(ភ្នំពេញ)៖ រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក សូ ម៉ារ៉ា បានថ្លែងថា ប្រទេសកម្ពុជានិងចិន តែងតែមានទំនាក់ទំនងល្អជាមិត្តជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមកពោលគឺកម្ពុជា-ចិន ជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយ៉ាងពិតប្រាកដ ទាំងវិស័យទេសចរណ៍ សេដ្ឋកិច្ច កីឡា និងវិស័យការពារជាតិ ហើយតាមរយៈកិច្ចសហប្រតិបត្តិការល្អនេះ បានធ្វើឱ្យចំនួនអ្នកវិនិយោគចិន ក៏ដូចជាភ្ញៀវទេសចរចិនមកកម្ពុជា មានចំនួនកាន់តែច្រើនឡើង រៀងរាល់ឆ្នាំ។
លោករដ្ឋលេខាធិការ បានថ្លែងបែបនេះ ក្នុងឱកាសដែលលោកដឹកនាំក្រុមការងារក្រសួង ជំនួសឱ្យលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ជួបជាមួយប្រតិភូគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងគុនមីញ នៅសណ្ឋាគារសុខាភ្នំពេញរ៉េស៊ីដង់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។ ពិធីនេះផងដែលក៏មានការចូលរួម ពីសំណាក់ប្រតិភូគណៈកម្មាធិការអភិវឌ្ឍន៍ទេសចរណ៍ទីក្រុងគុនមីញ និងតំណាងក្រសួងទេសចរណ៍ជាច្រើនរូបផងដែរ។
លោក សូ ម៉ារ៉ា បានថ្លែងបន្តថា តាមរយៈទំនាក់ទំនងមិត្តភាពកម្ពុជា-ចិន ប្រជាជនចិន និងប្រជាជនកម្ពុជា បានចែករំលែកប្រវត្តិសាស្រ្ដជាមួយគ្នាជាច្រើនដូចជាប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ ជាមួយនឹងទំនាក់ទំនងការទូតដ៏យូរលង់ណាស់មកហើយ។ ចំណងសាមគ្គីភាពរវាងកម្ពុជា-ចិន កាន់តែស្អិតរមួតបន្ថែមទៀតក្នុងសម័យសង្គមរាស្ត្រនិយម ក្រោមការដឹកនាំរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ និងបានបន្តរហូតមកដល់បច្ចុប្បន្ន ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកបានបន្តថា ប្រទេសកម្ពុជា និងចិន តែងតែមានទំនាក់ទំនងល្អ ជាមិត្តជឿទុកចិត្តគ្នា និងគាំទ្រគ្នាទៅវិញទៅមក ពោលគឺកម្ពុជា-ចិនជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយយ៉ាងពិតប្រាកដ។ តាមរយៈកិច្ចសហប្រតិបត្តិការល្អជាយុទ្ធសាស្រ្ត និងគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ បានធ្វើឱ្យចំនួនអ្នកវិនិយោគចិន ក៏ដូចជាភ្ញៀវទេសចរចិនមកកម្ពុជាមានចំនួនកាន់តែច្រើនឡើងជារៀងរាល់ឆ្នាំ ជាក់ស្តែងភ្ញៀវទេសចរណ៍ចិនបានជាប់លំដាប់ថ្នាក់លេខ១ នៅឆ្នាំ២០១៧ ហើយរយៈពេល៧ខែ ឆ្នាំ២០១៨នេះ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួនជាង ៣.៤លាននាក់ ស្ថិតក្នុងកំណើន ១១,១% ដោយទេសចរចិនឈនៅលំដាប់លេខ១ មានចំនួន១លាន៩ម៉ឺននាក់កើនឡើង ៧២,៦% ។
លោកក៏បានបញ្ចាក់ទៀតថា ដើម្បីពង្រឹងដល់កិច្ចសហការផ្សព្វផ្សាយទេសចរណ៍ រវាងគោលដៅទេសចរណ៍ទាំងពីរ កម្ពុជា និងទីក្រុងគុនមីញឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត យើងគួរបង្កើតជាសម្មភាពផ្សព្វផ្សាយរួមគ្នាមួយចំនួនដូចជា៖ ការផ្សព្វផ្សាយរួមគ្នាតាមប្រព័ន្ធ Digital ការរៀបចំទស្សនៈកិច្ចសិក្សា ( FAM Trip) រវាងគោលដៅទាំងពីរ ការពង្រឹងកិច្ចសហការផ្នែកបណ្ដុះបណ្ដាល ធនធានមនុស្សលើជំនាញទេសចរណ៍ ការរៀបចំឱ្យមានព្រឹត្តិការណ៍សន្និបាតផ្សេងៗរវាងកម្ពុជា និងទីក្រុងគុនមីញ ដើម្បីពង្រីកការផ្សព្វផ្សាយគោលដៅទេសចរណ៍ ទាំងពីឱ្យកាន់តែទូលំទូលាយ សំដៅទាក់ទាញវិនិយោគិន និងទេសចរចិនឱ្យកាន់តែច្រើនថែមទៀត ខណៈដែលវិនិយោគិន និងទេសចរចិន បាននឹងកំពុងឈរនៅលំដាប់ទី១ នៅកម្ពុជា៕