​(ពោធិ៍សាត់​)៖​ ប្រជាពលរដ្ឋមកពីបណ្តាភូមិ-ឃុំ​ ក្នុងស្រុកក្រគរ ដែលមានបញ្ហាទំនាស់ដីធ្លី កន្លែងផ្សេងៗគ្នា ជាយូរឆ្នាំមកហើយ ចំនួន៤៤ករណី​ ត្រូវបានលោក ម៉ៅ ធនិន អភិបាលខេត្ត​ពោធិ៍សាត់​ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជំនាញ​ និងអាជ្ញាធរស្រុក ឃុំ-ភូមិ បានធ្វើការសម្របសម្រួល ដោះស្រាយជាលក្ខណៈ​គ្រួសារ ក្រៅប្រព័ន្ធតុលាការ​ ស្របតាមយុទ្ធសាស្ត្រ​ឈ្នះ-ឈ្នះ​ ដើម្បីឈ្នះទាំងអស់គ្មា​ គឺគ្មានអ្នកចាញ់។

ដំណោះស្រាយទំនាស់ ដែលបានធ្វើឡើងកាលពីថ្ងៃទី១៨​ ខែកញ្ញា​ ឆ្នាំ២០១៨ នៅ​សាលប្រជុំសាលា​ស្រុកក្រគរ​ ​លោក ម៉ៅ ធនិន បានថ្លែងថា បញ្ហាទំនាស់ដីធ្លី តែងតែកើតមានគ្រប់ទីកន្លែង។ លោកថា ទោះជាយ៉ាងនេះក៏ដោយ ក្នុងនាមរដ្ឋបាលខេត្ត​ និងជាប្រធានគណៈកម្មការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត បានចុះទៅធ្វើការសម្របសម្រួល ដោះស្រាយករណីវិវាទទាំងនោះបានជាបន្តបន្ទាប់​ ដូចជានាពេលថ្មីៗ នៅស្រុកវាលវែង​ ក៏មានបញ្ហាទំនាស់ដីធ្លី មានចំនួន៤០ករណី ត្រូវបានសម្របសម្រួល និងដោះស្រាយជូនប្រជាពលរដ្ឋ​ ទទួលបានជោគជ័យ។

បើតាមលោកអភិបាលខេត្ត នៅស្រុកក្រគរ​ ក៏កើតមានបញ្ហាទំនាស់ដីធ្លី​ មានរហូតដល់៤៤ករណី ក្នុងនោះទំនាស់ដីធ្លីប្រជាពលរដ្ឋជាមួយក្រុមហ៊ុនភាពីម៉ិច​ ចំនួន​១០​ករណី​,​ ទំនាស់ដីធ្លីប្រជាពលរដ្ឋជាមួយប្រជាពលរដ្ឋ​ ចំនួន​១៨​ករណី,​ និងទំនាស់ដីកម្មសិទ្ធិរវាងប្រជាពលរដ្ឋ​ ចំនួន១៦ករណី។ នៅរាល់ករណីវិវាទទំនាស់ទាំងនោះ​ ត្រូវបានលោក សូមឲ្យប្រជាពលរដ្ឋ​ និងភាគីពាក់ព័ន្ធ ព្រមទាំងតំណាងក្រុមហ៊ុននីមួយៗ រាយការណ៍ស្រាយបំភ្លឺ​ អំពីបញ្ហាវិវាទទាំងនោះ​ ដើម្បីឲ្យរដ្ឋបាលខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋាន ទទួលបានព័ត៌មាន និងរបាយការណ៍មួយមានភាពជាក់លាក់ ច្បាស់លាស់ត្រឹមត្រូវជាមុន​ ទើបធ្វើការសម្របសម្រួល​ ដោះស្រាយទៅតាមនីតិវិធី។

លោកអភិបាលខេត្ត បានថ្លែងថា មានតែការជជែក ពិភាក្សាផ្លាស់ប្តូរ​ និងធ្វើការសម្របសម្រួល​ យោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមកទេ​ ទើបបញ្ហាទាំងអស់នោះត្រូវបញ្ចប់ តែបើប្រជាពលរដ្ឋ​ និងភាគីម្ខាងទៀត​ នៅតែប្រកាន់ជំហររឹងទទឹងដាក់គ្នា​ និងព្យាយាមស្វែងរកផ្លូវតុលាការនោះ​ នឹងត្រូវខាតពេលវេលា​ និងថវិកា ប្រឈមទៅនឹងភាពក្រីក្រជាក់ជាមិនខានឡើយ។ លោកបានថ្លែងទៀតថា អ្នកយកដីគេត្រូវឲ្យគេវិញ អ្នកខ្ចីលុយគេត្រូវសងគេវិញ កុំចង់យករបស់គេធ្វើអ្នកមាន បើអត់ត្រូវសុំគេ​ កុំលោភលន់ ចង់បានទ្រព្យរបស់គេ វាមិនត្រឹមត្រូវនោះឡើយ។

លោក ម៉ៅ ធនិន បានសង្កត់ធ្ងន់ថា​ ពលរដ្ឋម្នាក់ៗ​ ត្រូវមានការយោគយល់អធ្យាស្រ័យ សន្តោសប្រណីជួយគ្នាទៅវិញទៅមក ទើបល្អប្រសើរ​ ព្រោះជាមហាគ្រួសារតែមួយ រស់នៅក្រោមដំបូលតែមួយ។

ផ្អែកតាមយុទ្ធសាស្ត្រ​ឈ្នះ-ឈ្នះ​ នៃការដោះស្រាយដ៏មានប្រសិទ្ធិភាព​ ប្រជាពលរដ្ឋដែលជាភាគីទំនាស់ទាំងសងខាង បានពេញចិត្តទទួលយក​ ព្រមទាំងផ្តិតមេដៃលើកំណត់ហេតុ​ បញ្ចប់ទំនាស់ដីធ្លីទាំង៤៤ករណី និង​បានដីកម្មសិទ្ធិ អាចយកទៅប្រើប្រាស់ទៅតាមតម្រូវការ​ ដើម្បីបង្កើនជីវភាពគ្រួសារឲ្យកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា​ ឆ្លៀតឱកាស​មុនចុះសម្របសម្រួល​ លោក​ ម៉ៅ​ ធនិន​ ​បានជួបសំណេះសំណាល​ សួរសុខទុក្ខ​ ប្រជាពលរដ្ឋ​ ដែលមកទទួលសេវាសុខភាព​ នៅមន្ទីរពេទ្យបង្អែកស្រុកក្រគរ​ ដែលមានអ្នកជំងឺទូទៅ១២នាក់,​ របួសម្នាក់,​ កុមារ៨នាក់​ និងឆ្លងទន្លេ៣នាក់ ព្រមទាំងចែកជូនវត្ថុកំដរដៃ​ រួមមានសារុង​ និងថវិកាមួយចំនួន​ ដល់អ្នកជំងឺ​ និងបុគ្គលពេទ្យផងដែរ៕