(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានថ្លែងថា ប្រទេសកម្ពុជាបានត្រៀមរួចជាស្រេច ក្នុងការទទួលស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងតិច ៣.៣លាននាក់នៅឆ្នាំ២០២០ ដោយក្រសួងទេសចរណ៍បានរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន ដោយរៀបចំជាសៀវភៅសស្តីពី China Ready សម្រាប់ទេសចរចិន និងបានធ្វើសម្រួលការធ្វើដំណើរ និងបានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិនផងដែរ។
លោករដ្ឋលេខាធិការបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារក្រសួង ជំនួសឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបជាមួយប្រតិភូគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងគុនមីញ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ពិធីនេះផងដែលក៏មានការចូលរួម ពីសំណាក់ប្រតិភូគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងគុនមីញ និងតំណាងក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។
លោក សូ ម៉ារ៉ា បានថ្លែងថា ដើម្បីបម្រើដល់សេចក្តីត្រូវការរបស់ភ្ញៀវទេសចរចិន ក្រសួងទេសចរណ៍បានរៀបចំផែនការយុទ្ធសាស្ត្រទាក់ទាញទេសចរចិន (២០១៦-២០២០) ពិសេសការដាក់ចេញនូវ «សៀវភៅសស្តីពី China Ready សម្រាប់ទេសចរចិន» ដែលស្របនឹងផែនការយុទ្ធសាស្រ្តអភិវឌ្ឍទេសចរណ៍អាស៊ាន ២០១៦-២០២៥ (ATSP 2016-2025) ព្រមទាំងគម្រោងបង្កើតមជ្ឈមណ្ឌលកម្ពុជា-ចិន (China-Ready Center) សំដៅត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរចិនយ៉ាងតិច ៣,៣លាននាក់ នៅឆ្នាំ២០២០។
ចិនគឺជាទីផ្សារទេសចរណ៍ដ៏ធំបំផុតរបស់កម្ពុជា ហើយដើម្បីពង្រីកការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍កម្ពុជាលើទីផ្សារចិន កម្ពុជាតែងតែចូលរួមនូវព្រឹត្តិការពិព័រណ៍ទេសចរណ៍ធំៗជាច្រើននៅទីផ្សារចិន ជាក់ស្ដែងនៅទីក្រុងគុនមីញ បានទៅចូលរួមនូវព្រឹត្តិការណ៍ទេសចរណ៍ CITM កាលពីឆ្នាំ២០១៧កន្លងទៅ។ ចាប់តាំងពីឆ្នាំ ២០១៥មក កម្ពុជាបានចូលរួមព្រឹត្តិការណ៍ពិព័រណ៍ទេសចរណ៍អន្តរជាតិនានាសរុបប្រមាណជាង ៥០និងរៀបចំកម្មវិធីបង្ហាញផ្លូវទេសចរណ៍កម្ពុជាសរុបប្រមាណ ៩លើក នៅតាមទីក្រុងសំខាន់ៗរួមមានទីក្រុង ហុងកុង សៀងហៃ ក្វាងចូវ ស៊ីអាន កាន់ស៊ូ គុនមិញ។
លោកបានបញ្ជាក់ថា ដើម្បីធ្វើការសម្រួលដល់ការធ្វើដំណើរ បច្ចុប្បន្នកម្ពុជា បានផ្តល់ទិដ្ឋាការជាច្រើនប្រភេទដល់ទេសចរចិន ដូចជាទិដ្ឋាការនៅពេលមកដល់ (Visa on arrival) ទិដ្ឋាការអេឡិចត្រូនិច (E-Visa) និងទិដ្ឋាការចេញចូលច្រើនដងសម្រាប់រយៈពេល ១ឆ្នាំ ២ឆ្នាំ ៣ឆ្នាំ ដល់ទេសចរចិនផងដែរ។ ទន្ទឹមនឹងការសម្រួលបដិសណ្ឋារកិច្ចសេវាកម្មដល់ទេសចរចិន កម្ពុជាក៏មានជើងហោះហើត្រង់ និងcharter flight ពីទីក្រុងធំៗរបស់ចិនផងដូចជា ទីក្រុង Hong Kong, Xiamen, Guangzhou, Shanghai, Beijing សរុបចំនួន១៨១ ជើងក្នុងមួយសប្តាហ៍ ដោយរាជធានីភ្នំពេញ មាន៧៦ ជើងក្នុងមួយសប្ពាហ៍ ខេត្តសៀមរាបមាន៩៣ ជើងក្នុងមួយសប្ពាហ៍ និងខេត្តព្រះសីហនុ មាន១២ ជើងក្នុងមួយសប្ពាហ៍ផងដែរ៕