(ភ្នំពេញ)៖ សភាពាណិជ្ជកម្មសហរដ្ឋអាមេរិក-កម្ពុជា ដោយមាន​ការសម្របសម្រួល​ពីស្ថានទូតអាមេរិកនៅភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ពាណិជ្ជកម្មមួយ នៅរាជធានីភ្នំពេញ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ។ ពិព័រណ៍នេះផ្តោតលើវិស័យកសិកម្មដែលមានការប្រែប្រួលយ៉ាងឆាប់រហ័សរបស់​ប្រទេស​កម្ពុជាក្រោម​ប្រធាន​បទ «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្ម​នៅកម្ពុជា»​។ នេះបើតាមសេចក្តីប្រកាសរបស់ស្ថានទូតអាមេរិក ប្រចាំនៅប្រទេសកម្ពុជា។

គោលបំណងនៃការរៀបចំព្រឹត្តិការណ៍​នេះ គឺដើម្បីជួយឲ្យក្រុមហ៊ុនអាមេរិក មានការយល់ដឹងស៊ីជម្រៅ​ ទៅលើវិស័យ​នេះ ដោយភ្ជាប់ទំនាក់ទំនងជាមួយភាគីកម្ពុជា ហើយស្វែងរក​មើលអនាគតដៃគូវិនិយោគ និងពាណិជ្ជកម្មដ៏មាន​សក្តានុពល នៅក្នុងប្រទេសនេះ។

ប្រតិភូទាំង១៦ តំណាងឲ្យក្រុមហ៊ុនឈានមុខគេមួយ​ចំនួនរបស់សហរដ្ឋអាមេរិក មានដូចជាក្រុមហ៊ុន 3M, Absolute Packaging and Automation, Cargill, Humate USA, Hydro-Thermal Corporation, Intervet, John Deere, និងក្រុមហ៊ុន Syngenta ហើយក៏នឹងមានផងដែរ ​នូវក្រុម​ហ៊ុននៅអាស៊ីអាគ្នេយ៍ ដែលចែកចាយមុខទំនិញសំខាន់ៗ ​របស់អាមេរិក។

​នៅក្នុងរយៈពេល២ថ្ងៃ​ខាងមុខនេះ សមាជិកប្រតិភូនឹងរៀនសូត្រអំពីវិស័យផ្សេងៗ ទាក់ទង​នឹង​​កសិកម្មកម្ពុជា ដូចជាស្រូវអង្ករ ចំណីសត្វ និងបសុសត្វ និងវារីវប្បកម្ម ភ្ជាប់ជាបណ្តាញ ក្រុមអ្នកជំនួញ​ក្នុងស្រុក និងទស្សនា​ទីតាំងផលិតកម្ម​ក្នុងមូលដ្ឋាន។ លើសពីនេះទៀត ពួកគេនឹងជួបជាមួយមន្រ្តីជាន់ខ្ពស់ មកពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕