(ភ្នំពេញ)៖ រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានឲ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា យោងតាមរបាយការណ៍របស់មន្ត្រីជំនាញបរិស្ថាន នៅរាជធានីភ្នំពេញ សំណល់រឹងសំរាមប្រមាណ ២,៧០០តោន ត្រូវបានបង្កើតឡើងក្នុងមួយថ្ងៃៗ។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា កំណើនសំរាមនៅក្នុងរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ជាក្តីកង្វល់របស់យើងទាំងអស់គ្នាហើយចាំបាច់គ្រប់ស្ថាប័នពាក់ព័ន្ធ ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានត្រូវចូលរួមគ្រប់គ្រងសំណល់ដែលខ្លួនបង្កើតឡើងឲ្យបានល្អត្រឹមត្រូវដើម្បីចៀសវាងការបំផ្លាញបរិស្ថាន បំផ្លាញសោភ័ណភាពសហគមន៍ខ្លួន។
កំណើនសំរាមនៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជននានា ក្នុងប្រទេសកម្ពុជានៅពេលនេះ ត្រូវបានលោក នេត្រ ភក្ត្រា ពន្យល់ថា ដោយសារតែកំណើនប្រជាពលរដ្ឋ ការផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងទំនៀមទម្លាប់នៃការប្រើប្រាស់ និងការវេចខ្ចប់ទំនិញ ហើយការកែច្នៃពីសំរាមនៅមានកម្រិតទាបនៅឡើយ។ កត្តាទាំងនេះបានធ្វើឲ្យសំរាមសំណល់រឹង មានបរិមាណកើនឡើង។
លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ដែរថា កំណើនបរិមាណសំរាម សំណល់រឹង គឺជាបញ្ហាចម្បងមួយនៅក្នុងបណ្តាបញ្ហាប្រឈមនានា លើការងារគ្រប់គ្រងបរិស្ថាននៅរាជធានីភ្នំពេញ និងនៅតាមទីប្រជុំជន ដែលទាមទារឲ្យមានការចូលរួមសហការ ដោះស្រាយរួមគ្នា ដើម្បីទប់ស្កាត់ កាត់បន្ថយការបំពុលបរិស្ថាន និងផលប៉ះពាល់សុខភាពប្រជាពលរដ្ឋ តាមរយៈការយកចិត្តទុកដាក់លើការងារគ្រប់គ្រងសំរាមសំណល់រឹងឲ្យបានត្រឹមត្រូវ។
លោក នេត្រ ភក្ត្រា បានថ្លែងថា ដើម្បីលើកកម្ពស់សោភ័ណភាព សណ្តាប់ធ្នាប់ និងអនាម័យបរិស្ថានសាធារណៈ ក៏ដូចជាចូលរួមទប់ស្កាត់ការបំពុលបរិស្ថាន ទឹក ដី ខ្យល់ ដែលបណ្តាលមកពីការគ្រប់គ្រងសំរាម សំណល់រឹង មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គ្រប់ភាគីទាំងអស់ត្រូវយកចិត្តទុកដាក់ក្នុងការគ្រប់ គ្រងសំណល់សំរាមដែលខ្លួនបង្កើតឡើង។
លោកបានលើកឡើងថា «ប្រសិនបើប្រជាពលរដ្ឋ និងម្ចាស់អាជីវកម្ម អាជីវករនៅតាមផ្សារនានា សេវាកម្ម ភោជនីយដ្ឋាន ទីផ្សារ និងកន្លែងកម្សាន្តនានា ត្រូវធ្វើការញែកសំរាម ទៅតាមបទដ្ឋានបច្ចេកទេស ពោលគឺការញែកសំរាមឲ្យដាច់ពីគ្នា រវាងសំណល់សរីរាង្គដូចជា សំណល់ប្លាស្ទិក និងសំណល់គ្រោះថ្នាក់ និង ធ្វើការវេចខ្ចប់ឲ្យបានត្រឹមត្រូវ»។
លោករដ្ឋលេខាធិការបន្ថែមថា «ប្រសិនបើប្រជាពលរដ្ឋចូលរួមអនុវត្តវិធីសាស្ត្រញែកសំរាមទាំងនេះបានគ្រប់ៗគ្នា នោះអត្រាសំរាមដែលត្រូវយកទៅចាក់ចោលមានចំនួនតិចបំផុត ហើយសំណល់ផ្សេងទៀតអាចត្រូវបានប្រើប្រាស់ និងកែច្នៃឡើងវិញ ផ្តល់ផលប្រយោជន៍ និងចំណូល ដល់បងប្អូនប្រជាពលរដ្ឋវិញ»។
លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានលើកឡើងថា រោងចក្រ សហគ្រាស សិប្បកម្ម និងក្រុមហ៊ុននីមួយៗត្រូវរៀបចំកន្លែងទុកដាក់សំរាមសំណល់រឹងឲ្យបានត្រឹមត្រូវ និងត្រូវធ្វើការញែកសំរាម សំណល់រឹងដែលអាចប្រើប្រាស់ឡើងវិញបាន ឬដែលអាចកែច្នៃបានចេញពីសំរាមដែលសំណល់រឹងត្រូវបោះចោល។
លោកបានគូសបញ្ជាក់ថា ហាមដាច់ខាតនូវការបោះចោលសំរាម សំណល់រឹងនៅតាមដងផ្លូវ ទីសាធារណៈ ទីវាលតាម ប្រពន្ធ័ ទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធឯកជន។ ហាមដាច់ខាតនូវការដុតសំរាមសំណល់រឹង ក្នុងករណីគ្មានការអនុញ្ញាតពីក្រសួងបរិស្ថានឬមន្ទីរបរិស្ថាន។
ជាមួយគ្នានេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានឲ្យដឹងដែរថា នៅក្នុងកិច្ចគាំពារបរិស្ថាន ក្រសួង បរិស្ថាន បានធ្វើប្រតិភូកម្មអំណាចទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិតាមរយៈការផ្តល់មូលនិធិសេវាអនាម័យបរិ ស្ថាន។ នៅចំពោះមុខនៃបញ្ហាប្រឈម លោកបានលើកឡើងថា រដ្ឋបាលក្រុងស្រុកមួយចំនួននៅមិនទាន់មានឆន្ទៈខ្ពស់ និងយល់ច្បាស់ពីភារកិច្ច និងការទទួលខុសត្រូវលើការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន សំណល់រាវ និងបញ្ហាបំពុលបរិ ស្ថានផ្សេងទៀតនៅឡើយ។
លោករដ្ឋលេខាធិការបានលើកឡើងទៀតថា គុណភាពប្រមូល និងដឹកជញ្ជូនសំរាមរបស់ក្រុមហ៊ុនផ្តល់សេវានៅមានកម្រិត ហើយទីប្រជុំជនភាគច្រើននៅពុំទាន់មានទីលានទុកដាក់សំណល់ត្រឹមត្រូវតាមគោលការណ៍ណែនាំបច្ចេកទេសនៅឡើយ ដែលទាមទារឲ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមទាំងអស់គ្នា។
ទន្ទឹមនឹងនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការចូលរួម និងការយល់ដឹងអំពីការទុកដាក់សំរាមរបស់ប្រជាពល រដ្ឋនៅមានកម្រិតនៅឡើយ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានស្នើឲ្យប្រជាពលរដ្ឋចូលរួមសម្អាតបរិស្ថាន វេចខ្ចប់ទុកដាក់សំរាមឲ្យបានត្រឹមត្រូវ។ ការសម្អាតបរិស្ថានជុំវិញខ្លួនយើងជាភាពចាំបាច់។
«ប្រសិនបើផ្ទះរបស់យើងស្អាត ភូមិរបស់យើងស្អាត ទីធ្លាសាធារណៈគ្មានសំរាម គ្មានថង់ប្លាស្ទិក នោះមានន័យថាយើងបានចូលរួមកសាងតម្លៃដល់ជាតិ លើកស្ទួយកិត្យានុភាព និងកិត្តិយសសម្រាប់ជាតិខ្មែរ និងដើម្បីសុខុមាលភាពរបស់យើងទាំងអស់គ្នាព្រោះបរិស្ថានជាបញ្ហារបស់យើងទាំងអស់គ្នា។ ដូច្នេះយើងត្រូវរួមគ្នា ដើម្បីបរិស្ថាន»។ លោក នេត្រ ភក្ត្រា បានអំពាវនាវបន្ថែម៕