(ភ្នំពេញ)៖ កីឡាការិនីស្នូកឃ័រ និងប៊ីយ៉ាឆ្នើមរបស់កម្ពុជា ស្រួង ភាវី បានកក់កៅអីវគ្គ ៨នាក់ចុងក្រោយ (វគ្គ ១/៤) នៃការប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក 3-Cushion - World Championship Ladies លើកទី៨ នៅប្រទេសទួកគីហើយ បន្ទាប់ពីបានយកឈ្នះកីឡាការិនីជើងខ្លាំងជប៉ុន និងអាល្លឺម៉ង់ ក្នុងវគ្គជម្រុះពូល A កាលពីល្ងាចមិញ។
ការប្រកួតនេះបែងចែកជា ៤ពូល ហើយក្នុងមួយពូលមាន ៤នាក់ ខណៈកីឡាការិនីជម្រើសជាតិកម្ពុជា ស្រួង ភាវី ស្ថិតក្នុងពូលA ជាមួយគូប្រជែង ៣ប្រទេស រួមមានជប៉ុន អាល្លឺម៉ង់ និងដាណឺម៉ាក ។ ប៉ុន្ដែឆ្លងកាត់ ២ប្រកួតបើកឆាក ភាវី ធ្វើបានយ៉ាងល្អ ដោយទទួលបានជ័យជម្នះផ្ទួនៗ ក្នុងនោះប្រកួតទី១ ភាវី ឈ្នះកីឡាការិនីជប៉ុន Orie HIDA ដោយលទ្ធផល ២៥-២៤ពិន្ទុ និងប្រកួតទី២ យកឈ្នះកីឡាការិនីអាល្លឺម៉ង់ Steffi DASKE ដោយលទ្ធផល ២៥-១១ពិន្ទុ ។
តាមរយៈជ័យជម្នះខាងលើ បានធ្វើឲ្យកីឡាការិនីតំណាងកម្ពុជារូបនេះ កក់កៅអីវគ្គ ១/៤ ផ្ដាច់ព្រ័ត្រតែម្ដង ទោះបីនាងសល់ ១ប្រកួតក្នុងដៃ ដែលត្រូវជួបកីឡាការិនីដាណឺម៉ាក Jeanette JENSEN ក៏ដោយ ។ នេះបើតាមការឲ្យដឹងពីសាមីខ្លួនផ្ទាល់ ហើយកីឡាការិនីឆ្នើម ស្រួង ភាវី ក៏បានសម្ដែងនូវការសប្បាយចិត្តផងដែរ ព្រោះនាងកំពុងព្យាយាម ដើម្បីឈានទៅម្រេចគោលដៅដណ្ដើមមេដាយជូនជាតិ ពិសេសគឺការលើកទង់ជាតិកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ធំនេះ ។
សូមបញ្ជាក់ថា នេះគឺជាលើកទី១ ហើយ ដែលកីឡាការិនី ស្រួង ភាវី បានចូលរួមប្រកួតកីឡាប៊ីយ៉ាជ្រើសរើសជើងឯកពិភពលោក ក្នុងនាមកីឡាការិនីជម្រើសជាតិកម្ពុជា បន្ទាប់ពីកម្ពុជា បានបង្កើតឲ្យមានសហព័ន្ធកីឡាឃ្នូកឃ័រ និងប៊ីយ៉ាផ្លូវការកាលពីពេលថ្មីៗ ។ ប៉ុន្ដែនេះមិនមែនជាលើកទី១ ដែលនាងបានចូលរួមក្នុងព្រឹត្តិការណ៍នេះឡើយ ពោលគឺ ភាវី ក៏ធ្លាប់ដណ្ដើមបានជើងឯករងម្ដងរួចមកហើយ កាលពីឆ្នាំ២០១៥ ក្នុងការប្រកួតជើងឯកពិភពលោក នៅអាមេរិក ក៏ដូចជាការដណ្ដើមជើងឯកពានរង្វាន់អន្ដរជាតិផ្សេងៗជាច្រើនទៀត៕