(ភ្នំពេញ)៖ លោកកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធ ដាក់ឲ្យដំណើរការ «កញ្ចប់ហិរញ្ញប្បទាន ១៥០លានដុល្លារ សម្រាប់សហគ្រាសធុនតូច និងមធ្យម» ដែលត្រូវបានប្រារព្ធធ្វើឡើង ដោយមានការចូលរួមពីសំណាក់ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាតំណាងមកពីក្រសួង ស្ថាប័នរដ្ឋ វិស័យឯកជន ក៏ដូចជាបណ្តាក្រុមហ៊ុន សហគ្រាសនានា និងភ្ញៀវកិត្តិយសជាតិ អន្តរជាតិ ជាច្រើនកុះករ នារសៀលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នៅសាលបុរីកោះពេជ្រ។
ថ្លែងក្នុងពិធីនោះ លោកកិត្តិសេដ្ឋាបណ្ឌិត បានគូសបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកដំបូងរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៨ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានប្រកាសដាក់ឲ្យអនុវត្តនូវយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ដែលនៅក្នុងនោះ ផ្នែកចតុកោណទី២ បានចែងអំពី «ការធ្វើពិពិធកម្មសេដ្ឋកិច្ច» និងចតុកោណទី៣ ចែងអំពី «ការលើកស្ទួយវិស័យឯកជន និងការងារ» ដែលមានមុំប្រទាក់ក្រឡាគ្នា ជាបណ្តុំនៃក្របខណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ទាក់ទងនឹងការអភិវឌ្ឍប្រភព នៃកំណើនសេដ្ឋកិច្ចគន្លឹះ និងថ្មីៗ, ការជំរុញការអភិវឌ្ឍវិស័យហិរញ្ញវត្ថុ និងធនាគារ, ការលើកស្ទួយសហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនភាព និងពង្រឹងការប្រកួតប្រជែងជាដើម។
លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានថ្លែងបន្តថា នៅក្នុងបរិបទនេះ រាជរដ្ឋាភិបាលបានផ្តោតអាទិភាពទៅលើ៖
* ការបញ្ចប់ការរៀបចំ និងជំរុញការអនុវត្ត «គោលនយោបាយគាំទ្រសហគ្រាសធុនតូច និងមធ្យម» ឲ្យមានប្រសិទ្ធភាព។
* ការពង្រឹងការអនុវត្តយន្តការគាំទ្រ ដើម្បីជួយសម្រួលដល់ការចុះបញ្ជី, ការផ្តល់សេវាសម្របសម្រួល, ការផ្សព្វផ្សាយព័ត៌មានទីផ្សារឲ្យបានទូលំទូលាយ និងទាន់ពេលវេលា, ការផ្សព្វផ្សាយ និងការបញ្ជ្រាបបច្ចេកវិទ្យាថ្មី និងការបន្តខិតខំស្វែងរក និងជ្រៀតចូលទីផ្សារនាំចេញ សម្រាប់ផលិតផលកម្ពុជា។
* ការបង្កើត «ធនាគារសហគ្រាសធុនតូចនិងមធ្យម» ដើម្បីផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុនតូចនិងមធ្យម, ព្រមទាំងជំរុញការរៀបចំ និងអនុវត្តនូវជម្រើសហិរញ្ញប្បទាននានា
* ការជំរុញការលើកកម្ពស់គុណភាព ផលិតផលនៃសហគ្រាសធុនតូចនិងមធ្យម តាមរយៈការពង្រឹងអនុលោមភាពលក្ខខណ្ឌអនាម័យ និងភូតគាមអនាម័យ និងស្តង់ដារ ព្រមទាំងការលើកកម្ពស់នវានុវត្តន៍។
លោកបានបញ្ជាក់បន្ថែមថា លោកចាត់ទុកការសម្ពោធ «កញ្ចប់ហិរញ្ញប្បទាន១៥០លានដុល្លារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម» គឺជាពន្លកត្រួយ ដែលចាប់ផ្តើមលាស់ចេញយ៉ាងប្រត្យក្ស ចេញពីមែកធាងនៃយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ ឆ្លើយតបទាន់ពេលវេលានូវអ្វីដែលរាជរដ្ឋាភិបាល ក៏ដូចជាប្រជាពលរដ្ឋចង់បាន និងចង់ឃើញ។ ក្រសួងឧស្សាហកម្ម និងសិប្បកម្មពិតជាមានមោទនភាព និងសូមស្វាគមន៍អបអរសាទរ ចំពោះគម្រោងថ្មីនេះ ហើយរីករាយសហការស្អិតល្មួត ជាមួយធនាគារកាណាឌីយ៉ា ក៏ដូចជាក្រសួង ស្ថាប័ន វិស័យឯកជន និងផ្នែកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបាននូវគោលដៅជាយុទ្ធសាស្ត្រគឺ ការបន្តរក្សាកំណើនសេដ្ឋកិច្ច ក្នុងអាត្រាមធ្យមប្រចាំឆ្នាំរង្វង់ ៧% ប្រកបដោយចីរភាព និងធននឹងវិបត្តិ, បង្កើតការងារឱ្យបានច្រើនទាំងបរិមាណ និងគុណភាពសម្រាប់ប្រជាជនកម្ពុជា, ការសម្រេចកាត់បន្ថយអត្រាភាពក្រីក្រឱ្យស្ថិត នៅក្នុងអាត្រាទាបជាង ១០%។
សម្រាប់នីតិកាលទី៦នេះ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានកំណត់យកការអភិវឌ្ឍវិស័យ សហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម និងការផ្គត់ផ្គង់ទឹកស្អាត ធ្វើជាវិស័យអាទិភាពចម្បង ដោយក្នុងនេះ វិស័យសហគ្រាសធុនតូចនិងមធ្យម និងសិប្បកម្ម នឹងនៅតែបំពេញតួនាទីជាឆ្អឹងខ្នង ទ្រទ្រង់កំណើន សេដ្ឋកិច្ចជាតិ ជាមួយនិងវិសាលភាពទូលំទូលាយ គ្របដណ្តប់លើគ្រប់ភូមិសាស្ត្រទូទាំងប្រទេស បង្កើតបាននូវមុខរបរច្រើនស្កេកស្កះ និងបានផ្តល់ការងារដោយផ្ទាល់ ជូនប្រជាជនលើសពីមួយលាននាក់ ព្រមទាំងផ្តល់ ការងារដោយប្រយោលលើសពីចំនួននេះ ច្រើនទ្វេដងថែមទៀត។
លោកបានសម្តែងនូវអំណរគុណសាជាថ្មី និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើម ប្រកបដោយឆន្ទៈមុតស្រួច របស់ធនាគារកាណាឌីយ៉ា ជាពិសេស អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាល ធនាគារកាណាឌីយ៉ា ដែលបានបង្កើតចេញជារូបរាងឡើងនូវ «កញ្ចប់ហិរញ្ញប្បទាន១៥០លានដុល្លារ សម្រាប់សហគ្រាសធុនតូចនិងមធ្យម» នៅកម្ពុជា និងបានប្រកាសគាំទ្រយ៉ាង ពេញទំហឹងចំពោះកម្មវិធីនេះ។ រូបលោកផ្ទាល់ រួមនឹងថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏ដូចជាសហគ្រិននានា មានជំនឿប្រាកដក្នុងចិត្តថា កញ្ចប់ហិរញ្ញប្បទាននេះ នឹងក្លាយជាឧបករណ៍ដ៏សំខាន់មួយ ក្នុងការជួយជំរុញ លើកស្ទួយវិស័យសហគ្រាសធុនតូចនិងមធ្យម កាត់បន្ថយបាននូវបញ្ហាប្រឈម ចំពោះមុខខាងផ្នែកហិរញ្ញវត្ថុ នាំមកនូវការវិវត្តន៍រីកចម្រើនជាលំដាប់ថែមទៀត ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូរ រចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើ វិស័យឧស្សាហកម្ម និងសេវាកម្ម។
ទាំងផ្នែកឯកជន និងផ្នែករដ្ឋ យើងនឹងធ្វើដំណើរជាមួយគ្នា ដើម្បីប្រែក្លាយប្រទេសជាតិរបស់យើង ដែលជាប្រទេសមានចំណូលមធ្យមកម្រិតទាប ឲ្យឈានទៅជាប្រទេសមានចំណូលមធ្យមកម្រិត ខ្ពស់នៅឆ្នាំ២០៣០ តាមចក្ខុវិស័យ និងបន្ទាត់នយោបាយដ៏ត្រឹមត្រូវ ភ្លឺស្វាងរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលជាទីគោរពស្រឡាញ់ និងកក់ក្តៅ នៃប្រជាជាតិខ្មែរយើង៕