(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស និងជាប្រធានក្រុមការងារសិក្សាស្រាវជ្រាវសាងសង់វិមានឈ្នះ-ឈ្នះ បានថ្លែងប្រាប់ដល់នាយទាហាននៅអគ្គបញ្ជាការដ្ឋានកងទ័ពថា វិមានឈ្នះឈ្នះ គឺជាសំណង់រំលេចនូវប្រវត្តិសាស្រ្ត សន្តិភាពទាំងអស់របស់កម្ពុជា ជាពិសេសក្រោយដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត របស់សមមិត្ត ហ៊ុន សែន និងសមមិត្តរួមដំណើរផ្សេងទៀត។
ថ្លែងនៅក្នុងកម្មវិធីវគ្គបណ្តុះបណ្តាលមគ្គុទេសក៏ជំនាន់ទី១ ដល់នាយទាហានជាងមួយរយនាក់នៅអគ្គបញ្ជាការដ្ឋានកងទ័ព នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ នាយឧត្តមសេនីយ៍ណឹម សុវត្ថិ បានបញ្ជាក់ថា ស្តូបវិមានឈ្នះ-ឈ្នះនេះ គឺជាសំណង់មិនធម្មតានោះឡើយ ហើយវានឹងបង្ហាញ នូវជីវប្រវត្តិតស៊ូ ដ៏ស្វិតស្វាញជាច្រើនរបស់រាជរដ្ឋាភិបាលបច្ចុប្បន្ន និងប្រវត្តិសាស្រ្តដាក់នូវគោលនយោបាយឈ្នះ-ឈ្នះក្នុងរយៈពេល២០ឆ្នាំមកនេះ។
នាយឧត្តមសេនីយ៍បានបញ្ជាក់ថា «វិមានឈ្នះ-ឈ្នះនេះ នឹងដាក់តាំងនូវប្រវត្តិសាស្រ្តគ្រប់បែបយ៉ាង ដែលធ្វើឱ្យកម្ពុជា មានសុខសន្តិភាព រហូតដល់សព្វថ្ងៃនេះ។ វិមាននេះ ក៏នឹងបង្ហាញនូវប្រវត្តិសាស្រ្តសម្រាប់ក្មេងៗ ជំនាន់ក្រោយ ឱ្យបានយល់ដឹងអំពីដំណើរការពិតប្រាកដ នៃគោលនយោបាយឈ្នះឈ្នះ ដែលរាជរដ្ឋាភិបាលដាក់ចេញកាលពីឆ្នាំ១៩៩៨ផងដែរ»។
សូមជម្រាបថា វិមានឈ្នះ-ឈ្នះ គឺបានចាប់ផ្តើមសាងសង់ឡើងកាលពីខែកុម្ភៈ ឆ្នាំ២០១៦កន្លង ទៅដោយទំហំដីប្រាំបីហិកតា ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ ថវិកាដែលយកមកសាងសង់នូវវិមាននេះ គឺជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាល ពុំមានការទាក់ទងនឹងថវិការដ្ឋនោះឡើយ។ វិមាននេះ គឺជាសញ្ញានិមិត្តរូបនៃសុខសន្តិភាពកម្ពុជា ហើយគ្រោងនឹងសម្ពោធជាផ្លូវនៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ ចំនឹងថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា ប្រារព្ធពិធីខួប២០ឆ្នាំ នៃគោលនយោបាយឈ្នះ-ឈ្នះ (ឆ្នាំ១៩៩៨-ឆ្នាំ២០១៨) ផងដែរ។
ការសាងសង់វិមានឈ្នះ-ឈ្នះនេះ គឺដើម្បីរំលឹកដល់គុណូបការៈ របស់បុព្វបុរសខ្មែរគ្រប់សម័យកាលដែលបានលះបង់ជីវិត ក្នុងបុព្វហេតុជាតិមាតុភូមិ ។ ម្យ៉ាងទៀត វិមាននេះ ក៏ជានិមិត្តរូបនៃសុខសន្តិភាព ដែលកម្ពុជាទទួលបានក្រោយពីបញ្ចប់សង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ ជាច្រើនទសវត្សរ៍កន្លងមក។ ជាងនេះទៀត វិមាននឹងក្លាយជាកេរមរតក សម្រាប់កូនចៅជំនាន់ក្រោយផងដែរ៕