(ភ្នំពេញ)៖ មេការផ្ទះសំណាក់ម្នាក់ និងនារីម៉ាស្សាម្នាក់ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ សហការជាមួយកម្លាំងនគរបាលសន្តិសុខខណ្ឌ ក្រោមការសម្របសម្រួលពីលោកស្រី ស៊ុង ឆវ័ន្ត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតនៅក្នុងផ្ទះសំណាក់យីហោ «អូរឌឹម» ស្ថិតនៅភូមិកន្ទោកជើង សង្លាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នគរបាលបានឲ្យដឹងថា មេការផ្ទះសំណាក់ដែលត្រូវកម្លាំងចម្រុះ ឃាត់ខ្លួនបាននោះ ទី១៖ ឈ្មោះ វ៉ិត វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មានមុខរបរ ជាអ្នកមើលថែផ្ទះសំណាក់ និងនារីម៉ាស្សាម្នាក់ ពុំត្រូវបានស្គាល់ឈ្មោះ ម៉ាក់ ស្រីនាង អាយុ២១ឆ្នាំ មុខរបរម៉ាស្សាយីហោ «ម្លប់មាន» ស្នាក់នៅបុរី លឹមឈាងហាក់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។
នគរបាលបានបន្តថា មុនពេលកើតហេតុកម្លាំងនគរបាលខណ្ឌ បានទទួលព័ត៌មានផ្ទះសំណាក់ខាងលើ មានមុខសញ្ញាកំពុងប្រើប្រាស់គ្រឿងញៀន ហើយកម្លាំងនគរបាលបានសហការជាមួយកម្លាំងប៉ុស្តិ៍ ដោយមានការសម្របសម្រួលពីលោកស្រី សុង ឆវ័ន្ត បានចុះឆែកឆេរផ្ទះសំណាក់ខាងលើ ឃាត់ខ្លួនមនុស្សមួយចំនួន និងមេការផ្ទះសំណាក់ រួមនិងនារី មកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការ ទៅតាមនីតិវិធីច្បាប់។ ផ្ទះសំណាក់មួយនេះ គឺជាកន្លែងសម្រាប់មុខសញ្ញាចែកចាយគ្រឿងញៀនមកសំងំ និងលាក់ខ្លួន ដើម្បីធ្វើសកម្មភាពផងដែរ។ នេះជាការលួចបង្ហើបរបស់សមត្ថកិច្ច។
គួរបញ្ជាក់ថា កន្លងមកកម្លាំងនគរបាល ធ្វើការបង្ក្រាបបានជាច្រើនករណី ហើយជនសង្ស័យសុទ្ធតែទៅសំងំនៅផ្ទះសំណាក់ ដើម្បីធ្វើសកម្មភាព៕