរទេសចំនួន០៨នាក់ខាងលើ មកកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីត្រួតពិនិត្យឯកសារ និងសាកសួរតាមនីតិវិធីបន្ត៕