(កណ្តាល)៖ គ្រារដូវបុណ្យភ្ជុំបិណ្ឌជិតឈានចូលមកដល់ លោកស្រី អ៊ុក ម៉ាលី អគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជានៅថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានដឹកនាំ ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន និងសហការី នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្តប្រជុំនទី (ហៅវត្តក្រពើហា) ស្ថិតនៅសង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយដ៏ធំៗ ក្នុងចំណោមពិធីបុណ្យផ្សេងៗនៅកម្ពុជា ដែលប្រជាជនខ្មែរនាំគ្នាប្រារព្ធឡើង មិនដែលអាក់ខានឡើយរៀងរាល់ឆ្នាំ ចាប់ពីថ្ងៃ១រោច ខែភទ្របទ រហូតដល់ថៃ្ងទី១៥រោច ដែលមានរយៈពេល១៥ថៃ្ង ដោយហៅថាបុណ្យកាន់បិណ្ឌ១, បិណ្ឌ២... និងថៃ្ងបញ្ចប់ គឺជាថៃ្ង «ភ្ជុំបិណ្ឌ»។ បុណ្យភ្ជុំបិណ្ឌ ត្រូវបានធ្វើឡើងតាមបែបព្រះពុទ្ធសាសនា។
សម្រាប់បុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ គឺចាប់ផ្ដើមដាក់បិណ្ឌចាប់ថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី០៩ ខែតុលា និងថ្ងៃភ្ជុំបិណ្ឌនៅថ្ងៃទី១០ តុលា។ ដូចនេះ ក្នុងឱកាសនោះ កាកបាទក្រហមកម្ពុជា បាននាំយកទេយ្យវត្ថុ និងបច្ច័យមកប្រគេនដល់ព្រះសង្ឃ គង់នៅវត្តប្រជុំនទី រួមមាន៖ បច្ច័យចំនួន ៤០លានរៀល និងទេយ្យវត្ថុរួមមាន អង្ករ ៣តោន មី ១០០កេស ត្រីខ ១០កេសធំ ទឹកក្រូច ៣០កេស ទឹកសុទ្ធ ៣០កេស ទឹកដោះគោខាប់ ៥កេស កាហ្វេហ្គោរូស ៣០កញ្ចប់ធំ តែ៥គីឡូក្រាម និងស្ករស ៥០គីឡូក្រាម។
ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា កាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីកាកបាទក្រហមកម្ពុជា អញ្ជើញទៅដាក់បុណ្យជារៀងរាល់ឆ្នាំនៅតាមវត្តនានាយ៉ាងខ្ជាប់ខ្ជួន៕