(ភ្នំពេញ)៖ ចាងហ្វាងផលិតកម្ម «មហាហង្ស» លោក អ៊ិន សុភិន បានថ្លែងជាចំហរយ៉ាងមុតមាំថា ភាពយន្តបែបកំប្លុកកំប្លែង តែបង្កប់ដោយការអប់រំ ដែលជារសជាតិថ្មីមួយទៀត សម្រាប់ទស្សនិកជន មានចំណងជើងថា «ណូលីណូឡា» នឹងត្រៀមបង្ហាញវត្តមានចូលរួមប្រកួតប្រជែង ក្នុងមហោស្រពភាពយន្តថ្នាក់អន្តរជាតិ នៅចុងឆ្នាំ២០១៨ ខាងមុខនេះ ខណៈដែលផលិតកម្មមហាហង្ស បាននាំយកភាពយន្តជាច្រើនរឿងរួចមកហើយ ដើម្បីធ្វើការប្រកួតប្រជែងជារៀងរាល់ឆ្នាំ ហើយទទួលបានជោគជ័យ ជាបន្តបន្ទាប់។
ការថ្លែងបែបនេះ របស់លោក អ៊ិន សុភិន ចាងហ្វាងផលិតកម្ម មហាហង្ស ត្រូវបានធ្វើឡើងក្នុងឱកាស ដែលលោកបានអញ្ជើញបើកសម្ពោធ ចាក់បញ្ចាំងជាផ្លូវការនូវភាពយន្តរឿង «ណូលីណូឡា» នៅរោងភាពយន្ត Legend gaden បឹងកក់ នាល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ដោយក្នុងនោះក៏មានការអញ្ជើញចូលរួម ពីសំណាក់មន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ផលិតករ, តារាសម្ដែង ព្រមទាំងទស្សនិកជន ជាច្រើននាក់ផងដែរ។
ចាងហ្វាងផលិតកម្ម មហាហង្ស រូបនេះ បានថ្លែងបន្តថា រឿង «ណូលីណូឡា» បង្កប់នូវការអប់រំខុសពីរឿងមុនៗ ជាពិសេសការទូន្មាន ឲ្យតួអង្គស្រីចេះរៀបចំខ្លួនទន់ភ្លន់ ចេះសំពះ ចេះធ្វើបុណ្យ និងសំខាន់ជាងគេ គឺចង់អប់រំឲ្យចេះស្រឡាញ់គ្នា នៅក្នុងរង្វង់គ្រួសារតែមួយ។ ក្រៅពីបានមើលកម្សាន្តហើយ គឺមានតម្លៃសម្រាប់ការអប់រំ និងវប្បធម៌យ៉ាងសម្បូរបែប។ ភាពយន្តនេះ ក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្ត ប្រាសាទបាយ័ន ផ្ទះបែបខ្មែរបុរាណ និងពីសិល្បៈនៃការកែច្នៃ ដោយលោករំពឹងថា បើខ្សែភាពយន្តនេះបានបង្ហាញខ្លួន នៅក្នុងមហោស្រពភាពយន្ត អន្តរជាតិទៀតផងនោះ គឺនឹងធ្វើឲ្យពិភពលោកកាន់តែស្គាល់ ពីប្រទេសកម្ពុជាខ្លាំងឡើង មួយកម្រិតទៀត។
ចំណែកអ្នកនិពន្ធសាច់រឿង «ណូលីណូឡា» កញ្ញា ម៉ៅ ចាន់រស្មី បានអះអាងថា នៅក្នុងសាច់រឿងមួយនេះ នាងមិនមែនផ្ដោតតែលើការកម្សាន្តឲ្យសប្បាយ នៅពេលទស្សនាប៉ុណ្ណោះទេ ប៉ុន្តែនាងមានគោលបំណងចង់បង្កប់ខ្លឹមសារអប់រំ និងចង់ទាញផ្នត់គំនិតរបស់អ្នកទស្សនាឲ្យស្គាល់ពីតម្លៃវប្បធម៌ និងតំបន់ទេសចរណ៍នានា នៅខេត្តសៀមរាបផងដែរ ទើបរឿងទាំងមូលត្រូវចំណាយពេលថតច្រើន នៅខេត្តសៀមរាប ជាពិសេសគឺតំបន់ប្រាសាទ និងកន្លែងសិប្បកម្មកែច្នៃរបស់អ្នកស្រុក ដើម្បីឲ្យត្រូវនឹងសាច់រឿង ដែលនាងតាក់តែង។
នាងរំពឹងយ៉ាងខ្លាំងថា អ្នកទស្សនាភាពយន្តរឿង «ណូលីណូឡា» នឹងទទួលបានខ្លឹមសារដែលនាងបានដៅទុក ខណៈដែលក្រោយការផលិត គឺនាងរឹតតែពេញចិត្តចំពោះប្លង់ សំឡេង និងការសម្ដែងរបស់តួអង្គនីមួយៗ ដោយនាងយល់ថា ស្នាដៃដែលខ្លួនបាននិពន្ធ នឹងមានការគាំទ្រខ្លាំងក្លា។
គួរបញ្ជាក់ថា ភាពយន្តរឿង «ណូលីណូឡា» មានការចូលរួមសម្ដែងដោយតារាល្បីៗមានដូចជា កញ្ញា ឌុច លីដា, អ្នកនាង ភិន សុដាលីស, លោក សាន់នី, លោក ភិម តារាវិបុល, នាងខ្ញុង, នាយពែកមី និងតារាល្បី២ជាច្រើនដួងទៀត។ វណ្ណកម្មភាពយន្តថ្មី របស់ផលិតកម្មមហាហង្ស មានទស្សនីយភាពបែបកំប្លែង និងអប់រំ មានចំណងជើងថា «ណូលីណូឡា» នឹងដាក់លក់សំបុត្រ ចាប់ពីថ្ងៃទី ២០ កញ្ញានេះតទៅហើយ៕