(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងកម្មករ-កម្មការិនីជាប់ជានិច្ចនោះ បានស្នើយ៉ាងទទូចដល់ម្ចាស់ ឬនិយោជករោងចក្រ សហគ្រាស និងគ្រឹះស្ថានការងារទាំងឡាយ ដែលមិនទាន់មានកន្លែងទទួលទានអាហារ សម្រាប់កម្មករ និយោជិត ក្នុងរោងចក្ររបស់ខ្លួន គប្បីម្នីម្នារៀបចំកន្លែងដ៏ចាំបាច់នេះឱ្យបានសមរម្យ ដើម្បីឱ្យបរិយាកាសការងារកាន់តែល្អប្រសើរ និងចូលរួមកាត់បន្ថយការចំណាយរបស់កម្មករផងដែរ។
ការអំពាវនាវយ៉ាងដូច្នេះ ត្រូវបានធ្វើឡើងក្នុងឱកាសដែល សម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ដែលកិច្ចសំណេះសំណាលនេះ ធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី។
ដោយមើលឃើញពីតម្រូវការចាំបាច់របស់កម្មករនិយោជិត នៅពេលទទួលទានអាហារថ្ងៃត្រង់ម្ដងៗ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវភ្លាមដល់ថៅកែរោងចក្រ ធ្វើយ៉ាងណារៀបចំឱ្យមានកន្លែង ទទួលទានអាហារឱ្យបានសមរម្យ សម្រាប់កម្មករ-កម្មការិនីរបស់ខ្លួន ក្នុងការទទួលទានអាហារពេលថ្ងៃត្រង់។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «គ្រប់រោងចក្រចាំបាច់ត្រូវមានគិលានដ្ឋាន ក្រៅពីនោះត្រូវមានកន្លែងទទួលទានអាហារឱ្យបានសមរម្យ ខ្ញុំគិតថានៅទីក្រុងភ្នំពេញអាចជួបការលំបាកខ្លះចំពោះទីកន្លែង ក៏ប៉ុន្តែរោងចក្រនៅក្រៅមិនឱ្យមានការលំបាកចំពោះទីកន្លែង នៃការទទួលទានអាហាររបស់កម្មករ-កម្មការិនី»។
សម្ដេចក៏បានលើកឡើងដែរថា កាលពីពេលកន្លងទៅ មានរោងចក្រ សហគ្រាសប្រមាណជាង៨៣% បានរៀបចំឱ្យមានគិលានដ្ឋានសម្រាប់កម្មកររបស់ខ្លួនរួចហើយ ប៉ុន្តែចំពោះរោងចក្រ សហគ្រាសដែលមិនទាន់មានគិលានដ្ឋាននេះ ក៏សូមរៀបចំឱ្យមានឱ្យបានឆាប់ ពិសេសកន្លែងទទួលទានអាហារ ក៏ជាតម្រូវការចាំបាច់សម្រាប់កម្មករ-កម្មការិនីនៅកម្ពុជាផងដែរ ពីព្រោះនេះគឺជាផ្នែកមួយ នៃការយកចិត្តទុកដាក់ទៅលើសុខមាលភាពរបស់កម្មករ-កម្មការិនី។
ទន្ទឹមនឹងការអំពាវនាវទៅកាន់ម្ចាស់ ឬនិយោជករោងចក្រនោះ ប្រមុខដឹកនាំរាជរដ្ឋាភិបាល ក៏បានអំពាវនាវដល់កម្មករ-កម្មការិនីនានាផងដែរ គឺត្រូវបង្កើនសមត្ថភាពការងាររបស់ខ្លួន ក្នុងការបម្រើការងារក្នុងរោងចក្រនីមួយៗ ដើម្បីបង្កើនផលិតភាពក្នុងការផលិត។
ការអំពាវចំពោះកម្មករនិយោជិតយ៉ាងដូច្នេះ គឺធ្វើឡើងស្របពេលមានការត្អូញត្អែរពីសំណាក់និយោជក ចំពោះបញ្ហាផលិតភាពការងារ ខណៈដែលប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ចេះតែមានការកើនឡើងរៀងរាល់ឆ្នាំ។
ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ភាគីថៅកែរោងចក្រ និងកម្មករ-កម្មការិនី ត្រូវរួមគ្នារក្សាបរិយាកាសការងារ នៅតាមរោងចក្រឱ្យកាន់តែល្អប្រសើរ ដើម្បីបង្កើនផលិតភាព បង្កើនការនាំចេញ និងដើម្បីវឌ្ឍនភាពក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ព្រមទាំងវិស័យពាក់ព័ន្ធផងដែរ៕