(ភ្នំពេញ)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា ខ្លួនរីករាយនឹងធ្វើការងារជាមួយកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជា និងអាមេរិក កាន់តែស៊ីជម្រៅ។
ការអះអាងរបស់លោកប្រធានាធិបតីអាមេរិក បានធ្វើឡើងនៅចំពោះមុខឯកអគ្គរាជទូតខ្មែរប្រចាំសហរដ្ឋអាមេរិក លោក ជុំ សុន្ទរី ក្នុងពេលអញ្ជើញប្រគល់សារតាំងបំពេញបេសកកម្មការងារជាឯកអគ្គរាជទូតនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក បានគូសបញ្ជាក់ថា ក្នុងឱកាសនោះ លោកប្រធានាធិបតីអាមេរិក បានលើកឡើងថា ការបំពេញបេសកកម្មការងាររបស់លោក ជុំ សុន្ទរី មានសារៈសំខាន់នៅក្នុងកម្រិតជាច្រើន ដែលមានអត្ថន័យបញ្ជាក់ពីទំនាក់ទំនង ដែលត្រូវបានស្តារឡើងវិញក្នុងរយៈពេលជាង ២៥ឆ្នាំបន្ទាប់ពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស។
លោក ដូណាល់ ត្រាំ ក៏បង្ហាញពីការស្ញប់ស្ញែង និងភ្ញាក់ផ្អើលចំពោះវឌ្ឍនភាពលើផ្នែកសេដ្ឋកិច្ចរបស់កម្ពុជាដែលសម្រេចបាននាពេលកន្លងទៅ ក៏ដូចបច្ចុប្បន្នផងដែរ។
សេចក្តីប្រកាសព័ត៌មាននេះ បានដកស្រង់សម្តីលោក ដូណាល់ ត្រាំ មកបញ្ជាក់យ៉ាងដូច្នេះ «កិច្ចអភិវឌ្ឍសេដ្ឋកិច្ចដែលប្រទេសរបស់ឯកឧត្តមសម្រេចបានក្នុងពេលនេះ គឺគួរឲ្យភ្ញាក់ផ្អើលណាស់ ហើយសហរដ្ឋអាមេរិកមានមោទនភាព ដែលជាដៃគូនៅក្នុងកិច្ចអភិវឌ្ឍនេះ»។
លោក ត្រាំ បានបន្ថែមថា «យើងដឹងថា កម្ពុជាមានសក្តានុពលសម្រាប់កិច្ចអភិវឌ្ឍធំធេងជាងនេះនៅក្នុងអាគត ហើយយើងមានក្តីរីករាយធ្វើការជាមួយគ្នានៅចំពោះមុខការប្រឈម និងកាលានុវត្តភាពជាច្រើនអនេក។ យើងមានការរំពឹងថា នឹងមានការរីកចម្រើនក្នុងពាណិជ្ជកម្មសេរី និងត្រឹមត្រូវ សន្តិសុខតំបន់ ហើយនិងអភិបាលកិច្ច ប្រកបដោយការទទួលខុសត្រូវ និងប្រជាធិបតេយ្យ ហើយនឹងខិតខំ ដើម្បីពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកសុខាភិបាលទូទៅ»។
លោកប្រធានាធិបតីអាមេរិក ក៏បានបញ្ជាក់ពីជំហរក្នុងការធ្វើការងារឲ្យកាន់តែប្រសើរជាមួយឯកអគ្គរាជទូតកម្ពុជា ដើម្បីធ្វើឲ្យទំនាក់ទំនងកម្ពុជា និងអាមេរិកកាន់តែស៊ីជម្រៅថែមទៀតផងដែរ។ លោកប្រធានាធិបតីបានបញ្ជាក់យ៉ាងដូច្នេះ«ខ្ញុំរីករាយនឹងធ្វើការជាមួយឯកឧត្តម ដើម្បីជំរុញរបៀវារៈរួមរបស់យើង ហើយនឹងធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស៊ីជម្រៅថែមទៀត»។
ក្នុងឱកាសប្រគល់សារតាំងនោះ លោក ជុំ សុន្ទរី ក៏បានគូសបញ្ជាក់ប្រាប់ប្រធានាធិបតីអាមេរិក ពីសមិទ្ធផលមួយចំនួនដែលកម្ពុជាសម្រេចបានលើកិច្ចអភិវឌ្ឍសេដ្ឋកិច្ច-សង្គមក្នុងរយៈពេលពីរទសវត្សរ៍កន្លងមកនេះ បន្ទាប់ពីកម្ពុជាទទួលបាននូវសុខសន្តិភាព និងស្ថេរភាពទាំងស្រុងក្នុងទសវត្សរ៍ឆ្នាំ៩០។
លោកឯកអគ្គរាជទូតបានបន្ថែមថា ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគី និងជំនួយអភិវឌ្ឍរបស់អាមេរិក បានរួមចំណែកដ៏សំខាន់ក្នុងការរីកលូតលាស់របស់កម្ពុជា។
លោក ជុំ សុន្ទរី ក៏បានបង្ហាញសុឆន្ទៈរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងអាមេរិក ដើម្បីជាផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជននៃប្រទេសទាំងពីរផងដែរ៕