(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់ថា ប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា នឹងទទួលបានភាពជោគជ័យ ជូនប្រទេសជាតិ ក្រោយត្រឡប់មកពីកម្មវិធី «នាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុន SSEAYP លើកទី៤៥» នៅប្រទេសជប៉ុន ប៊្រុយណេ ហ្វីលីពីន ថៃ និងវៀតណាមវិញ។
ការបង្ហាញនូវក្ដីសង្ឃឹម និងជឿជាក់បែបនេះ បានធ្វើឡើងក្នុងឱកាសដែល លោក វេង សាខុន អនុញ្ញាតឲ្យប្រតិភូយុវជន ដឹកនាំដោយ លោក ស៊្រាង គឹមលី ប្រធានសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ចូលជួបសម្តែងការគួរសម និងស្នើសុំអនុសាសន៍ និងពុទ្ធិគ្រប់ជ្រុងជ្រោយ មុនពេលចេញទៅចូលរួមកម្មវិធីខាងលើ។ កម្មវិធីនេះ មានរយៈពេល៥២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ខែតុលា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៨ ខាងមុខនេះ។
តាមការរាយការណ៍ របស់លោក ស៊្រាន គឹមលី បានឲ្យដឹងថា សមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា ត្រូវបានបង្កើតឡើង ដោយមហាសន្និបាតធម្មនុញ្ញ កាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០០៤ ក្នុងគោលបំណង បណ្តុះបណ្តាលយុវជនប្រកបដោយចំណេះដឹង បទពិសោធន៍ ស្មារតី និងលក្ខណៈសម្បត្តិសមស្រប ជាតំណាងយុវជនកម្ពុជា ដើម្បីចូលរួមក្នុងកម្មវិធី SSEAYP។
កម្មវិធី SSEAYP ត្រូវបានរៀបចំឡើងដោយរដ្ឋាភិបាលជប៉ុន រួមជាមួយនឹងការគាំទ្រយ៉ាងសកម្ម និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ពីសំណាក់សមាជិកអាស៊ាន ទាំង១០ប្រទេស ដើម្បីពង្រឹង និងពង្រីកចំណងមិត្តភាព សាមគ្គីភាព និងការយោគយល់គ្នា រវាងយុវជនជប៉ុន និងយុវជនអាស៊ានទាំង ១០ប្រទេស។
ជាមួយគ្នានោះដែរ ពង្រីកចំណេះដឹង និងទស្សនវិស័យរបស់យុវជន អំពីពិភពលោករបស់ខ្លួន។ បង្កើនស្មារតី និងជំនាញច្បាស់លាស់ របស់យុវជនក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ បណ្តុះភាពជាអ្នកដឹកនាំដល់យុវជន ក្នុងការអភិវឌ្ឍយុវជន និងសង្គមជាតិ។ ជាក់ស្ដែង រហូតមកដល់បច្ចុប្បន្នសមាគម មានសមាជិក សរុបចំនួន ៥៦៩នាក់ ដែលបានចូលរួមជាមួយកម្មវិធី SSEAYP ដ៏មានអត្ថប្រយោជន៍នេះ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងសារទរចំពោះយុវជនទាំង២៩រូប ដែលត្រូវបានជ្រើសតាំង ជាតំណាងយុវជនកម្ពុជាក្នុងកម្មវិធី SSEAYP លើកទី៤៥។
លោករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍មួយចំនួន ជូនដល់ប្រតិភូយុវជនមានជាអាទិ៍៖
១៖ បន្តខិតខំប្រឹងប្រែងសិក្សា ស្រាវជ្រាវ និងបំពេញនូវភាពខ្វះខាត ព្រោះអនាគតនៅវែងឆ្ងាយ និងជាពិសេសស្របពេល ដែលប្រទេសជាតិមានសុខសន្តិភាព និងស្ថេរភាពពេញលេញ ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់ប្រមុខរាជរដ្ឋាភិបាល។
២៖ បង្កើនស្មារតីទទួលខុសត្រូវ និងយកចិត្តទុកដាក់ ក្នុងការផ្តិតយករូបភាព ក៏ដូចជាតថភាពអភិវឌ្ឍន៍សំខាន់ៗ របស់ប្រទេសដ៏ទៃ ដើម្បីយកមកសិក្សា ស្វែងយល់ និងអនុវត្តនាពេលត្រឡប់មកមាតុប្រទេសវិញ។
៣៖ ត្រូវប្រមូលយកបទពិសោធន៍ល្អៗ និងបច្ចេកវិទ្យាថ្មីទំនើប ដែលជាប្រយោជន៍ដល់ការពង្រឹង និងពង្រីកសមត្ថភាព។
៤៖ ត្រូវចេះផ្សាភ្ជាប់ និងសិក្សាស្វែងយល់ អំពីដំណើរការវិវត្តន៍នៃការអភិវឌ្ឍនៃប្រទេសនីមួយៗ ដើម្បីយកមកជួយដល់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយប្រទេសជាតិ ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នាឆ្នាំ២០៣០។
៥៖ បន្តលើកកម្ពស់វប្បធម៌ និងប្រពៃណីខ្មែរ នៅលើឆាកអន្តរជាតិ ស័ក្តិសមជាកុលបុត្រខ្មែរ។
ទន្ទឹមនឹងនេះ លោករដ្ឋមន្ត្រីសង្ឃឹម និងជឿជាក់ថា ប្រតិភូយុវជននឹងទទួលបានភាពជោគជ័យ ជូនប្រទេសជាតិគួរជាទីមោទនៈ ហើយលោករដ្ឋមន្ត្រី ក៏បានជូនពរដល់ប្រតិភូយុវជនទាំង២៩រូប ក្នុងការធ្វើដំណើរប្រកប ដោយសុខសុវត្ថិភាពពេញលេញ៕