(សេអ៊ូល, កូរ៉េខាងត្បូង)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានស្នើវិទ្យាស្ថានបច្ចេកវិទ្យាសំណង់របស់កូរ៉េខាងត្បូង ហៅកាត់ថា (KICT) ពន្លឿនការសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកវិទ្យាផ្នែកសំណង់នេះនៅកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សំណើរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានធ្វើឡើងក្នុងពេលរូបលោកអញ្ជើញបំពេញទស្សនកិច្ចនៅវិទ្យាស្ថានបច្ចេកវិទ្យាសំណង់កូរ៉េ នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ។
លោក Sung Heon Han ប្រធានវិទ្យាស្ថាន KICT បានណែនាំគណៈប្រតិភូឲ្យស្គាល់បច្ចេកវិទ្យាសំណង់ធំៗរបស់កូរ៉េ ប្រព័ន្ធលើកកម្ពស់សុវត្ថិភាពសំណង់ និងចរាចរណ៍ និងប្រព័ន្ធគ្រប់គ្រងសម្ភារៈការដ្ឋាន។
ជាមួយគ្នានេះផងដែរ KICT បានចែករំលែកពង្រាងផែនការគាំទ្រការបង្កើត «វិទ្យាស្ថានបច្ចេកវិទ្យាសំណង់កម្ពុជា-កូរ៉េ(C-KICT)»។ C-KICT នេះនឹងដើរតួនាទីជាមូលដ្ឋានគ្រឹះសម្រាប់ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្នុងការធានាឲ្យបាននូវស្ដង់ដារគុណភាពនៃសំណង់នៅកម្ពុជា។
លោកទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីបញ្ហាប្រឈមនាពេលបច្ចុប្បន្នពាក់ព័ន្ធការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់របស់កម្ពុជាផងដែរ។ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា គ្រោះថ្នាក់ចរាចរនាពេលបច្ចុប្បន្នដែលបង្កឡើងដោយកត្តាមនុស្ស និងចំណុចខ្មៅ បានសម្លាប់មនុស្សប្រមាណ ៥នាក់ និងបង្ករបួសស្នាមពី២០ ទៅ៥០នាក់ក្នុងមួយថ្ងៃ។
ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានកត់សម្គាល់ថា កម្ពុជាចាំបាច់ត្រូវធ្វើឲ្យប្រសើរឡើងនូវស្តង់ដារនៃការស្ថាបនាផ្លូវថ្នល់ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរ និងរក្សាគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឲ្យមានភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរ។
លោកទេសរដ្ឋមន្ត្រី បានបន្ថែមថា បច្ចេកវិទ្យាជួសជុលផ្លូវថ្នល់មានសារៈសំខាន់ណាស់ ដោយសារតំបន់ភាគខាងត្បូងនៃប្រទេសដូចជា ខេត្តកំពត ខេត្តកែប ក្រុងព្រះសីហនុ និងខេត្តកោះកុង មានភ្លៀងធ្លាក់ជោគជាំនៅរដូវវស្សា។
លោកទេសរដ្ឋមន្រ្តីបានសំណូមពរឲ្យ KICT ពន្លឿនការបង្កើតវិទ្យាស្ថាន C-KICT ក្នុងរយៈពេល២ឆ្នាំ ឬឆាប់ៗតាមដែលអាចធ្វើទៅបាន។
KICT គឺជាវិទ្យាស្ថានរបស់រដ្ឋាភិបាលកូរ៉េ មានជំនាញឯកទេសខាងការស្រាវជ្រាវ និងវិស្វកម្មសំណង់។ KICT មានបុគ្គលិកជំនាញថ្នាក់បណ្ឌិតជាង ៩០០នាក់ ដែលមានជំនាញផ្សេងៗគ្នាទាក់ទងនឹងការសាងសង់។
KICT បានបង្កើតស្តង់ដារសំណង់កូរ៉េសម័យទំនើប និងបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជានៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៦៕