(ស្វាយរៀង)៖ លោក ផឹង និល ប្រធានសាខាកាំត្រូលខេត្តស្វាយរៀង ដឹកនាំមន្ត្រីក្រោមឱវាទ ចុះពិនិត្យទំនិញគ្រប់មុខ នៅច្រកកំពង់ស្ពាន សង្កាត់បាវិត ក្រុងបាវិត ដើម្បីរកសារធាតុគីមី ដាក់ក្នុងមុខទំនិញ តែពុំបាន រកឃើញសារធាតុគីមីនោះទេ។ ការចុះពិនិត្យទំនិញនេះ បានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ស្ថិតក្នុងសង្កាត់បាវិត ក្រុងបាវិត។
ថ្លែងប្រាប់ភ្នាក់ងារ Fresh News លោក ផឹង និល បានឲ្យដឹងថា ការចុះពិនិត្យមុខទំនិញនៅថ្ងៃនេះ ក្នុងបំណងធានាបាន «សុវត្ថិភាពម្ហូបអាហារ» ព្រោះវាមានសារសំខាន់ចាំបាច់ណាស់ ក្នុងសង្គម និងជីវភាពប្រចាំថ្ងៃការ ទទួលខុសត្រូវលើសុវត្ថិភាពម្ហូបអាហារ គឺជាការទទួលខុសត្រូវរួមគ្នា ទាំងស្ថាប័នជំនាញ ទាំងអ្នកនាំចូល អ្នកផលិត អ្នកចែកចាយ និងយើងទាំងអស់គ្នា ជាអ្នកប្រើប្រាស់ផងដែរ ព្រោះសុខភាពគឺជាកត្តាចំបង នៃភាពរស់រាននៃជីវិត។
លោក ផឹង និល បានបញ្ជាក់ថា ការចុះពិនិត្យនៅវេលាទៀបភ្លឺនៅថ្ងៃនេះ មន្ត្រីជំនិញបានធ្វើការពិនិត្យមុខទំនិញប្រមាណជិត៣០មុខ ដោយបានផ្តោតសំខាន់ទៅលើបន្លែផ្លែឈើ ត្រីសាច់ គ្រឿងឧបភោគបរិភោគប្រចាំថ្ងៃ ក្នុងនោះ មន្ត្រីរបស់យើងពុំបានរកឃើញសារធាតុគីមី ដាក់នៅក្នុងទំនិញទាំងនោះទេ។
ប្រធានសាខារូបនេះ ក៏បានអំពាវដល់ប្រជាពលរដ្ឋទាំងអស់ នៅខេត្តស្វាយរៀង សូមមានការប្រយ័ត្នចំពោះការបរិភោគចំណីអាហារ ត្រូវពិនិត្យមើលស្លាកសញ្ញា ការបរិច្ឆេទឲ្យបានច្បាស់លាស់ មុននឹងទិញយកទៅបរិភោគ ត្រូវចូលរួមលើកកម្ពស់សុខមាលភាពទាំងអស់គ្នា ហើយមន្ត្រីកាំកុងត្រូល និងបន្តចុះតាមច្រករបៀង ព្រមទាំងពិនិត្យទំនិញ នៅតាមផ្សារនានា នៅក្នុងខេត្តស្វាយរៀង ឲ្យបានដូចភ្លៀងរលឹម៕