(ភ្នំពេញ)៖ អតីតសន្ដិសុខស្ថានទូតអាមេរិកទាំង៣២នាក់ ដែលត្រូវស្ថានទូតបញ្ឈប់ពីការក្រោមហេតុផលមិនច្បាស់លាស់ បានបន្ដដាក់ញ្ញត្តិជាថ្មីម្ដងទៀត ទៅស្ថានទូតអាមេរិក នៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយប្ដូរពីការទាមទារលក្ខខណ្ឌ៧ចំណុច មកនៅត្រឹម៤ចំណុចប៉ុណ្ណោះ ដើម្បីសម្រួលដល់ការដោះស្រាយបញ្ហាជូនពួកគាត់។
ខ្លឹមសារថ្មីទាំង៤ចំណុច ដែលសរសេរនៅក្នុងញ្ញតិ្ដ ដាក់ជូនស្ថានទូតប្រទេសមហាអំណាចមួយនេះ រួមមានទី១៖ទាមទាររកយុត្តិធម៌បង្ហាញភស្ដុតាង និងលើកលែងនូវការចោទប្រកាន់, ទី២៖ទាមទារប្រាក់សំណង៦ខែ ទៅតាមច្បាប់ស្ដីពីការងារ, ទី៣៖ប្ដឹងពីបទរំលោភសិទ្ធិបុគ្គល និងទី៤៖ទាមទារសំណងជំងឺចិត្ត ចំពោះការបង្ខូចកិត្តិយស។
តំណាងអតីតសន្ដិសុខស្ថានទូតទាំង៣២នាក់ ដែលបានយកញ្ញត្តិជូនស្ថានទូតនោះ នៅតែប្រកាន់គោលជំហរថា ការដែលស្ថានទូតអាមេរិកបណ្ដេញពួកគាត់ ចេញពីការងារគឺជាការរៀបចំឡើងដោយស្ថានទូតសុទ្ធសាធ មិនមែនកំហុសឆ្គងអ្វីនោះទេ ហើយអ្វីដែលកាន់តែមិនអាចទៅរួចទៀតនោះ ត្រង់ស្ថានទូតចោទថា ពួកគាត់ទាំង៣២នាក់ មានកំហុសដូចៗគ្នាទាំងអស់។ ពួកគាត់បញ្ជាក់ថា ប្រសិនបើមិនចង់ឲ្យពួកគាត់ចោទថា ស្ថានទូតអាមេរិកជាអ្នករៀបចំគម្រោងទេនោះ សូមបង្ហាញភស្ដុតាងជូនពួកគាត់មក។
ពួកគាត់បានអះអាងយ៉ាងដូច្នេះថា «គោលបំណងនៃការដាក់ញ្ញត្តិលើកនេះ ដោយសារតែកាលពីថ្ងៃទី១៩ ខែមិថុនា គឺអត់មានដំណោះស្រាយណាមួយ ដែលពួកខ្ញុំជាអតីតបុគ្គលិកសន្ដិសុខស្ថានទូតអាមេរិក មិនអាចទទួលយកបាននោះទេ ដោយសារការដោះស្រាយគឺគេចេញលិខិតមួយ គេដាក់ថា Revoke (ច្រានចោល) ពួកខ្ញុំមិនអាចទទួលយកបានជាដាច់ខាត ដោយសាររឿងនេះជារឿងមួយដែលមានភាពអយុត្ដិធម៌សម្រាប់ពួកខ្ញុំដែលអត់បានដឹងអី ដោយចោទប្រកាន់ក្នុង Facebook Messenger Group»។
យ៉ាងណាក៏ដោយ អតីតបុគ្គលិកស្ថានទូតអាមេរិក ក៏បានគូសបញ្ជាក់ថា បន្ទាប់ពីដាក់ញ្ញត្តិនេះពួកគាត់ទុករយៈពេលឲ្យខាងស្ថានទូតមួយសប្ដាហ៍ ហើយប្រសិនខាងស្ថានទូតមិនមានការឆ្លើយតប ពួកគាត់នឹងស្នើសុំទៅសាលារាជធានីភ្នំពេញ នឹងធ្វើការតវ៉ាលើកជាបដាម្ដងទៀត ដោយទាមទារឲ្យស្ថានទូតអាមេរិកបង្ហាញនូវភស្ដុតាងនៃការបណ្ដេញចេញនេះ។
សូមរំលឹកថា កាលនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៨កន្លងទៅ អតីតបុគ្គលិកជាង២០នាក់ ក្នុងចំណោម៣២នាក់ ដែលបម្រើការងារក្នុងស្ថានទូតអាមេរិកចាប់ពី ៥ឆ្នាំ ដល់ជាង២០ឆ្នាំ បាននាំគ្នាតវ៉ានៅមុខស្ថានទូតអាមេរិក លើផ្លូវលេខ៩៦ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ដើម្បីឲ្យស្ថានទូតប្រទេសមហាប្រជាធិបតេយ្យមួយនេះ ដោះស្រាយរឿងបណ្តេញពួកគាត់ចេញពីការងារ ដោយគ្មានមូលហេតុច្បាស់លាស់ និងគ្មានភស្តុតាងត្រឹមត្រូវ។
ការតវ៉ារបស់អតីតបុគ្គលិកទាំង៣២នាក់ ដែលត្រូវបណ្តេញចេញពីការងារ ពួកគាត់ទាមទារឲ្យស្ថានទូតអាមេរិកដោះស្រាយ ជូនពួកគាត់ចំនួន៧ចំណុច៖
១៖ ទាមទាររកយុត្តិធម៌ ពីការបញ្ឈប់ពួកគាត់ដោយបង្ខំ និងមិនបង្ហាញភស្តុតាង។
២៖ ទាមទារកែពាក្យពីការបណ្តេញចេញ មកជាការកាត់បន្ថយបុគ្គលិកវិញ។
៣៖ ទាមទារសំណង០៦ខែ ទៅតាមច្បាប់កាត់បន្ថយបុគ្គលិក។
៤៖ សូមប្តឹងពីបទរំលោភសិទ្ធិបុគ្គលិក ដោយដកហូតយកទូរសព្ទ័ ទៅឆែកមើលគ្រប់រូបភាព និងឯកសារផ្សេងៗ ព្រមទាំងរឹបអូសយកទូរសព្ទ័ពួកគាត់ មួយចំនួនទៅរក្សាទុកមួយរយៈពេល ។
៥៖ សូមឲ្យទូទាត់លុយមូលនិធិឧបត្ភម (ប្រាក់១២ភាពរយ) ក្នុងខែនេះ ព្រមទាំង០៣ខែកន្លងមក ដែលមិនទាន់ទូទាត់ឲ្យពួកគាត់។
៦៖ សូមទារសំណងជំងឺចិត្តទៅលើការបង្ខូចកេរ្តិ៍ឈ្មោះ និងកិតិ្តយស ដោយចោតប្រកាន់គ្មានភស្តុតាង។
៧៖ សូមឲ្យសហគមបុគ្គលិកខ្មែរមានសិទ្ធិ ចូលរួមដោះស្រាយពីបញ្ហា ការបញ្ឈប់បុគ្គលិកខ្មែរ ដែលមានភាពយុត្តិធម៌ និងត្រឹមត្រូវតាមច្បាប់ការងារ។
ជាមួយគ្នានេះ អតីតបុគ្គលិករបស់អាមេរិកទាំងនេះ បានបញ្ជាក់ថា បានដាក់ញតិ្តរួចហើយទៅក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងក្រសួងការបរទេសដើម្បីឲ្យជួយដោះស្រាយ និងផ្តល់ភាពយុត្តិធម៌ដល់ពួកគាត់៕