(ភ្នំពេញ)៖ កម្ពុជានឹងទទួលរៀបចំកម្មវិធី វេទកាកាបូវអាវសម្រាប់អាស៊ី-សន្និសីទ ក្រោមប្រធានបទស្វែងរកការអភិវឌ្ឍន៍រួម និងឈ្នះៗ «កិច្ចខិតខំប្រឹងប្រែងរួមគ្នា ដើម្បីនាំយកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-កម្ពុជា ចូលទៅក្នុងសម័យថ្មី»
ដែលនឹងរៀបចំឡើង នៅថ្ងៃទី២៦-២៧ ខែកញ្ញា ឆ្នាំ២០១៨ នៅក្នុងសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា រាជធានីភ្នំពេញ។ នេះបើយោងតាមការបញ្ជាក់របស់លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៩ ខែកញ្ញានេះ។
ព្រឹត្តិការណ៍នេះ មានគោលបំណងជួយដល់សហគ្រិនចិនដែលមកកម្ពុជា ឱ្យយល់អំពីបរិយាកាសធុរកិច្ច និងគោលនយោបាយ ពាក់ព័ន្ធរបស់ប្រទេសកម្ពុជា ឲ្យបានកាន់តែច្បាស់ជាងមុន ក្នុងពេលដែលធ្វើការណែនាំវេទិការបូអាវ សម្រាប់អាស៊ីដល់រដ្ឋាភិបាលកម្ពុជា និងសហគមន៍ពាណិជ្ជកម្ម។
ព្រឹត្តិការណ៍ដ៏ធំនោះ នឹងមានការចូលរួមពីសំណាក់លោកស្រីបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច,លោក សុខ ចិន្តាសោភា រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា,លោក ស្យុង បូ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃ សាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា, អ្នកឧកញ៉ា គិត ម៉ែង ប្រធានសភាពាណិជ្ជកម្មកម្ពុជា, លោក លី បាវដុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី, លោកបណ្ឌិត ស៊ូរ៉ាគៀត សាធីរ៉ាថៃ អតីតឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសថៃ ប្រធាក្រុមប្រឹក្សាផ្សះផ្សា និងសន្តិភាពអាស៊ី និងសមាជិកក្រុមប្រឹក្សាភិបាលនៃវេទិកាបូអាវសម្រាប់អាស៊ី។
លោក លី បាវដុង នឹងដឹកនាំមេដឹកនាំធុរកិច្ចចំនួន៧០រូប មកពីប្រទេសចិន ដើម្បីចូលរួមសន្និសីទនេះ។ សន្និសីទនេះនឹងមានការចូលរួមពី គណៈប្រតិភូកម្ពុជាចំនួន៧០រូប ដែលនឹងអញ្ជើញដោយ សភាពាណិជ្ជកម្មកម្ពុជា និងនាយកប្រតិបត្តិប្រមាណ៧០រូប មកពីសហគ្រាសចិននៅក្នុងប្រទេសកម្ពុជា, ថ្នាក់ដឹកនាំរដ្ឋ និងរដ្ឋាភិបាលកម្ពុជា ក៏ដូចជាមន្រ្តីជាន់ខ្ពស់ត្រូវបាន គេរំពឹងថានឹងធ្វើការប្រាស្រ័យទាក់ទង ជាមួយអ្នកចូលរួម។
សូមបញ្ជាក់ថា វេទិកាបូអាវសម្រាប់អាស៊ី (BFA) ជាអង្គការក្រៅរដ្ឋាភិបាលអន្ដរជាតិ ដែលមិនរកប្រាក់ចំណេញ ស្ថិតក្នុងប្រទេសចិន និងជាវេទិកាបូអាវសម្រាប់អាស៊ីដ៏ល្បីល្បាញ និងសំខាន់បំផុតសម្រាប់អ្នកដឹកនាំ មកពីរដ្ឋាភិបាលធុរកិច្ច និងសាកលវិទ្យាល័យ នៅទ្វីបអាស៊ី និងទ្វីបដទៃទៀតដើម្បីចែករំលែកចក្ខុវិស័យ ស្តីពីបញ្ហាចំបងនៅក្នុងតំបន់ ដែលមានសក្តានុពលជុំវិញពិភពលោក។
វេទិកាបូអាវសម្រាប់អាស៊ី ប្តេជ្ញាលើកកម្ពស់សមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ និងធ្វើឲ្យប្រទេសអាស៊ីកាន់តែខិត ទៅជិតគោលដៅអភិវឌ្ឍន៍របស់ពួកគេ៕