(ភ្នំពេញ)៖ លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រិទ្ធសភា និងអធិការកិច្ច បានបន្តជួយផ្នែកជីវភាពរស់នៅរបស់តារាចម្រៀងជើងចាស់ និងល្បីឈ្មោះបោះសម្លេង កាលពីពាក់កណ្តាលទសវត្សរ៍៩០ ខណៈធ្លាក់ខ្លួនពិការដោយសារជម្ងឺលើសឈាម គឺលោក សួស សងវាចារ។
លោក សួស សងវាចារ ជាតារាចម្រៀងល្បីឈ្មោះម្នាក់ ដែលត្រូវបានប្រជាជនកម្ពុជាទូទៅស្គាល់ថា មានសម្លេងស្រដៀងលោក ស៊ិន ស៊ីសាមុត បច្ចុប្បន្នកំពុងសម្រាកក្នុងលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោក ណុប ចាន់ណារិន្ទ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច កាលពីរសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បាននាំយកថវិកាចំនួន១០០០ដុល្លារ ជាអំណោយរបស់លោកស្រីកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ទៅប្រគល់ជូនដល់ដៃលោក សួស សងវាចារ និងក្រុមគ្រួសារ។
លោក ណុប ចាន់ណារិន្ទ បានបញ្ជាក់ថា កន្លងមកក៏ដូចជាបច្ចុប្បន្ន លោកស្រី តែងតែបានយកចិត្តទុកដាក់ជួយដល់ក្រុមគ្រួសារលោក សួស សងវាចារ និងសិល្បករ សិល្បការិនី ដ៏ទៃទៀតដែលជួបការលំបាក នៅទូទាំងប្រទេសជាបន្តបន្ទាប់។
លោក ណុប ចាន់ណារិន្ទ បានបន្តថា សុខភាពរបស់លោក សួស សងវាចារ បច្ចុប្បន្នមានសភាពធម្មតា គ្រាន់តែលោកស្ថិតនៅក្នុងស្ថានភាពពិការ ពិបាកធ្វើដំណើរបំលាស់ទី ពីកន្លែងមួយទៅកន្លែងមួយតែប៉ុណ្ណោះ។ ទោះជាយ៉ាងនេះក្តី លោក វាចារ បានព្យាយាមហាត់ប្រាណជាប់ជាប្រចាំ មិនដែលអាក់ខានឡើយ ដោយធ្វើដំណើរពឹងផ្អែកលើឈើច្រត់ ដើម្បីជូនដំណើររបស់លោក។
សូមបញ្ជាក់ថា លោក សួស សងវាចារ បច្ចុប្បន្នមានវ័យជាង៥០ឆ្នាំ មានកូនបីនាក់នៅក្នុងបន្ទុកកំពុងសិក្សា។ កន្លងមកកូនៗរបស់លោក សងវាចារ ធ្លាប់បានទទួលអាហារូបករណ៍៣០ភាគរយ ពីលោកបណ្ឌិត លី ឆេង អគ្គនាយកសាលាប៊ែលធី។ តែឥឡូវនេះលោកមានលំបាក ក្នុងការឧបត្ថម្ភដល់ការរៀនសូត្ររបស់កូនៗ លោកមានបំណងសុំការឧបត្ថម្ភពីសប្បុរសជន ដើម្បីឲ្យកូនៗបានបន្តការសិក្សាទៅមុខថែមទៀត៕