(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជានៅជប៉ុន នឹងបានចូលរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ជប៉ុន ទាំងក្នុងក្របខណ្ឌទ្វេភាគី តំបន់ និងនៅលើឆាកអន្តរជាតិ។
ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានអញ្ជើញទៅបំពេញទស្សនកិច្ចការងារនៅប្រទេសជប៉ុន រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ តបតាមការអញ្ជើញរបស់រដ្ឋាភិបាលជប៉ុន។ នេះគឺជាទស្សនកិច្ចផ្លូវការក្រៅប្រទេសជាលើកដំបូងរបស់ លោករដ្ឋមន្រ្តីការបរទេសកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មី។
ខណៈកំពុងទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានសរសេរនៅលើទំព័រ Facebook ផ្លូវការរបស់លោកយ៉ាងដូច្នេះ៖ «ខ្ញុំជឿជាក់យ៉ាងមុតមាំថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកម្ពុជាលើកនេះ នឹងចូលរួមចំណែកក្នុងការពង្រឹង និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី តំបន់ និងនៅលើឆាកអន្តរជាតិ»។
លោកឧបនាយករដ្ឋមន្ត្រី ក៏ថ្លែងអំណរគុណដល់លោក Shinzo ABE នាយករដ្ឋមន្រ្តីជប៉ុន និងលោក Taro KONO រដ្ឋមន្រ្តីការបរទេសជប៉ុន ដែលបានផ្ញើលិខិតអបអរសាទរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងរូបលោកផ្ទាល់ចំពោះការតែងតាំង និងការបង្កើតរាជរដ្ឋាភិបាលថ្មី។
គួររំលឹកផងដែរថាឆ្នាំនេះ គឺជាខួបអនុស្សាវរីយ៍លើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងជប៉ុន។ ប្រទេសទាំងពីរ បានឯកភាពគ្នារៀបចំសកម្មភាពរួមគ្នាមួយចំនួនទាំងនៅកម្ពុជា និងនៅជប៉ុន ហើយដំណើរទស្សនកិច្ចរបស់លោក និងគណៈប្រតិភូកម្ពុជាលើកនេះ ក៏ជាសកម្មភាពមួយបំពេញបន្ថែមលើការអបអរខួបអនុស្សាវរីយ៍នេះ ដើម្បីពង្រឹងនូវទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា កម្ពុជាក៏បានត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការយ៉ាងជិតស្និទ្ធជាមួយជប៉ុន ដែលជាប្រធាន និងជាប្រទេសម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុន លើកទី១០ នៅខែតុលា ឆ្នាំ២០១៨ ខាងមុខនេះ៕