(សៀមរាប)៖ អណ្តូងទឹកស្នប់អាហ្វ្រីដេស៍ ចំនួន២កន្លែង ត្រូវបានប្រគល់ជូនសហគមន៍ ភូមិកន្សែងលើ និងភូមិតាតោកកើត ក្នុងឃុំចាន់សរ ស្រុកសូទ្រនិគមន ខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្រោមវត្តមានរបស់លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងសហការី ។
ក្នុងកិច្ចស្វាគមន៍របស់លោក ម៉ក់ ប្រុស ប្រធានអនុសាខាកាកបាទក្រហមស្រុក និង ជាអភិបាលស្រុកសូទ្រនិគម បានគូសបញ្ជាក់ថា នៅតាមបណ្តាភូមិមួយចំនួន កំពុងប្រឈមទៅនឹងការ ខ្វះខាតទឹកស្អាតប្រើប្រាស់ ដែលកន្លងមកប្រជាពលរដ្ឋទាំងនោះ បានប្រើប្រាស់ទឹកដែលគ្មានអនាម័យ ដូចជាអណ្តូងដៃតូចៗ ទឹកស្រះ ទឹកអូរជាដើម។
តាមសេចក្តីរាយការណ៍ របស់លោក ស៊ុ សំអន នាយកសាខាកាកបាទក្រហមកម្ពុជាខេត្ត បានគូសបញ្ជាក់ថា នេះជាអណ្ដូងទឹកស្អាត ទី៣០ និង៣១ របស់សាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលបានផ្តល់ផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ទាំងពីរសហគមន៍ បានប្រើប្រាស់ទាំងប្រាំង និង វស្សា ដោយគ្មានការព្រួយបារម្ភដូចមុនឡើយ ។
ថ្លែងនាឱកាសនោះ លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង បានធ្វើការសំណេះសំណាល និងប្រគល់អណ្តូងទឹក ជូនបងប្អូនប្រជាពលរដ្ឋ ក្នុងភូមិកន្សែងលើ និងភូមិតាតោកកើត ក្នុងឃុំចាន់សរ ដែលខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។
ក្នុងនោះដែរ លោកស្រី ក៏បានពាំនាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចលោកបណ្ឌិតប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្ត ដែលតែងតែយកចិត្តទុកដាក់គិតគូរ ចំពោះប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាឡើយ អំពីសុខភាព និងអនាម័យ។
លោកស្រី គួយ ណាលីន ឃឹម ប៊ុនសុង ក៏បានលើកឡើងថា បញ្ហាសុខភាព គឺជាកត្តាចម្បង សម្រាប់មនុស្សយើងគ្រប់រូប ដូច្នេះបញ្ហាទឹកស្អាត ក៏ជាកត្តាដ៏ចាំបាច់សម្រាប់មនុស្សជាតិ យើងគ្រប់រូបក្នុងការរស់នៅប្រចាំថ្ងៃ ដើមី្បបរិភោគប្រើប្រាស់ជាអចិន្ត្រៃយ៍ ទឹក គឺជាថាមពលចិញ្ចឹមសរីរាង្គកាយមនុស្ស សត្វ និងរុក្ខជាតិ។
ម៉្យាងទៀតអណ្តូងទឹកទាំងពីរនេះ ក៏ជាសមទ្ធិផលថ្មី សម្រាប់បងប្អូនប្រជាពលរដ្ឋនៅភូមិកន្សែងលើ និងភូមិតាតោកកើត បានប្រើប្រាស់គ្រប់ៗគ្នា ដែលមិនបានចោទជាបញ្ហា ការកង្វះខាតទឹកប្រើប្រាស់ទៀតឡើយ ទាំងរដូវប្រាំង និង វស្សា ព្រមទាំងធ្វើការ ដាំដុះដំណាំរួមផ្សំផងដែរ។
លោកស្រី ក៏បានធ្វើការថ្លែងអំណរគុណ ចំពោះការជួយឧបត្ថម្ភរបស់សប្បុរសជនចិនឈ្មោះ អ៊ុយ ស៊ូគុជ ដែលបានផ្តល់អណ្តូងទឹកទាំងពីរនេះ ដល់ប្រជាជនក្នុងឃុំចាន់សរ ស្រុកសូទ្រនិគម ដែលសរបញ្ជាក់នូវទឹកចិត្ត ដ៏សប្បុរសធម៌ ដើមី្បរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការធ្វើឲ្យប្រសើរឡើងលើវិស័យប្រើប្រាស់ទឹកស្អាត និង ដើម្បីសុខុមាលភាពរបស់ប្រជាពលរដ្ឋ «ទឹកជាប្រភពនៃជីវិត»។
លោកស្រី ក៏បានធ្វើការលើកទឹកចិត្ត ដល់បងប្អូនត្រូវចេះដាំដំណាំរួមផ្សំនៅជិតៗផ្ទះ ដើម្បីជួយសម្រួលដល់ជីវភាព និងការរស់នៅប្រចាំថ្ងៃរបស់បងប្អូន ហើយយើងក៏មិនចាំបាច់បារម្មណ៍ ពីការខ្វះខាតទឹកសម្រាប់ ប្រើប្រាស់ផងដែរ។ លោកស្រី ក៏បានបន្តថា នេះជារដូវវស្សាសូមបងប្អូនទាំងអស់ ត្រូវចេះប្រុងប្រយ័ត្នចំពោះសុខភាព សំខាន់កូនចៅតូចៗ បើឃើញថាមិនស្រួលត្រូវប្រញាប់បញ្ជូន ទៅមណ្ឌលសុខភាព ដែលនៅជិតខ្លួនបំផុត។
លោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក្នុងសហគមទាំងពីរ ត្រូវមើលថែរក្សាអណ្តូងទឹកនេះ ឲ្យបានល្អ ដើម្បីជាប្រយោជន៍ប្រើប្រាស់ បានយូរអង្វែងរបស់បងប្អូនទៅអនាគត សំខាន់គឺបញ្ហាសុខភាពសហគមន៍ ក៏ដូចជាសុខភាពបងប្អូនប្រជាពលរដ្ឋជាស្ត្រីមានកូនតូចទីទ័លក្រ។ ក្នុងនោះដែរ លោកស្រី ក៏បាននាំយកអំណោយមួយចំនួន ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធីប្រគល់អណ្តូងនេះ ដោយម្នាក់ៗ ទទួលបានសារុង១ និងថវិកា១ម៉ឺនរៀល៕