(ភ្នំពេញ)៖ ក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង (CDX) បានប្រារព្ធគម្រប់ខួប២ឆ្នាំរបស់ខ្លួន ដោយបានប្រមូលផ្ដុំអ្នកវិនិយោគិន និងអ្នកជំនាញលើពិភពលោកជាច្រើន មកចូលរួមក្នុងកម្មវិធីឈ្មោះថា «អាណាចក្រនៃអច្ឆរិយជន» ដែលបង្ហាញពីដំណើរដ៏អស្ចារ្យ របស់ខ្លួនក្នុងរយៈប៉ុន្មានឆ្នាំ ដែលឈានជើងចូលទីផ្សារ។
កម្មវិធី «អាណាចក្រនៃអច្ឆរិយជន» នេះបានប្រមូលផ្តុំវិនិយោគិន និងអ្នកជំនាញផ្នែកហិរញ្ញវត្ថុ ក៏ដូចជាតារាល្បីៗមកពី បណ្តាប្រទេសផ្សេងៗគ្នា នៅជុំវិញពិភពលោក។
កម្មវិធីនេះមានអ្នកវិនិយោគ មកពីបណ្ដាប្រទេសផ្សេងៗដូចជា៖ ចិន, អូស្ត្រាលី, បារាំង, វៀតណាម, ឥណ្ឌូណេស៊ី និងជប៉ុនជាដើម។ បរិយាកាសនេះ បានបង្កើតនូវទស្សនីយភាពមួយ ដែលបង្ហាញពីការតភ្ជាប់គ្នានៃផ្នែកផ្សេងៗនៃពិភពលោក និងឆ្លុះបញ្ចាំង ពីការធ្វើសមាហរណកម្ម និងកិច្ចសហប្រតិបត្តិការអន្តរជាតិកាន់តែខ្លាំងឡើង ដូចគ្នានឹងអ្វីដែលក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង កំពុងធ្វើ ដើម្បីបង្កើនដៃគូទាំងក្នុងស្រុក និងក្រៅស្រុក។
លោក Lawrence Kook អភិបាលនៃក្រុមហ៊ុន ខេមបូឌាន ដេរីវ៉េទីវ អ៊ិចឆេង បានជំរាបជូនដល់ភ្ញៀវកិត្តិយស ពីការរីកចម្រើនក្នុងការឈានជើងចូលទីផ្សារកម្ពុជា និងបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធិផលរបស់ក្រុមហ៊ុន លើទីផ្សារហិរញ្ញវត្ថុ ពិសេសទីផ្សារឧបករណ៍និស្សន្ទ។
លោកបានបន្ដទៀតថា ក្រុមហ៊ុនបានជម្នះបញ្ហាប្រឈម ហើយបានដឹកនាំទីផ្សារហិរញ្ញវត្ថុក្នុងស្រុក ទៅកាន់កម្រិតមួយ កាន់តែប្រសើរ។ លោករំពឹងថា វិស័យឧបករណ៍និស្សន្ទនៅកម្ពុជានឹងបន្តរីកចម្រើន ហើយនឹងបម្រើវិស័យជាច្រើន រួមទាំងវិស័យសេដ្ឋកិច្ច និងវិស័យអប់រំនាពេលខាងមុខ។
ក្នុងនោះក្រុមហ៊ុប CDX បានប្រគល់ពានរង្វាន់ផ្សេងៗគ្នា ដែលធ្វើឱ្យបុគ្គលិកឆ្នើមមានមោទភាព លើកិច្ចខិតខំប្រឹងប្រែងកន្លងមក និងប្តេជ្ញាចិត្តក្នុងការផ្តល់ជូនអ្វីថ្មីៗ បន្ថែមទៀតដល់ក្រុមហ៊ុន៕