(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា បានបង្ហាញនូវសុទិដ្ឋិនិយមថា ប្រសិនបើសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែបន្តកើនឡើងខ្លាំងដូចបច្ចុប្បន្ន ដែលមានអត្រាប្រចាំឆ្នាំ ៧ភាគរយនោះ នៅចប់អាណត្តិទី៦ (៥ឆ្នាំទៀត) ចំណូលប្រចាំឆ្នាំជាមធ្យមរបស់ប្រជាជនម្នាក់ៗ នឹងកើតដល់ជាង២ពាន់ដុល្លារ ខណៈបច្ចុប្បន្ននេះចំណូលរបស់ប្រជាជនម្នាក់ៗមាន១៥៦០ដុល្លារ។
ការលើកឡើងបែបនេះរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងឱកាសម្ដេចបានអញ្ជើញ ចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។
សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា បញ្ជាក់ទៀតថា ថ្មីៗនេះ តាមការព្យាការណ៍របស់អង្គភាព ស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ានបូក៣ (ASEAN+3 Macroeconomic Research Office «AMRO») បានឲ្យដឹងថា ឆ្នាំ២០១៨នេះ បើទោះបីជាកម្ពុជាត្រូវរៀបចំការបោះឆ្នោតក្តី ក៏កំណើនសេដ្ឋកិច្ចកម្ពុជា បន្ដកើនឡើងដល់៧.២% ដែលកើនឡើងសពីឆ្នាំ២០១៧ ដែលត្រឹមតែ៧.១ភាគរយ។
សម្ដេចតេជោបានថ្លែងបន្ដទៀតថា «កាលពីឆ្នាំទៅមិញ កម្ពុជាបានសម្រេកំណើនសេដ្ឋកិច្ច ៧% ហើយក្នុងច្បាប់ថវិកាឆ្នាំ២០១៨នេះ យើងកំណត់ក្របខណ្ឌម៉ាក្រូសេដ្ឋកិច្ចត្រឹមតែ៧% និងអត្រាអតិផលរណាក្រោម៣.៥% ប៉ុន្ដែអង្គភាពអាស៊ានបូក៣ វាយតម្លៃថា កំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងកើនដល់៧.២% ជាមួយអត្រាអតិផរណាត្រឹមតែ ៣.១%តែប៉ុណ្ណោះ»។
សម្ដេចតេជោបន្ដទៀតថា «ស្ថានភាពនេះ ជាស្ថានភាពល្អប្រសើរមួយ សម្រាប់សេដ្ឋកិច្ចកម្ពុជា, តែទោះបីយ៉ាងណាយើងនៅតែខិតខំ ពីអាណត្តិមួយទៅអាណត្តិមួយ ពីឆ្នាំមួយទៅឆ្នាំមួយ ដើម្បីធ្វើយ៉ាងណាជំរុញកំណើនសេដ្ឋកិច្ចឲ្យកើនខ្ពស់។ ខ្ញុំរំពឹងថា ចប់អាណត្តិទី៦នេះ ប្រាក់ចំណូលរបស់ប្រជាជនកម្ពុជា នឹងកើនឡើងជាង២ពាន់ដុល្លារសហរដ្ឋអាមេរិកក្នុងម្នាក់ៗ ខណៈបច្ចុប្បន្នកម្ពុជា កំពុងស្ថិតក្នុងប្រទេសដែលមានប្រាក់ចំណូល១,៥៦០ដុល្លារសហរដ្ឋអាមេរិក ដូច្នេះបើយោងតាមកំណើន៧% ថេរចំនួនរយៈពេល៥ឆ្នាំ យើងនឹងមានប្រាក់ចំណូលសម្រាប់ប្រជាពលរដ្ឋ ជាង២ពាន់ដុល្លារសហរដ្ឋអាមេរិក»។
សម្ដេចបានថ្លែងបន្ដទៀតថា ពីមុនប្រជាជនមានត្រឹមតែរាប់សិបដុល្លារតែប៉ុណ្ណោះ បន្ទាប់មកទៀតរាប់រយដុល្លារ ឥឡូវបានទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតទាប។ នៅឆ្នាំ២០៣០ កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ ដែលនេះជាការដាក់ចេញគោលដៅសម្រាប់រយៈពេលមធ្យម ហើយគោលដៅរយៈពេលវែង គឺឆ្នាំ២០៥០ ដែលនឹងក្លាយទៅជាប្រទេស ដែលមានប្រាក់ចំណូលខ្ពស់៕