(ភ្នំពេញ)៖ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ លោក នុត ពុធដារ៉ា ជំនួយការសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ បានដឹកនាំមន្ត្រីរាជការ រួមជាមួយនឹងអធិការនគរបាលខណ្ឌ ចៅសង្កាត់ មេប៉ុស្តិ៍ ប្រធានភូមិ ធ្វើការប្តេជ្ញាចិត្តចំពោះមុខបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរទ្វេរដង ទាំងលើផ្តល់សេវារដ្ឋបាល និងការងារភូមិ-សង្កាត់មានសុវត្ថិភាព ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
ក្នុងឱកាសជួបសំណេះសំណាល សួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមបុរី ក្នុងសង្កាត់ដង្កោ និងសង្កាត់ព្រៃស លោកអភិបាលខណ្ឌ បានផ្សព្វផ្សាយអំពីការផ្តល់ សេវារបស់រដ្ឋបាលខណ្ឌ តាមរយៈការិយាល័យច្រកចេញចូលតែមួយ ដែលផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋបានរហ័ស មានតម្លាភាព និងតម្លៃថោក។
ជាមួយគ្នានេះ ចំពោះការធ្វើសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋរស់នៅតាមបុរី ដែលទើបផ្លាស់ប្តូរទីលំនៅ ហើយពុំទាន់មានសៀវភៅស្នាក់នៅ គឺអធិការដ្ឋាននគរបាលខណ្ឌ នឹងចុះធ្វើជូនដោយពុំគិតថ្លៃ ហើយរាល់ការចំណាយ គឺជាបន្ទុករបស់លោកអភិបាលខណ្ឌផ្ទាល់ ដើម្បីសម្រួលជូនបងប្អូនដែលរស់នៅតាមបុរីឆាប់បានប្រើប្រាស់។
ចំពោះការកាត់ឈ្មោះកម្មសិទ្ធិផ្ទះ ពីម្ចាស់បុរីមកប្រជាពលរដ្ឋជាអ្នកទិញផ្ទះ រដ្ឋបាលខណ្ឌ នឹងរៀបចំជួយសម្រួលដល់បងប្អូនឲ្យបានឆាប់រហ័ស។ ការងារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន អធិការដ្ឋាននគរបាលខណ្ឌ មូលដ្ឋានកងរាជអាវុធហត្ថខណ្ឌ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ភូមិ បានប្តេជ្ញាចិត្តរួមគ្នាអនុវត្តឲ្យបានល្អប្រសើរ នូវគោលនយោបាយភូមិ សង្កាត់មានសុវត្ថិភាព ពង្រឹងការងារសន្តិសុខ និងទប់ស្កាត់បទល្មើសលួចឆក់ប្លន់គ្រប់ប្រភេទ មិនឲ្យកើតមានឡើងផងដែរ។
ក្នុងឱកាសនោះលោកអភិបាល ក៏បានលើកឡើងអំពីការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរពីមួយថ្ងៃទៅមួយថ្ងៃ ក្រោមដំបូលសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ហើយលោកអភិបាល ក៏បានថ្លែងអំណរគុណចំពោះបងប្អូនទាំងអស់ ដែលបានចូលរួមបោះឆ្នោត និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីដែលធ្វើឲ្យគណបក្ស បានទទួលជ័យជម្នះ យ៉ាងភ្លូកទឹកភ្លូកដី ក្នុងការបោះឆ្នោតកន្លងទៅ ដែលនេះបង្ហាញពីការស្រលាញ់ និងពេញចិត្តការដឹកនាំរបស់សម្តេចតេជោ ដើម្បីសម្តេចបន្តការអភិវឌ្ឍ ប្រទេសឲ្យបានរីកចម្រើនបន្តទៀត។
ជាមួយគ្នានេះ លោកអភិបាល ក៏បានទទួលយកសំណើ និងសំណូមពររបស់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅក្នុងបុរី យកមកដោះស្រាយបានទាន់ពេលវេលាជូនពួកគាត់ផងដែរ។
ប្រជាពលរដ្ឋទាំងអស់ បានអបអរសាទរ និងថ្លែងអំណរគុណចំពោះលោកអភិបាល អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ចំពោះការយកចិត្តទុកដាក់គិតគូរពីតម្រូវការរបស់ពួកគាត់ និងដោះស្រាយជូនបានទាន់ពេលវេលា៕