(ភ្នំពេញ)៖ សាកលវិទ្យាល័យកម្ពុជា បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាជាមួយសាកលវិទ្យាល័យការពារជាតិ ដើម្បីធ្វើការសហការ និងកិច្ចសហប្រតិបត្តិការ លើកកម្ពស់ការសហការ កិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ និងការស្រាវជ្រាវ ព្រមទាំងការផ្លាស់ប្តូរគណៈគ្រប់គ្រង បុគ្គលិក គណៈសាស្ត្រាចារ្យ និងនិស្សិតរវាងសាកលវិទ្យាល័យទាំងពីរ។

ពិធីចុះអនុស្សារណៈយោគយល់នេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រោមវត្តមានបណ្ឌិត កៅ គឹមហួន ស្ថាបនិក និងជាសាកលវិទ្យាល័យកម្ពុជា និងនាយឧត្តមសេនីយ៍បណ្ឌិត ជា តារា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែន និងជាសាកលវិទ្យាធិការ នៃសាកលវិទ្យាល័យការពារជាតិ នៅសាលសន្និសីទនៃសាកលវិទ្យាល័យកម្ពុជា។

កាចុះ MoUនេះ ភាគីទាំងពីរបានព្រមព្រាងគ្នាធ្វើការសហការ និងកិច្ចសហប្រតិបត្តិការ និងលើកកម្ពស់ការ សហការ និងកិច្ចសហប្រតិបត្តិការផ្នែកសិក្សាធិការ និងការស្រាវជ្រាវព្រមទាំងការផ្លាស់ប្តូរគណៈគ្រប់គ្រង បុគ្គលិក គណៈសាស្ត្រាចារ្យ និងនិស្សិតរវាងសាកលវិទ្យាល័យទាំងពីរ ដូចខាងក្រោម៖

១៖ ផ្លាស់ប្តូរនិស្សិត (ទាំងកម្រិតបរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រ)។
២៖ ផ្លាស់ប្តូរគណៈសាស្ត្រាចារ្យក្នុងទម្រង់ជាទស្សនកិច្ចសិក្សា ស្រាវជ្រាវ ការបង្រៀន សិក្ខាសាលា ដែលពាក់ព័ន្ធនឹងវិស័យសិក្សាធិការ។
៣៖ ផ្លាស់ប្តូរព័ត៌មានអំពីកម្មវិធីសិក្សា មុខវិជ្ជា សម្ភាររូបវន្ត និងកម្មវិធីផ្សេងៗ ដែលពាក់ព័ន្ធនឹងការ លើកកម្ពស់ការស្រាវជ្រាវ ការសិក្សា សិក្ខាសាលា និងសន្និសីទជាដើម។
៤៖ សហការគ្នាលើការផ្តួចផ្តើមការស្រាវជ្រាវ និងការស្រាវជ្រាវរួមគ្នាដែលចូលរួមពីដៃគូជាតិ និង អន្តរជាតិព្រមទាំងកម្មវិធីមូលនិធិអន្តរជាតិគាំទ្រដល់ការស្រាវជ្រាវ។
៥៖ ទទួលស្គាល់គុណវុឌ្ឍិនៃការបណ្តុះបណ្តាល រួមទាំងការផ្ទេរក្រេឌីត (ដោយផ្អែកលើគោល ការណ៍ផ្ទេរក្រេឌីតនៃសាកលវិទ្យាល័យសាមី ឬ តាមរយៈអនុស្សារណៈអំពីការផ្ទេរក្រេឌីតដាច់ ដោយឡែក)។
៦៖ សហការផ្នែកបណ្ណាល័យ។
៧៖ សហការគ្នាលើការបណ្តុះបណ្តាលលើកកម្អស់សមត្ថភាពគណៈគ្រប់គ្រង គណៈសាស្ត្រាចារ្យ និងបុគ្គលិក
៨៖ សហការការអនុវត្តគម្រោងអភិវឌ្ឍន៍ជាតិតាមរយៈការចូលរួមពីគណៈគ្រប់គ្រង គណៈសាស្ត្រាចារ្យ និងបុគ្គលិកដែលមានគុណវុឌ្ឍិ និងបទពិសោធន៍។

ថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យទាំងពីរ បានប្តេជ្ញាអនុវត្តអនុស្សារណៈឱ្យមានប្រសិទ្ធភាព គាំទ្រគ្នាទៅវិញទៅមកបណ្តុះបណ្តាលធនធានមនុស្សប្រកប ដោយគុណភាព និងលើកកម្ពស់វិស័យអប់ នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបន្តចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកសាងធនធានមនុស្សកម្ពុជា ប្រកបដោយគុណភាព និងសមត្ថភាពខ្ពស់ ការថែរក្សានូវសន្តិភាព និងការអភិវឌ្ឍប្រទេសកម្ពុជា ឱ្យឆ្លើយតបនឹងយុទ្ធសាស្រ្តចតុកោណដំណាក់កាលទីបួន នៃការអភិវឌ្ឍជិតនៃរាជរដ្ឋាភិបាលអាណត្តិទី៦ នៃរដ្ឋសភា៕