(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន វីសា បានចុះអនុស្សារណៈយោគយល់គ្នា ដើម្បីបន្តសហការលើគម្រោងលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា តាមរយៈការដាក់ឱ្យប្រើប្រាស់សាកល្បងកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមទូរស័ព្ទចល័តនៅកម្ពុជា បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ម្សិលមិញ។
កម្មវិធីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុជាផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា បានចាប់ផ្តើមឡើងនៅឆ្នាំ២០១៥ ជាមួយនឹងយុទ្ធនាការផ្សព្វផ្សាយ ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងលើកកម្ពស់សិទ្ធអតិថិជន ដែលមានឈ្មោះថា «តោះ! និយាយពីលុយ» ក្រោមកិច្ចសហប្រតិបត្តិការរវាងធនាគារជាតិ នៃកម្ពុជា និងអង្គការ Good Return ដែលជាអង្គការលើកកម្ពស់សមត្ថភាពផ្នែកហិរញ្ញវត្ថុ។ ភាពជោគជ័យនៃយុទ្ធនាការ «តោះ! និយាយពីលុយ» បានទាក់ទាញចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធជាច្រើន ទាំងវិស័យសាធារណៈ និងវិស័យឯកជន។
នេះជាឆ្នាំទី២ហើយ ដែលធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុនវីសា សហការគ្នាលើគម្រោងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងប្រទេស។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុនវីសា បានចូលរួមជាមួយធនាគារជាតិនៃកម្ពុជា ដោយបានគាំទ្រដល់ការបោះពុម្ពសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន ៣០.០០០ក្បាល និងបានចែកចាយនៅសាលារៀនជាច្រើននៅទូទាំងប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។
លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានថ្លែងថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ គឺជាកត្តាគន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុដែលនឹងរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយបរិយាប័ន្ន។ ហេតុនេះហើយ ការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្តែវាជាតម្រូវការចាំបាច់បំផុត»។
លោកស្រី បានបន្តថា ដោយមើលឃើញពីសារតែសារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា បានប្រើប្រាស់វិធីសាស្ត្រប្រកបដោយនវានុវត្តភាពនិងប្រសិទ្ធភាព ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ធនាគារជាតិនៃកម្ពុជា បានបន្តឈានទៅប្រើប្រាស់បច្ចេកវិទ្យា ក្នុងការផ្សព្វផ្សាយចំណេះដឹងផ្នែកហរិញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ។ ការធ្វើបែបនេះ នឹងផ្តល់ឥទ្ធិពលវិជ្ជមាន ជាផ្លែផ្កាដល់សង្គមកាន់តែខ្លាំង ហើយនេះជាមូលហេតុធនាគារជាតិនៃកម្ពុជា បង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ ឡើងសម្រាប់ប្រជាជនទូទៅ ជាពិសេសគឺសម្រាប់សិស្សានុសិស្សតែម្តង។
កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះមានឈ្មោះថា “NBC-Edu” ដែលអាចទាញយកបានតាមរយៈ Google Play និង Apple App Store។ មានតិកាដែលមាននៅក្នុងកម្មវិធីនេះនាពេលបច្ចុប្បន្ន គឺមានលំនាំពីសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ “តោះ! និយាយពីលុយ” និងមានបញ្ចូលនូវសំណួរចម្លើយ ដើម្បីជាជំនួយដល់សិស្សានុសិស្សក្នុងការស្វែងយល់ពីប្រធានបទហិរញ្ញវត្ថុដោយភាពរីករាយ និងមានអន្តរកម្មខ្ពស់។ កម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័តនេះ ក៏មានលក្ខណៈងាយស្រួលសម្រាប់លោកគ្រូ-អ្នកគ្រូ និងមាតាបិតា ប្រើប្រាស់ក្នុងការបង្រៀនសិស្ស ឬ កូនៗឲ្យចេះពីរបៀបធ្វើផែនការថវិកា សន្សំ និងចាយវាយដោយភាពឆ្លាតវៃ។
លោកស្រីអគ្គនាយក ក៏បានបន្ថែមថា គម្រោងនេះ គឺជំហានថ្មីមួយទៀតដើម្បីឆ្ពោះទៅលើកកម្ពស់សិទ្ធិរបស់ប្រជាជនក្នុងនាមជាអតិថិជនហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍដ៏ឆាប់រហ័ស។ គម្រោងនេះអាចកើតឡើងបានគឺដោយសារមានកិច្ចសហការ និងការគាំទ្រពីក្រុមហ៊ុន វីសា។ ឆ្លៀតក្នុងឱកាសនេះ ធនាគារជាតិនៃកម្ពុជា សូមថ្លែងអំណរគុណដល់ក្រុមហ៊ុន វីសា ដែលបានរួមចំណែកក្នុងការផ្តួចផ្តើមគម្រោងនេះ និងបង្កើនកម្រិតចំណេះដឹងផ្នែកហិរញ្ញវត្ថុដល់ប្រជាជនកម្ពុជា”។
អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជា បានថ្លែងថា ក្រុមហ៊ុន វីសា មានមោទនភាពក្នុងការបន្តការសហការ ជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ ដោយយោងតាមរបាយការណ៍ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត៧% នៅក្នុងឆ្នាំ២០១៨ និង ២០១៩ ដែលនេះបង្ហាញពីការអភិវឌ្ឍដ៏រឹងមាំនៃសេដ្ឋកិច្ច។ ក្នុងពេលដែលប្រជាជនចូលរួមនៅក្នុងសេដ្ឋកិច្ចសកលនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រជាជនអាចទាញយកផលប្រយោជន៍ជាច្រើនពីការវិវឌ្ឍទាំងនេះ។
ក្រុមហ៊ុនវីសា ដែលជាក្រុមហ៊ុនឯកជនឈានមុខគេលើផ្នែកចំណេះដឹងផ្នែកហិរញ្ញវត្ថុ បានអភិវឌ្ឍកម្មវិធីអប់រំសម្រាប់មនុស្សគ្រប់វ័យ នៅទូទាំងសកលលោកអស់រយៈពេល ២១ ឆ្នាំមកហើយ ដោយមានជំនឿថាចំណេះដឹងផ្នែកហិរញ្ញវត្ថុកម្រិតខ្ពស់ ជួយប្រជាជនក្នុងការគ្រប់គ្រងថវិកា និងពង្រឹងជីវភាពរបស់ខ្លួន។
អ្នកស្រី ជុំ ម៉ូនីកា បានបន្ថែមថា ក្រុមហ៊ុនយើងពិតជាមានភ័ព្វសំណាងណាស់ ដែលបានធ្វើការជាដៃគូជាមួយធនាគារជាតិនៃកម្ពុជាលើកម្មវិធីនេះ។ ចំណងទាក់ទងជាមួយសហគមន៍ និងការយល់ដឹងពីបញ្ហាប្រឈមក្នុងតំបន់ មានតម្លៃមិនអាចកាត់ថ្លៃបាន ដើម្បីសម្រេចជោគជ័យនៃកម្មវិធីរបស់យើង ហើយក្រុមហ៊ុន វីសា នឹងបន្តកិច្ចសហប្រតិបត្តិការជាដៃគូនេះទៅមុខទៀត។
លោកស្រីបញ្ជាក់ថា ការបង្កើតកម្មវិធីអប់រំផ្នែកហិរញ្ញវត្ថុតាមទូរស័ព្ទចល័ត “NBC-Edu” ក្រុមហ៊ុន វីសា និងធនាគារជាតិនៃកម្ពុជា នឹងបន្តចែកចាយសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុចំនួន ៨.០០០ក្បាល អាវយឺត ១.៨០០ និងថង់ក្រណាត់ចំនួន ១.៦០០ ដែលត្រូវបានបោះពុម្ពឡើង ក្នុងគោលបំណងផ្សព្វផ្សាយពី សារៈសំខាន់នៃចំណេះដឹងផ្នែកហិរញ្ញវត្ថុឱ្យកាន់តែទូលំទូលាយ៕