(ភ្នំពេញ)៖ លោកឧកញ៉ា លី ហួរ ម្ចាស់បុរីវិមានភ្នំពេញ និងជាប្រធានសមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានថ្លែងថា បច្ចុប្បន្ននេះ វិស័យអចលនទ្រព្យនៅកម្ពុជា កំពុងមានសក្ដានុពលល្អជាងគេ បើធៀបនៅក្នុងតំបន់ សំខាន់តំរូវការផ្ទះកម្រិតមធ្យមសម្រាប់ប្រជាពលរដ្ឋ គឺច្រើនណាស់ រហូតដល់ទៅជិត១លានខ្នងផ្ទះ ក្នុងឆ្នាំ២០៣០ ។
លោកឧកញ៉ាថ្លែងទៀតថា នៅគ្រប់ទីកន្លែងកំពុងតែរីកដុះដាលទៅលើវិស័យអចលនទ្រព្យ ។ជាក់ស្ដែងនៅទីក្រុងភ្នំពេញ, ជុំវិញទីក្រុង និងនៅទីរួមខេត្ដ គឺមានទាំងអស់ ពិសេស សមាគមន៍អ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពង្រាយរហូតទៅដល់តាមបណ្ដាខេត្ដ។
លោកបន្ដថា «នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ខ្ញុំបានចាប់ផ្ដើមបើកការដ្ឋានសាងសង់ នូវគម្រោងថ្មីទី៩ របស់បុរីវិមានភ្នំពេញ ដែលមានអគារកម្ពស់៦ជាន់ ចំនួន៥អគារការិយាល័យ, ហ្សប ហោស៍ និងវីឡាកូកាត់ជិត៣ពាន់ផ្ទះ ដែលជំហានទី១៖២០០០ផ្ទះ និងជំហានទី២៖ ១ពាន់ផ្ទះថែមទៀត លើទំហំដីជាង៣០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិ៦អា ទល់មុខសាលាស្រុកមុខកំពូល (ផ្សារព្រែកអញ្ចេញ) មានអគារសម្រាប់ ពិធីមង្គលការ, អគារពាណិជ្ជកម្ម,និងពិធីផ្សេងៗទៅតាម តំរូវការអតិថិជន ហើយគម្រោងនេះ គ្រោងនឹងបញ្ចប់ជាស្ថានពរ អំឡុងពេល៣-៥ឆ្នាំខាងមុខនេះ» ។
លោកឧកញ៉ា ថ្លែងបន្ដថា «លើសពីនោះយើងក៏បានត្រៀមរួចជាស្រេច ដើម្បីបំពេញតំរូវការផ្ទះជូនប្រជាពលរដ្ឋ ដោយយើងបានត្រៀមទីតាំងអភិវឌ្ឍថ្មីមួយទៀត ដែលស្ថិតនៅតាមផ្លូវលេខ៦អាដូចគ្នា ដោយគម្រោងនេះ គឺធំជាងគម្រោងទី៩នេះ រហូតដល់ទៅ៣ដង ហើយអាចផ្គត់ផ្គង់ផ្ទះ ចាប់ពី៨,០០០-១០,០០០ផ្ទះឯណោះ»។
លោកបន្ដថា «សម្រាប់ចម្ងាយមិនឆ្ងាយពីទីក្រុងភ្នំពេញនោះទេ គឺយើងធ្វើដំណើរប្រហែលជា៣០នាទីតែប៉ុណ្ណោះ ទោះបីជាយប់ជ្រៅយ៉ាងណាក៏ដោយ នៅតែមានសុវត្ថិភាព ព្រោះថានៅតាមផ្លូវជាតិ៦អា មានផ្លូវធំទូលាយ ស្រួលធ្វើដំណើរ ពិសេសយើងមានបំពាក់ភ្លើងនៅតាមផ្លូវ ដូចនេះ វាមានសុវត្ថិភាពល្អជូនដល់ប្រជាពលរដ្ឋយើង ។ ក្នុងនោះយើងក៏មានជម្រើសជាងច្រើន សម្រាប់អតិថិជនជ្រើសរើសនូវប្រភេទផ្ទះ និងអគារ រួមទាំងការបង់រំលួសដោយងាយស្រួលផងដែរ» ។
សូមជម្រាបថា គម្រោងទី៩ បុរីវិមានភ្នំពេញនេះ តម្លៃផ្ទះចាប់ពីជាង៤ម៉ឺន៧ពាន់ដុល្លារឡើងទៅរហូតដល់ទៅជាង២០ម៉ឺន និងអគារខ្ពស់ៗសម្រាប់ការិយាល័យ ប្រហែលជាង៦០-៧០ម៉ឺនដុល្លារ។ មកទល់នឹងពេលនេះ គម្រោងរបស់បុរីវិមានភ្នំពេញ គឺមានចំនួន៩ ទីតាំងហើយ ដែលទីតាំងទី៧-ទី៩ ស្ថិតនៅផ្លូវជាតិ៦អា និង៧គម្រោងទៀត នៅផ្លូវឯកឧត្ដម ជា សុផារ៉ា ដែលលក់អស់១០០%ហើយ ៕