(សៀមរាប)៖ ឆ្លៀតឱកាស ក្នុងការចុះបំពេញបេសកកម្មមនុស្សធម៌ នៅក្នុងភូមិសាស្ត្រ ស្រុកសូទ្រនិគម នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ប្រធានកិត្តយសសមាគមនារីកម្ពុជា ដើមី្បសន្តិភាព និង អភិវឌ្ឍន៍ខេត្ត បានជួបធ្វើការសំណេះសំណាល ជាមួយបងប្អូននារី ជាមន្ត្រីរាជការរដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងឱកាសដែលបុណ្យភ្ជំបិណ្ឌប្រពៃណីខ្មែរ នឹងចូលមកដល់នៅថ្ងៃខាងមុខនេះ ។
ថ្លែងនាឱកាសនោះ លោកស្រី ក៏បានគូសបញ្ជាក់ថា នេះគឺជាវប្បធម៌នៃការចែករំលែក ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកំពុងយកចិត្តទុកដាក់ខ្ពស់ លើការលើក កម្ពស់តម្លៃស្ត្រី ដោយបានផ្តល់ អនុសាសន៍ជាច្រើនពាក់ព័ន្ធ នឹងការងារ និងអត្ថប្រយោជន៍របស់ស្ត្រី នៅតាមក្រសួងស្ថាប័ន អង្គភាពសាធារណៈ ក៏ដូចជាវិស័យឯកជន សំដៅធ្វើយ៉ាងណា ឲ្យមានការចូលរួមកាន់តែច្រើន និងប្រកបដោយ គុណភាព ប្រសិទ្ធភាព ការងារពីសំណាក់ស្ត្រី ក្នុងកិច្ចដំណើរការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
ក្នុងនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានពាំនាំនូវការផ្តាំផ្ញើ នឹករលឹករបស់សម្តេចទាំងពីរ អំពីសុខទុក្ខលំបាករបស់បងប្អូននារីយើងនៅតាមមូលដ្ឋាន។ ម៉្យាងទៀត ស្ត្រីគឺជាឆ្អឹងខ្នង នៃកិច្ចអភិវឌ្ឍន៍សង្គម ជាតិនីមួយៗ ដែលជាមាតា ពិភពលោក។ លោកស្រី បានលើកឡើងថា បច្ចុប្បន្នការងារ យេនឌ័រ ត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ ហើយនារីយើងមួយចំនួន បានក្លាយអ្នកដឹកនាំជាន់ខ្ពស់ ព្រមទាំង មានតួនាទីភារកិច្ចរបស់ខ្លួន នៅតាមក្រសួង ស្ថាប័ន អង្គភាព ទៅតាមកម្រិតនៃចំណេះដឹងរបស់ខ្លួនផងដែរ។
លោកស្រី ក៏បានលើកឡើង អំពីប្រវត្តិអតីតកាល ដែលនារីយើងត្រូវបានសង្គមមិនបើកសិទ្ទិសេរីភាព ក្នុងការ សិក្សារៀនសូត្រ ព្រមទាំងមើលងាយមើលថោកថា ស្ត្រីបង្វឹលចង្រ្កានមិនជុំ ដែលជាពាក្យមួយ ខុសស្រឡះ នាពេលបច្ចុប្បន្ននេះ។ លោកស្រី បានធ្វើការក្រើនរំលឹក និងផ្តាំផ្ញើណែនាំ ដល់បងប្អូននារី ដែលមានតួនាទីភារកិច្ច ជាមន្ត្រីរាជការ គឺត្រូវខិតខំសិក្សាស្វែងយល់នូវចំណេះដឹង បទពិសោធន៍ បង្កើនសមត្ថភាពរបស់ខ្លួន ហើយក៏ជាកម្លាំង និង គ្រឹះដ៏រឹងមាំរបស់សង្គមជាតិ និងបំពេញនូវតម្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានបញ្ជាក់ថា ដើមី្បភាពសុខសាន្ត និងកិច្ចអភិវឌ្ឍន៍ឲ្យមានការរីកចម្រើនទៅអនាគត សូមបងប្អូនជានារី និង ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈទាំងអស់ ត្រូវរួមកម្លាំងសាមគ្គីគ្នាការពារ ថែរក្សាសន្តិភាពនៅកម្ពុជា។ ក្នុងនោះដែរ លោកស្រី ក៏បាននាំយកនូវវត្ថុអនុស្សាវរីយ៍ ជូនដល់បងប្អូននារីទាំង៣៩នាក់ ម្នាក់ៗសម្ពត់ស៊ឹង១ ប្រាក់៥០ពាន់រៀលផងដែរ៕