(ភ្នំពេញ)៖ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ បានស្វាគមន៍ចំពោះជំហរដ៏ត្រឹមត្រូវរបស់លោក ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលបានថ្លែងថា អាមេរិករីករាយនឹងធ្វើការងារជាមួយប្រទេសកម្ពុជា សម្រាប់រាជរដ្ឋាភិបាល អាណត្តិថ្មី។
លោក សុខ ឥសាន បានបញ្ជាក់យ៉ាងដូច្នេះថា «គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា សូមស្វាគមន៍ និងគាំទ្រគោលជំហរដ៏ត្រឹមត្រូវ របស់លោកប្រធានាធិបតីនៃសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ដែលបានថ្លែងនៅចំពោះមុខ ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ក្នុងការដែលរីករាយនឹងធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជាកាន់តែស៉ីជម្រៅ។ ទន្ទឹមនឹងនេះ លោកប្រធានាធិបតី ក៏បានសម្តែងការភ្ញាក់ផ្អើល ចំពោះការរីកម្រើន នៃកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា»។
សូមជម្រាបថា នៅចំពោះមុខលោក ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារ ជាឯកអគ្គរាជទូតកម្ពុជា នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នោះ លោក ដូណាល់ ត្រាំ បានបញ្ជាក់ថា សហរដ្ឋអាមេរិក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង លើការរីកចម្រើនផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា ហើយសហរដ្ឋអាមេរិក មានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ។
ប្រធានាធិបតីប្រទេសមហាអំណាចរូបនេះ បានបន្ថែមយ៉ាងដូច្នេះទៀតថា៖ «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះ នៅក្នុងអនាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នា នៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី ត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ចប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយយើងនឹងខិតខំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»។
លោក ដូណាល់ ត្រាំ បានបញ្ជាក់ទៀតថា៖ «ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀបវារៈរួមរបស់យើង ហើយនឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៉ីជម្រៅថែមទៀត»។
លោក សុខ ឥសាន បានចាត់ទុកថា ជំហរដ៏មានអត្ថន័យ និងមានតម្លៃចំពោះសភាពការណ៍កម្ពុជា ដែលលោកប្រធានាធិបតី មានឆន្ទ:ចង់ធ្វើការជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងទ្វេភាគី កាន់តែស៉ីជម្រៅនោះ គឺជាការផ្តល់យុត្តិធម៌ ដល់ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា ដែលកើតចេញពីការបោះឆ្នោត តាមឆន្ទៈរបស់ប្រជាជនកម្ពុជា នៅទូទាំងប្រទេស ដែលឆ្លុះបញ្ចាំងពី លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បាននឹងកំពុងរីកចម្រើនយ៉ាងពិតប្រាកដ។
បើតាមអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា គោលជំហរដ៏ត្រឹមត្រូវរបស់លោក ដូ ណាល់ត្រាំ ពេលនេះ ផ្ទុយស្រឡះពីសម្តី និងការផ្សាយរបស់ក្រុមជ្រុលនិយមមួយចំនួន។ លោកបន្តថា ក្រុមជ្រុលនិយមទាំងនោះ តែងតែបំភ្លៃការពិត និងមូលបង្កាច់សភាពការណ៍កម្ពុជា ដោយធ្វើខ្លួនជាខ្មាំងសត្រូវរបស់ប្រទេសកម្ពុជា និងធ្វើខ្លួនជាអាមេរិក ជាងអាមេរិកទៅទៀត ដែលផ្ទុយពីជំហរទាំងស្រុងរបស់លោក ដូ ណាល់ត្រាំ៕