(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសសម្ពោធសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» នៅបណ្ណាគារ Monument Book នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានថ្លែងថា សៀវភៅនេះ ជាផ្នែកដ៏ជួរចត់មួយ ដែលបានកើតឡើង នៅជួរភ្នំដងរែក។
សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» ជាស្នាដៃរបស់លោកឧកញ៉ា គួច ម៉េងលី ស្ថាបនិក ប្រធាន ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ.គួច មានកម្រាស់២៥០ទំព័រ បោះពុម្ភផ្សាយដោយ គ្រឹះស្ថានបោះពុម្ភ នៃសាកលវិទ្យាល័យ ម៉េងលី ជេ.គួច នៅខែឧសភា ឆ្នាំ២០១៨។ សៀវភៅនេះ គឺជាកម្រងជីវិតពិតរបស់ក្រុមគ្រួសារ លោកឧកញ៉ា ដែលបានរត់ភៀសខ្លួនពីខេត្តបាត់ដំបង ទៅកាន់ជំរំនៃជាយដែនកម្ពុជា-ថៃ បំណងភៀសខ្លួន ទៅប្រទេសទី៣ ក្នុងបុព្វហេតុស្វែងរកសន្តិភាពដើម្បីជីវិត។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានរំឭកថា ការរត់គេចចេញពីទុក្ខបុកម្នេញ របស់ពួកខ្មែរក្រហម ជាពិសេសគេចចេញ ពីការវាយប្រយុទ្ធគ្នា របស់កងទ័ពរណសិរ្សសាមគ្គីសង្រ្គោះជាតិកម្ពុជា គាំទ្រដោយកងទ័ពវៀតណាម ជំរុញឲ្យក្រុមគ្រួសារលោកឧកញ៉ា បានទៅដល់ជាយដែនកម្ពុជា-ថៃ និងស្នាក់នៅក្នុងជំរំបណ្តោះអាសន្នឈ្មោះ ណងចាន់ ស្ថតិនៅក្នុងភូមិណងចាន់ ឃុំណងចាន់ ស្រុកគោកស៊ូង ខេត្តស្រះកែវ ប្រទេសថៃ។ លោកបន្តថា ជាអកុសល ស្នាក់នៅជំរំនោះមួយសប្តាហ៍ក៏ត្រូវទាហានថៃ ដឹកជញ្ជូនទៅទម្លាក់ជ្រោះភ្នំដងរែក ផ្ទុយពីសេចក្តីរំពឹងថាបានទៅប្រទេសទី៣ នៃទីស្ថានសេរីភាព និងសន្តិភាព។
លោកឧកញ៉ា បានថ្លែងទៀតថា ការវង្វេងក្នុងព្រៃឬស្សី សភាពដេកក្នុងទឹក ការដើរសុំទានគេ បូករួមនឹងជីវិតពីកុមារភាព និងការឆ្លងកាត់របបអាវខ្មៅដោយអន្លើ នៃយុវភាពរបស់លោក និងក្រុមគ្រួសារផងនោះ ត្រូវបានលាតត្រដាង តាមរយៈសៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច»។ លោកបន្តថា លោកស្វាគមន៍ជានិច្ច ប្រសិនបើមានបងប្អូនចង់យកសៀវភៅនេះ ទៅបកប្រែជាភាសាដទៃ ព្រោះមានប្រជាពលរដ្ឋខ្មែរជាច្រើន នៅក្រៅប្រទេស ដែលមិនចេះអក្សរខ្មែរ កំពុងចង់អានសៀវភៅ លក្ខណៈប្រវត្តិសាស្ត្រមួយនេះ។
ជាមួយគ្នានេះ តំណាងឲ្យបណ្ណាគារ Monument Book លោក ម៉ែន សំបូរ បានរំពឹងថា សៀវភៅ «ភ្នំដងរែក ទីពុំអាចភ្លេច» នឹងរួមចំណែកយ៉ាងធំធេងក្នុងការសិក្សា ហើយក៏បង្ហាញពីប្រវត្តិ នៃការតស៊ូរបស់បុគ្គលល្បីៗ ដែលមានភាពជោគជ័យក្នុងជីវិត ដូចជាលោកឧកញ៉ា គួច ម៉េងលី ជាដើម។ លោកក៏សង្ឃឹមថា សៀវភៅនេះ ក៏នឹងត្រូវមានវត្តមាន នៅតាមបណ្តាប្រទេសផ្សេងៗទៀត នៅលើសកលលោក ផងដែរ។
លោកបានលើកទឹកចិត្តថា សុំឲ្យក្រុមការងារទាំងអស់ បើសិនជាអាចបន្ទាប់ពីមានជាភាសាខ្មែរនេះទៅ អាចលៃលកយ៉ាងណា សរសេរជាភាសាបរទេស រួមមាន ភាសាចិន និងអង់គ្លេសជាដើម។ បើតាមលោក មែន សំបូរ មានទេសចរណ៍ជាច្រើន ដែលមកកម្សាន្តនៅកម្ពុជា ឥតឈប់ឈរ ហេតុនេះពួកគាត់ តែងតែចង់ដឹងពីប្រវត្តិសាស្ត្រប្រទេសកម្ពុជា ហើយការផលិតភាសាផ្សេងនេះ គឺជាផ្នែកមួយដែលនាំឲ្យជនបរទេស ស្គាល់ពីកម្ពុជាកាន់តែច្រើន៕