(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA បានរួមគ្នាសម្រេចដាក់ឲ្យប្រើប្រាស់ សាកល្បងកម្មវិធី «ចំណេះដឹងហិរញ្ញវត្ថុ» តាមប្រព័ន្ធទូរស័ព្ទចល័ត។ ការដាក់ឲ្យប្រើប្រាស់នេះ ត្រូវបានស្ថាប័នទាំង២ ចុះអនុស្សរណៈយោគយល់ (MoU) នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨។
ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ត្រូវបានចាត់ទុកថា ជាមធ្យោបាយក្នុងការរក្សាតុល្យភាព រវាងបរិយាប័ន្នហិរញ្ញវត្ថុ និងស្ថិរភាពហិរញ្ញវត្ថុ។ ធនាគារជាតិនៃកម្ពុជា ជាអ្នកផ្ដួចផ្ដើមកម្មវិធីលើកកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុនៅកម្ពុជា និងតែងតែខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការលើកម្ពស់ចំណេះដឹង ផ្នែកហិរញ្ញវត្ថុដល់ប្រជាជនទូទៅ។
លោកស្រី ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេស ធនាគារជាតិនៃកម្ពុជាថ្លែងថា «ចំណេះដឹងផ្នែកហិរញ្ញវត្ថុ ជាកន្លឹះក្នុងការជំរុញបរិយាប័ន្នហិរញ្ញវត្ថុ និងការការពារអតិថិជនផ្នែកហិរញ្ញវត្ថុ ដែលបានចូលរួមចំណែកដល់ការជំរុញ កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាប័ន្ន។ ដូច្នេះការទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ មិនមែនជាជម្រើសទៀតទេ ប៉ុន្ដែជាតម្រូវការចាំបាច់បំផុត»។
លោកស្រីបន្ដទៀតថា គម្រោងនេះជាជំហានថ្មីមួយទៀត ដើម្បីឆ្ពោះទៅលើកកម្ពស់សិទ្ធិរបស់ប្រជាជន ក្នុងនាមអតិថិជនហិរញ្ញវត្ថុ នៅក្នុងសេដ្ឋកិច្ចដែលមានការអភិវឌ្ឍន៍ដ៏ឆាប់រហ័ស។ គម្រោងនេះអាចកើតឡើងបាន ដោយសារមានកិច្ចសហការ និងការគាំទ្រ ពីក្រុមហ៊ុន VISA។
លោកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រង VISA ប្រចាំកម្ពុជាឲ្យដឹងថា «ក្រុមហ៊ុន VISA មានមោទនភាពក្នុងការបន្ដសហការ ជាមួយធនាគារជាតិនៃកម្ពុជា ក្នុងការលើកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុនៅកម្ពុជា។ យោងតាមបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជាកើនដល់កម្រិត៧% នៅឆ្នាំ២០១៨-២០១៩ នេះបង្ហាញពីការអភិវឌ្ឍរឹងមាំនៃសេដ្ឋកិច្ច»។
លោកស្រីបន្ដទៀតថា ក្នុងពេលដែលប្រជាជនចូលរួម ក្នុងសេដ្ឋកិច្ចសាកលនេះ ចំណេះដឹងផ្នែកហិរញ្ញវត្ថុកាន់តែមានសារៈសំខាន់ ក្នុងការធ្វើឲ្យប្រជាជន អាចទាញយកផលប្រយោជន៍ ជាច្រើនពីការវិវឌ្ឍទាំងនេះ។
ធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA នឹងបន្តសហការគ្នាក្នុងយុទ្ធនាការ ដើម្បីលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ និងពង្រីក ការចូលរួមផ្សព្វផ្សាយ អំពីចំណេះដឹងផ្នែកហិរញ្ញវត្ថុ ទៅកាន់ប្រជាជនកម្ពុជាគ្រប់វ័យ។ ប្រភពនៃចំណេះដឹងផ្នែកហិរញ្ញវត្ថុ តាមប្រព័ន្ធឌីជីថល មានឈ្មោះថា NBC-Edu អាចទាញយកដោយឥតគិតថ្លៃតាមរយៈកម្មវិធី Google Play និង App Store។
សូមបញ្ជាក់ថា នេះមិនមែនជាលើកទី១ឡើយ ដែលធនាគារជាតិនៃកម្ពុជា និងក្រុមហ៊ុន VISA សហការគ្នាលើគម្រោង លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ។ កាលពីឆ្នាំ២០១៧ ក្រុមហ៊ុន VISA បានចូលរួមជាមួយធនាគារជាតិ ដោយបានគាំទ្រ ដល់ការបោះពុម្ភសៀវភៅអប់រំផ្នែកហិរញ្ញវត្ថុ «តោះ! និយាយពីលុយ» ចំនួន៣ម៉ឺនក្បាល និងបានចែកចាយនៅសាលារៀន ជាច្រើននៅទូទាំងប្រទេស តាមរយៈក្រសួងអប់រំ យុវជន និងកីឡា៕