(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគមរោងចក្រកាត់ដេរកម្ពុជា នឹងរៀបចំកម្មវិធីប្រកួតប្រជែង ពាន់រង្វាន់បុគ្គលិល កម្មករ និយោជិតឆ្នើមប្រចាំឆ្នាំ២០១៨ នាថ្ងៃទី២៧-២៨ ខែតុលា ឆ្នាំ២០១៨ខាងមុខ។
កម្មវិធីនេះ នឹងអនុញ្ញាតឲ្យបណ្ដាក្រុមហ៊ុន សហគ្រាសទាំងអស់ចូលរួមដោយសេរី ដើម្បីប្រកួតប្រជែងដណ្តើមពានរង្វាន់ បុគ្គលិកកម្មករនិយោជិតឆ្នើមនេះ។ កម្មវិធីនេះនឹងចាប់ផ្តើមទទួលពាក្យចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៨។
សម្រាប់ក្រុមហ៊ុន រោងចក្រ សហគ្រាស មានបំណងចង់ចូលរួមសូមបញ្ជូនឈ្មោះ និងប្រវត្តិរូបសង្ខេប (CV) របស់បុគ្គលិក, កម្មករ, និយោជិត, របស់ខ្លួនមកកាន់ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឬសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដើម្បីចូលរួមប្រកួតប្រជែង។
លក្ខខណ្ឌនៃការប្រកួតប្រជែង បុគ្គលិក, កម្មករ, និយោជិតឆ្នើមត្រូវផ្តោតសំខាន់ លើប្រភេទមុខតំណែងចំនួន៥រួមមាន៖
១៖ អ្នកគ្រប់គ្រង, ២៖ មេការឬបុគ្គលិកជាន់ខ្ពស់, ៣៖ ប្រធានក្រុម, ៤៖ អ្នកដេរ ឬបុគ្គលិកការិយាល័យ, ៥៖ បុគ្គលិក និងកម្មករទូទៅ (អ្នកបើកឡាន អ្នកថែសួន អ្នកសំអាត...)។
សម្រាប់បេក្ខជន-បេក្ខនារី ឈ្នះនឹងទទួលបានជ័យលាភី វិញ្ញាបនបត្របុគ្គលិក កម្មករ និយោជិតឆ្នើម ពីក្រសួងការងាររួមមាន៖
១៖ ជ័យលាភីលេខ១ នឹងទទួលបានទឹកប្រាក់ ៣០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថាន CGTI។
២៖ ជ័យលាភីលេខ២ នឹងទទួលបានទឹកប្រាក់២០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានCGTI។
៣៖ ជ័យលាភីលេខ៣ នឹងទទួលបានទឹកប្រាក់១០០ដុល្លារ និងប័ណ្ណតម្លៃ២០០ដុល្លារ សម្រាប់វគ្គបណ្តុះបណ្តាល នៅវិទ្យាស្ថានCGTI។
សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនង មកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អាគារលេខ៣ មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោល រាជធានីភ្នំពេញ ឬតាមរយៈលេខទូរស័ព្ទ ០១៧ ៨០៨ ៩៨៧ / ០១៧ ៩៨៥ ៧៩៥ / ០១៥ ៨៨៨ ១៥៣៕