(ភ្នំពេញ)៖ តំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ ដែលលាលែងទៅកាន់តំណែងក្នុងជួររាជរដ្ឋាភិបាលសម្រាប់អាណត្តិថ្មី បានចូលធ្វើសច្ចាប្រណិធានរួចហើយ នៅល្ងាចថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នៅព្រះទីនាំងទេវាវិនិច្ឆ័យ ក្នុងព្រះបរមរាជវាំង។
ពិធីសច្ចាប្រណិធាន បានធ្វើឡើងក្រោមព្រះរាជាធិបតីរបស់សម្តេចព្រះមហាសង្ឃរាជធិបតីទាំងពីរគណៈ។ ក្នុងនោះ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអានខ្លឹមសារសច្ចាប្រណិធាន ហើយតំណាងរាស្ដ្រថ្មីចំនួន៣៨រូប ត្រូវប្រតិបត្តិសូត្រតាម។
នៅពេលសូត្រសច្ចាប្រណិធានចប់ បារគូបន្លឺស័ង្ខជ័យ ក្រោយមកតំណាងរាស្ដ្រថ្មីចំនួន៣៨រូប ដែលចូលកាន់តំណែងជំនួសតំណាងរាស្រ្តចាស់ អញ្ជើញទទួលទានទឹកពិភ័ទ្ទសច្ចា។
សម្រាប់គ្រឿងទ្រង់-សម្លៀកបំពាក់ ក្នុងព្រះរាជពិធីសច្ចាប្រណិធាននេះ គឺព្រះករុណា នឹងព្រះពស្ត្រចងក្បិនពណ៌តាមថ្ងៃព្រះភូសា កុតពណ៌ស។ រីឯសមាជិការដ្ឋសភា (ស្ត្រី) អាវប៉ាក់ពណ៌ស-សំពត់ចងក្បិនពណ៌ស៊ីលៀប-ក្រមាពានាពណ៌ស៊ីនួនខ្លី។ រីឯតំណាងរាស្ដ្រ (បុរស) អាវកុតពណ៌ស-សំពត់ចងក្បិន ពណ៌ស៊ីលៀប-ស្រោមជើងវែងខ្មៅ និងស្បែកជើងពណ៌ខ្មៅ៕