(ភ្នំពេញ)៖ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានអំពាវនាវដល់ម្ចាស់ ឬនិយោជក រោងចក្រ សហគ្រាស គ្រឹះស្ថានការងារទាំងអស់ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ត្រូវរួសរាន់មកចុះបញ្ជិកាជាមួយបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ដើម្បីឱ្យកម្មករ-កម្មការិនី និងបុគ្គលិកការងាររបស់ខ្លួន ទទួលបាននូវអត្ថប្រយោជន៍នានា ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ការប្រកាសសាជាថ្មីយ៉ាងដូច្នេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រសហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ ក្នុងភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី នាថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា រាជរដ្ឋាភិបាលបានប៉ាន់ស្មានថា នឹងចាយថវិកាប្រមាណ១០លានដុល្លារ សម្រាប់ឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ និងសម្រាលកូនក្នុងមួយឆ្នាំៗ។ ប៉ុន្តែកន្លងមក រាជរដ្ឋាភិបាលចំណាយថវិកាត្រឹមតែ១៧ពាន់លានរៀល ស្មើនឹងជាង៤លានដុល្លារប៉ុណ្ណោះ ក្នុងការឧបត្ថម្ភដល់កម្មការិនីមានផ្ទៃពោះ និងសម្រាលកូនចំនួន ៤២,០០០នាក់ ដែលមានកូនរហូតទៅដល់ ៤៣,០០០នាក់ (កម្មការិនីមួយចំនួនមានកូនភ្លោះ)។
ត្រង់ចំណុចនេះ មានន័យថា ថវិកាដែលត្រូវចាយ ១០លានដុល្លារនោះ គឺចាយមិនអស់ ដោយសម្ដេចតេជោ បានឱ្យដឹងថា មូលហេតុដែលចាយមិនអស់ គឺដោយសារសហគ្រាសមួយចំនួនមិនទាន់បានចុះបញ្ជីជាមួយ ប.ស.ស ពីព្រោះមានតែការចុះបញ្ជី ប.ស.ស ប៉ុណ្ណោះទេ ដែលធ្វើឱ្យកម្មករ-កម្មការិនី និងបុគ្គលិកដែលបម្រើការក្នុងគ្រឹះស្ថានទាំងនោះ ទទួលបានថវិកាឧបត្ថម្ភពីរាជរដ្ឋាភិបាល។
ដោយកត់សម្គាល់ឃើញយ៉ាងដូច្នេះហើយ ទើបបានជា សម្ដេចតេជោនាយករដ្ឋមន្ត្រី បន្តអំពាវនាវជាថ្មីដល់ម្ចាស់ ឬនិយោជករោងចក្រ សហគ្រាស គ្រឹះស្ថានការងារនានា ឱ្យមកចុះបញ្ជិកាជាមួយ ប.ស.ស ដើម្បីឱ្យកម្មករ-កម្មការិនី និងបុគ្គលិករបស់ខ្លួន ទទួលបាននូវអត្ថប្រយោជន៍ខាងលើនោះ។
សម្ដេចបានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអំពាវនាវដល់ក្រុមហ៊ុន និងសហគ្រាសនានា មកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម ដើម្បីឱ្យកម្មការិនីដែលមានផ្ទៃពោះ ដែលត្រូវសម្រាលកូន ទទួលបាននូវអត្ថប្រយោជន៍ពីរាជរដ្ឋាភិបាល ក្នុងនោះកម្មករ-កម្មការិនីទាំងអស់ ទទួលបាននូវការព្យាបាលដោយឥតបង់ថ្លៃ ការទទួលបាននូវសេវាដទៃទៀត រាប់ទាំងសេវាជិះរថយន្តក្រុងដែលមិនត្រូវបង់ប្រាក់ ហើយក៏សូមអំពាវនាវចំពោះសេដ្ឋកិច្ចក្រៅប្រព័ន្ធ ប្រញាប់ប្រញាល់មកចុះបញ្ជីជាមួយបេឡាជាតិរបបសន្តិសុខសង្គម»។
សម្ដេចបានបញ្ជាក់ទៀតថា នៅឆ្នាំ២០១៩ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមអនុវត្តគោលនយោបាយគាំពារចំពោះស្ត្រីក្រីក្រទាំងឡាយដែលមានផ្ទៃពោះ ដោយពួកគេនឹងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលដល់ទៅ ១៩០ដុល្លារអាមេរិកក្នុងមួយខែៗ គិតចាប់ពីពេលមានផ្ទៃពោះ រហូតដល់ឆ្លងទន្លេ និងរហូតដល់កូនមានអាយុ២ឆ្នាំ ដែលនេះជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នៅក្នុងគោលនយោបាយគាំពារសង្គម ហើយក៏ជាគោលនយោបាយកាត់បន្ថយអត្រាស្លាប់របស់មាតា និងទារក និងបង្កើនអាហារូបត្ថម្ភសម្រាប់កុមារផងដែរ។
ទោះជាយ៉ាងណា សម្ដេចតេជោ ហ៊ុន សែន ដែលជានាយករដ្ឋមន្ត្រីដ៏ប៉ិនប្រសព្វក្នុងការដឹកនាំ និងទទួលបានការគោរពស្រលាញ់ពីប្រជាពលរដ្ឋនៅគ្រប់ទិសទីមួយរូបនោះ ក៏បានអំពាវនាវដល់ភាគីពាក់ព័ន្ធ រួមនឹងប្រជាពលរដ្ឋផងដែរ សូមចូលរួមអនុវត្តគោលនយោបាយទាំងនេះទាំងអស់គ្នា ពីព្រោះរាជរដ្ឋាភិបាលម្នាក់ឯងមិនអាចធ្វើការងារនេះ ឱ្យទទួលបានលទ្ធផលល្អប្រសើរបានទេ៕