(ភ្នំពេញ)៖ ខណៈដែលដំណាំចេកអំបូងលឿង កំពុងទទួលបានការទាក់ទាញយ៉ាងខ្លាំង ពីអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកនោះ លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយករងក្រុមហ៊ុន អាន ម៉ាឌី គ្រុប បានសម្រេចវិនិយោគ ដាំដំណាំចេកអំបូងលឿង នៅក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នៅលើផ្ទៃដីប្រមាណ ជាង១ពាន់ហិកតា។
ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នារសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា លោកកំពុងតែចាប់ផ្ដើមដាំដំណាំចេកអំបូងលឿងនេះ ជាបណ្ដើរៗហើយ ដែលក្នុងជំហានទី១នេះ លោកគ្រោងនឹងដាំលើផ្ទៃដី ជាង១ពាន់ហិកតា និងឆ្នាំបន្ដបន្ទាប់ទៅទៀត។
លោកឧកញ៉ាបញ្ជាក់ទៀតថា លោកក៏មានគម្រោងបង្កើតរោងចក្រ ដើម្បីវេចខ្ចប់នាំចេញ ហើយនោះក្រុមហ៊ុនក៏ផលិតម្សៅចេក និងចេកឆាបផងដែរ (ចេកដែលមិនមានលក្ខណៈស្តង់ដារ) ។ លោកឧកញ៉ាបានបញ្ជាក់ឲ្យដឹងថា ដោយក្នុងនោះចេកទាំងអស់ វាមិនត្រូវស្ដង់ដារ នាំចេញទាំងអស់នោះទេ អីចឹងហើយចេកណា ដែលនាំចេញមិនបាន លោកនឹងកែច្នៃចេកទាំងអស់នោះ ទៅជាម្សៅចេកវិញ។
លោកឧកញ៉ា លឹម ហេង បញ្ជាក់ថា «តាមផែនការក្រុមហ៊ុនខ្ញុំ អាចនឹងនាំចេញចេកអំបូងលឿងនេះ នៅចុងឆ្នាំក្រោយ»។
សូមជម្រាបថា កាលដើមខែសីហានេះ កម្ពុជា និងចិន បានចុះហត្ថលេខាលើពិធីសារ ស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ សម្រាប់ការនាំចេកកម្ពុជា ទៅកាន់ប្រទេសចិន រវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា លោក ស្យុង ប័រ។ នាំចេញផ្លែចេក ទៅកាន់ទីផ្សារប្រទេសចិន អាចនឹងដំណើរការ នាចុងឆ្នាំ២០១៨នេះ។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន ឡេងមេត អេហ្គ្រីខលឈ័រ ដែលជាការវិនិយោគរួមគ្នារវាងកម្ពុជា និងចិន បានបោះទុន៣២លានដុល្លារ បើកការដ្ឋានដាំចេកដ៏ទំនើបមួយនៅខេត្តកំពត លើផ្ទៃដីជាង១ពាន់ហិកតាផងដែរ។ ក្រុមហ៊ុននេះរំពឹងថា នឹងអាចនាំចេញចេកបាននៅចុងឆ្នាំ២០១៨នេះ៕