(ភ្នំពេញ)៖ ទោះបីកញ្ញា ថន រតនា បានទទួលលទ្ធផលដ៏ល្អប្រសើរប្រលងជាប់មធ្យមសិក្សាទុតិយភូមិជាប់និទ្ទេស A ជាមួយលំដាប់ពិន្ទុខ្ពស់ជាងគេយ៉ាងណាក្តី តែបញ្ហាជីវភាពដែលមានឪពុកត្រឹមជាអ្នករត់ម៉ូតូឌុបនោះ កំពុងក្លាយជារណាំងរារាំងការសម្រេចបំណងប្រាថ្នារបស់កញ្ញាចង់ក្លាយជាគ្រូពេទ្យ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News កញ្ញា ថន រតនា បានឲ្យដឹងថា បំណងប្រាថ្នាសម្រាប់សិក្សាថ្នាក់ឧត្តមសិក្សានោះ គឺមុខវិជ្ជាពេទ្យ និងស្ថាបត្យកម្ម។ សម្រាប់ការសិក្សាស្ថាបត្យកម្មអាចនឹងមានឧបសគ្គបន្តិចបន្តួចប៉ុណ្ណោះ ប៉ុន្តែសម្រាប់ការសិក្សាមុខវិជ្ជាពេទ្យគឺប្រឈមឧបសគ្គធំ ព្រោះក្រុមគ្រួសារមិនមានលទ្ធភាពសម្រាប់ការចំណាយលើថ្លៃសិក្សា និងការចំណាយលើសម្ភារៈសិក្សាផ្សេងៗ ដែលចំណាយខ្ទង់ប្រមាណ ២ពាន់ដុល្លារក្នុងមួយឆ្នាំនោះ។
កញ្ញា រតនា បានឲ្យដឹងផងដែរថា រហូតមកដល់ពេលនេះមិនទាន់មានសម្បុរសជនណាម្នាក់បានចេញមកសម្រេចបំណងប្រាថ្នានេះនៅឡើយនោះទេ។ ក្តីរំពឹងចុងក្រោយរបស់កញ្ញា និងឪពុក គឺសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។
ទាំងកញ្ញា ថន រតនា និងឪពុក បានលើកដៃសំពះសូមសម្តេចតេជោ ហ៊ុន សែន ជួយឧបត្ថម្ភថវិកាទ្រទ្រង់ដល់ការសិក្សានេះសម្រេចបំណងប្រាថ្នាតាំងពីតូច ដែលចង់ក្លាយជាគ្រូពេទ្យ ដើម្បីជួយលើកកម្ពស់វិស័យសុខាភិបាល និងលើកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរឲ្យបានកាន់តែប្រសើរ៕