(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ វ៉ៃ ហ្វឹងហឺ សមាជិកគណៈកម្មាធិការយោធាមជ្ឈឹម និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ សាធារណរដ្ឋប្រជាមានិតចិន បានផ្ញើសារអបអរសាទរដល់សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានបន្តតែងតាំងឲ្យធ្វើជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃកម្ពុជាសម្រាប់អាណត្តិថ្មីនេះ។
យោងតាមលិខិតជូនពររបស់រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ដែលអង្គភាពសារព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំបានទទួលដំណឹងថា សម្តេចបានទទួលដំណែងជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ម្តងទៀតសម្រាប់នីតិកាលទី៦នេះ។ ក្នុងនាមខ្ញុំផ្ទាល់ និងជំនួសមុខឲ្យក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន សូមសម្តែងនូវការអបអរសាទរ ចំពោះសម្តេច»។
លោកបន្តថា «ខ្ញុំសូមចូលរួមជាមួយសម្តេច បន្តធ្វើការដើម្បីឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស្អិតរមួត បង្កើនមិត្តភាពឲ្យ កាន់តែល្អ ពង្រីកការសហការ និងថែរក្សាសនិ្តសុខរួម ជំរុញទំនាក់ទំនង ដៃគូរសហការ ឲ្យឡើងទៅមួយកម្រិតទៀត»។
រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ក៏បានស្វាគមន៍ចំពោះសម្តេច ទៀ បាញ់ ដែលនឹងទៅធ្វើទស្សនកិច្ច និងចូលរួមវេទិកាសៀងសានប៉េកាំងនូវពាក់កណ្តាលខែតុលា ខាងមុខនេះផងដែរ៕